តារាខ្មែរប៉ុន្មានដួងនេះ ត្រូវបានចាត់ជាតារាដែលមានចំនួនអ្នកគាំទ្រកើនខ្ពស់បំផុតប្រចាំថ្ងៃ
- 2020-06-24 05:07:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាខ្មែរប៉ុន្មានដួងនេះ ត្រូវបានចាត់ជាតារាដែលមានចំនួនអ្នកគាំទ្រកើនខ្ពស់បំផុតប្រចាំថ្ងៃ
ចន្លោះមិនឃើញ
តារាចម្រៀងដែលបច្ចុប្បន្ន មិនទាន់មានទ្រនំ មាស សុខសោភា បានជាប់ជាតារាដែលមានអ្នកគាំទ្រលើហ្វេសប៊ុកច្រើនជាងគេបំផុតនៅកម្ពុជាច្រើនឆ្នាំមកហើយ ប៉ុន្តែនាងមិនទាន់ជាតារាដែលមានអ្នកគាំទ្រកើនឡើងខ្ពស់ជាងគេបំផុតប្រចាំថ្ងៃបាននៅឡើយ។ នេះបើតាមរបាយការណ៍របស់ Socialbacker។
តាមរយៈគេហទំព័រចាត់ចំណាត់ថ្នាក់អ្នកមានប្រជាប្រិយនៅលើហ្វេសប៊ុកនេះ បានឲ្យដឹងថា បច្ចុប្បន្នតារាប្រុសស្រីកម្ពុជាដែលមានអ្នកគាំទ្រ(Follow)លើហ្វេសប៊ុកច្រើនជាងគេគិតត្រឹមថ្ងៃទី ២៤ មិថុនានេះ គឺលេខ១ មាស សុខសោភា មានអ្នកគាំទ្រចំនួន ៤ ៩៣១២៥៦នាក់ លេខ២គឺវីជេ តាប៊ុយ ៣ ៨២០ ១១៥។ ចំណាត់ថ្នាក់លេខ ៣ គឺកញ្ញា ពេជ្រ សោភា មានអ្នកមានអ្នកគាំទ្រចំនួន ៣ ០៩៥ ៧១៥។
ដោយឡែកលេខ៤ និងលេខ ៥ គឺ ឱក សុគន្ធកញ្ញា និង ប៉ីប៉ីឌី ដែលមានអ្នកគាំទ្រចំនួន ២ ២៨២ ៤០៣ និង ២ ១៣៩ ៤១៨ រៀងខ្លួន។ ប៉ុន្តែសម្រាប់អ្នកដែលមានអ្នកគាំទ្រកើនឡើងប្រចាំថ្ងៃច្រើនជាងគេ គឺមិនមែន មាស សុខសោភា ឡើយ គឺលេខ១ វីជេតាប៊ុយ លេខ២ ឱក សុគន្ធកញ្ញា និងលេខ៣ រ៉េត ស៊ូហ្សាណា។
របាយការណ៍ Socialbacker ប្រចាំថ្ងៃនេះ គឺថាពិធីករ និងជាអ្នកផលិតកម្មវិធីកម្សាន្តនៅទូរទស្សន៍ MyTV មានចំនួនអ្នកគាំទ្រកើនឡើង ៥២៩ នាក់សម្រាប់ថ្ងៃនេះ។ អ្នកដែលមានចំនួនអ្នកគាំទ្រកើនឡើងច្រើនបន្ទាប់គឺ ឱក សុគន្ធកញ្ញា មានអ្នកគាំទ្រកើនឡើង ៣៩៧ និង រ៉េត ស៊ូហ្សាណា ២៨៤នាក់។ នេះជាតួលេខសម្រាប់ថ្ងៃទី ២៤ មិថុនានេះប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ តារាស្រីប្រុស២នាក់ក្នុងចំណោម ៣ ក៏ស្ថិតជាតារាកម្ពុជាដែលចំនួនអ្នកគាំទ្រកើនឡើងច្រើនបំផុតប្រចាំសប្ដាហ៍ដែរ។
តារាទាំងពីរនាក់នោះ គឺទី១ជា វីជេ តាប៊ុយ ដដែល និងលេខ២ គឺតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា។ ពួកគេមានចំនួនអ្នកគាំទ្រកើនឡើងលើហ្វេសប៊ុកគិតជាសប្ដាហ៍ចំនួន ២ ២៧៥នាក់សម្រាប់ តាប៊ុយ។ ឯ ហ្សាណា មាន ១ ៤១៨នាក់ប្រចាំសប្ដាហ៍។
ដោយឡែកតួលេខប្រចាំខែវិញ វីជេ តាប៊ុយ ដែលនាំមុខលើរបាយការណ៍ប្រចាំថ្ងៃ និងប្រចាំសប្ដាហ៍នោះ ត្រូវបានទាញទម្លាក់ដោយ ប៉ីប៉ីឌី។ Socialbacker បង្ហាញថា ប៉ីប៉ីឌី មានអ្នកគាំទ្រកើនឡើងប្រចាំខែចំនួន ៥ ៥០៨នាក់ឈរនៅចំណាត់លេខ១។ តាប៊ុយ ដែលធ្លាក់មកនៅចំណាត់ថ្នាក់លេខ២ មានចំនួនអ្នកគាំទ្រកើនឡើងប្រចាំខែចំនួន ៤៩៨២នាក់។ ដោយឡែក រ៉េត ស៊ូហ្សាណា ដែលជាប់ក្នុងរបាយការណ៍ប្រចាំថ្ងៃ និងលេខ២ ប្រចាំសប្ដាហ៍នោះ មិនមានឈ្មោះក្នុងរបាយការណ៍ប្រចាំខែឡើយ។
ប៉ុន្តែប្អូនថ្លៃរបស់ថៅកែហង្សមាស បានចូលមកជំនួសវិញ។ តាមរបាយការណ៍ពីគេហទំព័រដដែល ឱក សុគន្ធកញ្ញា មានចំនួនអ្នកគាំទ្រកើនឡើងច្រើនបំផុតលេខ៣ ប្រចាំខែ គឺចំនួន ៤៤៤០ នាក់។ បញ្ជាក់បន្ថែមថា របាយការណ៍ ស្រង់យកតែរបាយការណ៍របស់សិល្បករ សិល្បការិនីតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលបុគ្គលល្បីឈ្មោះផ្សេងទៀតក្រៅរង្វង់សិល្បៈដូចជា ឧកញ៉ា គួច ម៉េងលី សាន ប៊ុនធឿន និងឯកឧត្តម ជា ចំរើន ឡើយ៕