Huawei ក្លាយជាក្រុមហ៊ុនលក់ទូរសព្ទបានច្រើនជាងគេជាលើកដំបូង

  • 2020-06-16 01:22:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​នាំ​មុខ​ Samsung ក្លាយ​ជា​ក្រុមហ៊ុន​ដែល​អាច​លក់​ស្មាតហ្វូន​បាន​ច្រើន​ជាង​គេ​​ក្នុង​លោក​ ប្រចាំ​ខែ​មេសា ឆ្នាំ ២០២០។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មាន​កាន់​កាប់​ចំណែក​ទីផ្សារ​សកល ២១,៤% ខណៈ​ដែល Samsung កាន់​កាប់​ចំណែក ១៩,១%។ នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Counterpoint Research។

អនុប្រធាន​ផ្នែក​ស្រាវ​ជ្រាវ​នៃ​ Counterpoint Research បាន​លើក​ឡើង​ថា​ Huawei បាន​ផល​​​ប្រយោជន៍​ធំ​ពី​ទីផ្សារ​ប្រទេស​ចិន​ដែល​ខ្លួន​បាន​ពង្រឹង​ម៉ាក​យីហោ​របស់​ខ្លួន​តាំង​ពី​មាន​រឿង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក។ ជាង​នេះ​ទៅ​ទៀត​ ដោយ​សារ​តែ​ទីផ្សារ​ស្មាតហ្វូន​ចិន​វិល​ត្រឡប់​​មក​ស្ថានភាព​ដើម​វិញ ទាំង​តម្រូវ​ការ និង​ការ​ផ្គត់ផ្គង់ ទើប​ធ្វើ​ឲ្យ​ចំនួន​លក់​របស់ Huawei មាន​ការ​កើន​ឡើង​។

ក្នុង​​របាយការណ៍​មាន​បញ្ជាក់​ដែរ​ថា ទីផ្សារ​​សំខាន់ៗ​របស់ Samsung មាន​ដូច​ជា​ឥណ្ឌា អាមេរិក អាមេរិក​ឡាទីន និង​ផ្នែក​ខ្លះ​នៃ​តំបន់​អឺរ៉ុប​គឺ​សឹង​តែ​ធ្លាក់​ដល់​ចំណុច​​សូន្យ​នៅ​ក្នុង​ខែ​មេសា។ តំបន់​ទាំង​នេះ​គឺ​​​ស្ថិត​ក្រោម​ការ​អនុវត្ត​គម្លាត​សង្គម និង​ការ​បិទ​ខេត្ត​/ក្រុង​យ៉ាង​តឹងរ៉ឹង​នា​ខែ​មេសា ដែល​ធ្វើ​ឲ្យ​ចំនួន​លក់​ត្រកូល Galaxy S20 មាន​អត្រា​ទាប។

សរុប​ជា​រួម នៅ​ខែ​មេសា មាន​ស្មាតហ្វូន​ចំនួន ៦៩,៣៧លានគ្រឿង បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​សកល ដែល​វា​មាន​ការ​ធ្លាក់​ចុះ​រហូត​ដល់ ៤១% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន៕​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង