ទីបំផុតដឹងតម្លៃទូរសព្ទ 5G ដំបូងរបស់ HTC

  • 2020-06-22 02:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន HTC បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ចំនួន​ពីរ ដែល​ក្នុង​នោះ​មាន​មួយ​ជា​ស្មាតហ្វូន 5G ដំបូង​របស់​ក្រុមហ៊ុន គឺ​ម៉ូដែល U20 5G។ នា​ពេល​នេះ​គេ​ដឹង​ថា​ U20 5G គឺ​មាន​លក់​តម្លៃ​​ប្រមាណ ៦៤០ដុល្លារ ជា​តម្លៃ​សម្រាប់​ទីផ្សារ​តៃវ៉ាន់ ដែល​បើក​ទទួល​កុម្ម៉ង់​នៅ​ថ្ងៃ​ទី ១ ខែ​កក្កដា។

តម្លៃ​ជិត ៧០០ដុល្លារ​នេះ ​ហាក់​​ដូច​ជា​ថ្លៃ​បន្តិច ​បើ​ប្រៀប​ធៀប​នឹង​ស្មាតហ្វូន​ដទៃ​ទៀត​ដែល​ប្រើ​ប្រាស់​ឈីប Snapdragon 765G ដូច​គ្នា។ HTC U20 5G គឺ​មាន​បំពាក់​បន្ទះ​ឈីប Snapdragon 765G ដែល​មាន​គាំទ្រ​នូវ​សេវា 5G មាន​គួប​ផ្សំ​ដោយ RAM ទំហំ ៨GB ជា​មួយ​អង្គ​ផ្ទុក​ទំហំ ២៥៦GB និង​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត microSD បាន​ទៀត​ផង។

អេក្រង់​របស់​វា​គឺ​ជា​ប្រភេទ LCD ទំហំ ៦,៨អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ ហើយ​មាន​ចោះ​រន្ធ​សម្រាប់​កាមេរ៉ា Selfie ទំហំ ៣២MP។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ ដែល​នៅ​ក្បែរ​កាមេរ៉ា​មេ​ទំហំ ៤៨MP, កាមេរ៉ា Ultrawide ទំហំ ៨MP និង​ Sensor ពីរ​ទៀត​ទំហំ ២MP សម្រាប់​ការ​ថត​ Macro និង​​សម្រាប់​វាស់​ជម្រៅ​រូបភាព។ ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​ថ្ម​ទំហំ ៥០០០ mAh ដែល​មាន​ល្បឿន​សាក ១៨វ៉ាត់ ហើយ​ដោយ​សារ​ថ្ម​ធំ​ទើប​ធ្វើ​ឲ្យ​វា​មាន​ទម្ងន់​ដល់​ទៅ ២១៥ក្រាម​ឯណោះ៕​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង