តាមដំណឹង តារាប្រុសស្រីល្បីៗ នឹងជួបគ្នានិយាយលើតុកាហ្វេពីរឿងមួយ គឺ "អ្នកទីបី"
- 2020-06-24 03:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមដំណឹង តារាប្រុសស្រីល្បីៗ នឹងជួបគ្នានិយាយលើតុកាហ្វេពីរឿងមួយ គឺ "អ្នកទីបី"
ចន្លោះមិនឃើញ
តាមព័ត៌មាន ទូរទស្សន៍ភីអិនអិន នឹងធ្វើកម្មវិធី "ជជែកតារា" ពុំធ្លាប់មានមួយ នៅថ្ងៃពុធនេះ ជុំវិញការផលិតភាពយន្តភាគជីវិតពិតដ៏ល្អពិសេស ក្នុងអត្ថន័យលើកកំពស់សីលធម៌រស់នៅ កែលម្អផ្នត់គំនិត និងផ្លាស់ប្តូរទស្សនៈអំពីស្នេហា មនោសញ្ចេតនា ក្នុងចំណោមយុវនារីនាពេលបច្ចុប្បន្ន។
នេះជាផ្នែកមួយនៃយុទ្ធការផ្សព្វផ្សាយសាច់រឿងទូរទស្សន៍ចំនួន៤០ភាគគត់ដែលមានចំណងជើងថា "អ្នកទីបី"។តារាល្បីៗរួមមាន កញ្ញា. ស៊ឹម ស្រីមុំ លោក. លឹម ជាឡាយ លោក ភុល សុវណ្ណដានី កញ្ញា. សាយ ចាន់រាសី កញ្ញា. សួង ស៊ីធឿន នឹងមានវត្តមាននៅក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ។
មានតែអ្នកសារព័ត៌មានដែលទទួលបានការអញ្ជើញប៉ុណ្ណោះដែលនឹងចូលរួមជាមួយយុទ្ធនាការដែលមានឈ្មោះថា «ជជែកតារា»ក្រោយប្រធានបទ ពី "អារម្មណ៍ពិត មកជាការសម្តែង"។ កញ្ញា ទូច បុប្ផាអ្នកគ្រប់គ្រងកម្មវិធីផ្សាយរបស់ទូរទស្សន៍ខាងលើ ក៏បានឱ្យដឹងថា នេះជារឿងភាគដែលសរសេរចេញពីជីវិតពិតក្នុងសង្គមជាក់ស្តែង ក៏ជារឿងដំបូងដែលវាយលុកចំៗទៅនឹងផ្នត់គំនិតរបស់យុវវ័យភ្លើតភ្លើនមួយចំនួនឱ្យមើលឃើញច្បាស់អំពី លទ្ធផលនៃការធ្វេសប្រហែស មាក់ងាយស្ថានការណ៍និងការទុកចិត្តខ្លួនជ្រុលពេក ជាហេតុបណ្តាលឱ្យអំពើអនាចារនានាមករួមរឹតជីវិតបាន បង្កជាកំហុសពិបាកបកក្រោយ។
កញ្ញាបន្ថែមថា ភាពយន្តភាគ រឿង "អ្នកទីបី" ក្រៅតែពីលាតត្រដាងអំពី ស្ថានភាពផុយស្រួយនៃតួនាទី និងកិត្តិនាមក្នុងវិស័យសិល្បៈទំនើប ថែមទាំងបង្ហាញអំពីចរិតលក្ខណៈនៃបុគ្គល(តួអង្គ)ម្នាក់ៗដែលនឹងធ្វើឱ្យជីវិតខ្លួនត្រូវលិចលង់ ឬថ្កុំថ្កើងបាន ព្រោះតែការជ្រើសរើសគោលដៅជីវិតរៀងៗខ្លួន។
ងាកមកកញ្ញា ស៊ឹម ស្រីមុំ តារាសម្តែងដ៏មានរូបឆោមលោមពណ៌ត្រូវបានជ្រើសរើសមកជាតួអង្គឯកក្នុងភាពយន្តភាគដែលនឹងចាក់ផ្សាយចេញក្នុងពេលឆាប់ៗខាងមុខនេះ។ នេះជាសេណារីយ៉ូស្នាដៃរបស់អ្នកនិពន្ធ ឆាយ សុមាលី ដែលមានទឹកដៃល្អ និងល្បីឈ្មោះផ្នែកខ្សែរឿងទូរទស្សន៍ជាច្រើនមកហើយ និងត្រូវបានដឹកនាំផលិតដោយលោក លៀក លីណា ដឹកនាំរឿងដោយលោក អៀ ស៊ីណា និងលោកមង្គល។
នេះជាសមិទ្ធផលថ្មីទៀតរបស់ ទូរទស្សន៍ភីអិនអិន ខណៈកន្លងមកទូរទស្សន៍ក្នុងស្រុកមួយនេះ បានផលិតភាពយន្តខ្មែរបានជាច្រើនរឿងណាស់មកហើយ ហើយមកទល់បច្ចុប្បន្ននេះ រឿងខ្លះក្នុងចំណោមនោះ ត្រូវបានដាក់ឲ្យប្រិយមិត្តទស្សនាដោយឥតគិតថ្លៃនៅលើ Soyo កម្មវិធីទស្សនាភាពយន្តចម្រុះលើទូរស័ព្ទដៃដំបូងគេនៅកម្ពុជា។ រឿងទាំងនោះមានដូចជា៖ រឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" “ភរិយាសម័យថ្មី" "មន្ដស្នេហ៍ក្រមុំបាយឆា" “អាថ៌កំបាំងត្រីសូល៍" និងរឿង "ពស់កេងកង" ជាដើម។