រឿងរ៉ាវ​នារី​បរទេស​​ ដែលស្រមៃ​ចង់ក្លាយជា​តារានៅកូរ៉េ តែត្រូវ​ធ្លាក់ខ្លួន​ជា​ទាសករ​ផ្លូវភេទ

  • 2020-06-18 03:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មានកម្សាន្តរ​បស់កូរ៉េ Koreaboo ធ្លាប់ផ្សាយថា ជា​រៀង​រាល់​ឆ្នាំ​ មាន​ជន​បរទេស​ប្រមាណ​ ៤៥០០​​នាក់​ ចូល​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​មួយ​ទិដ្ឋាការ​ការ​កម្សាន្ត (Entertainment Visa) និង​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា​​ចម្រៀង​​អាជីព​។ ប៉ុន្តែ​នារី​ចំនួន​ ៧០% ​​ដែល​មក​ជាមួយ​​​ទិដ្ឋាការ​នេះ​ បែរ​​​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​នៃ​ការរំលោភ​បំពាន​ផ្លូវ​ភេទ និង​ជា​ច្រើន​​នាក់​ទៀត​​ បាន​ធ្លាក់​ទៅ​ជា​ទាសករ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ។

​ទិដ្ឋាការ​ដ៏​ល្បី​ឈ្មោះ​មួយ​គឺ ​E-6 Entertainment Visa ​បាន​អនុញ្ញាត​ឲ្យ​ជន​បរទេស​ ដូច​ជា​ អ្នក​ចម្រៀង អ្នក​រាំ ​ដ៏​ដូច​ជា​អត្តពលិក​មក​ប្រទេស​កូរ៉េ​ ​​អាច​​ធ្វើ​ការ​ក្នុង​ក្លឹប សណ្ឋាគារ ​​និង​រង្គសាល។ ​

Tesse Aquino​ អាយុ​ ៣១​ឆ្នាំ​ ដែល​បាន​ចាកចេញ​ពី​ប្រទេស​ហ្វីលីពីន ​ដើម្បី​​​ចង់​បំពេញ​​​​ក្ដី​សុបិន​ក្លាយ​ជា​តារា​ចម្រៀង​​ បាន​ចែករំលែកបទពិសោធន៍​របស់ខ្លួន​​ថា​​ ​ពេល​​នាង​​​​មក​ដល់​ប្រទេស​កូរ៉េ​ដំបូង​​​​ នាង​​​ធ្វើ​ការ​នៅ​ក្លឹប​មួយ​កន្លែង​នៅ​ជិត​មូលដ្ឋាន​កងទ័ព​អាមេរិក។ ​នាង​គិត​ថា​​​នឹង​មាន​ការងារ​​ពេញ​ម៉ោង​ជា​អ្នក​ចម្រៀង​នៅ​ក្លឹប​នោះ ​​​​ប៉ុន្តែ​ចៅហ្វាយ​ថ្មី​របស់​នាង​ដែល​បុគ្គលិក​គ្រប់​គ្នា​ហៅ​​​​​​ថា​ “Papa” ​បាន​បង្ខំ​នាង​ស្លៀក​ពាក់​លេច​លើ​លេច​ក្រោម​ ​​​និងឲ្យ​នាង​​​​​​​ចេះ​​បញ្ចុះបញ្ចូល​​ភ្ញៀវ​ឲ្យ​​​ចំណាយ​​លុយ​​កាន់​តែ​ច្រើន​លើ​ការ​ផឹកស៊ី​។

រូបតំណាង (រូបភាពពី Nextshark

Aquino ​និង​មិត្ត​រួម​ការ​ងារ​ផ្សេង​ទៀត​​ ​ត្រូវ​​​​ធ្វើការ​ ១២​ម៉ោង​​​ក្នុង​មួយ​ថ្ងៃ ​និង​ស៊ូទ្រាំ​​នឹង​​រឿង​មិន​សប្បាយ​ចិត្ត​ជា​ច្រើន​នៅ​ពេល​នោះ។ ពួក​នាង​​ត្រូវ​ភ្ញៀវ​​លូកលាន់​​​​ដោយ​​គឃ្លើន ​ហើយ​ពួកគេ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់។​​ ​លើស​ពី​នេះ​ ​​​ប្រសិន​បើ​​​ពួក​នាង​​មិន​អាច​រក​ប្រាក់​បាន​ ៦៦០ ០០០​វ៉ុន (ប្រហែល​ ៥៩៧​ដុល្លារ) ​ប្រចាំ​​សប្ដាហ៍​​​តាម​ការ​កំណត់ ​ពួក​​នាង​ត្រូវ​​រង​ពិន័យ​ មានន័យ​ថា​ ​​​​​ត្រូវ​បង្ខំ​​​​​ចិត្ត​បម្រើ​ផ្លូវ​ភេទ​ជា​មួយ​ភ្ញៀវ​ខាង​ក្រៅ។​​

​នេះ​គ្រាន់​ជា​ករណី​មួយ​ក្នុង​ចំណោម​ច្រើន​ករណី​ ដែល​ជន​បរទេស​កាន់​វីហ្សា​កម្សាន្ត​ ត្រូវ​ធ្លាក់​ខ្លួន​ជា​ទាសករ​ផ្លូវភេទ​នៅ​កូរ៉េ។ ​ពួកគេ​ជាច្រើននាក់ បាប​ប្តឹង​អតីត​ថៅកែ​របស់​ពួកគេ​ដែល​បាន​កេងប្រវ័ញ្ច​នា​ពេល​កន្លង​មក។ យ៉ាងណាក្ដី មេធាវី​របស់​ក្រុម​នារី​រង​គ្រោះ​ទាំងនោះ ធ្លាប់​បាន​ឲ្យ​ដឹង​ថា ​ចំណាត់ការ​រំលោភបំពាន​មក​លើ​ពួកគេ​នៅ​ខ្សោយ​ ដោយសារ​ខាង​​មន្ត្រី​អន្តោប្រវេសន៍​កូរ៉េ​ចាត់​ទុក​ពួកគេ​ជា​​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ​ជាជាង​ជន​រងគ្រោះ​ដោយ​ការ​រំលោភបំពាន​ផ្លូវ​ភេទ។

តាម​ការ​ប៉ាន់​ប្រមាណ​​មនុស្ស​ប្រហែល​ជា​​​ ៩៣ ៧០០​នាក់​ កំពុង​ជាប់​​​​ក្នុង​ទាសភាព​សម័យ​ទំនើប​ ហើយ​កូរ៉េ​ស្ថិត​នៅ​លេខ​៤៩ ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ​​​​១៦៧​​ ​​នៅ​លើ​ពិភព​លោក​ដែល​ជួប​បញ្ហា​បែប​នេះ៕