រកឃើញករណីថ្មី វិជ្ជមានជំងឺកូវីដ១៩ចំនួន ៩នាក់ និងព្យាបាលសះស្បើយ១នាក់

  • 2020-06-27 00:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជាបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន០៩នាក់ ទើបមកពីប្រទេសឥណ្ឌូណេស៊ី និងព្យាបាលជាសះស្បើយចំនួន ១នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

ប្រភពដដែលបានឲ្យដឹងទៀតថា ករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៩នាក់ គឺ ស្រ្តីជនជាតិខ្មែរអាយុ ២៤ឆ្នាំ (១នាក់) បុរសជនជាតិខ្មែរ អាយុ២៣ ឆ្នាំ (១នាក់) អាយុ ២៤ឆ្នាំ (១នាក់) អាយុ២៥ឆ្នាំ(១នាក់) អាយុ២៦ឆ្នាំ (៣នាក់) និងបុរសជនជាតិឥណ្ឌូណេស៊ី អាយុ២២ឆ្នាំ (១នាក់) ដែលបុគ្គលទាំង០៩នាក់នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរត្រង់ បានមកដល់កម្ពុជានៅថ្ងៃទី ២៥៥ ខែមិថុនា ឆ្នាំ ២០២០ ធ្វើវិភាគវត្ថុសំណាកពួកគាត់នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានលទ្ធផលតេស្ត វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ទាំង៩នាក់។

ដោយឡែកអ្នកជាសះស្បើយ ១នាក់ គឺជាបុរសខ្មែរ-អាមេរិក អាយុ៦៦ឆ្នាំ ជាអ្នករស់នៅសហរដ្ឋអាមេរិក បានធ្វើដំណើរមកកម្ពុជា និងមានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយជំងឺកូវីដ១៩ ដោយទទួលបានតេស្តអវិជ្ជមានចំនួន ២ដង ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា «សូមបងប្អូនទាំងអស់បន្តការពារខ្លួន​ កុំភ្លេចវីរុសកូវីដ-១៩​ នេះឲ្យសោះណា។ វីរុសដ៏កាចសាហាវនេះ​ មិនដែលភ្លេចយើងទេ​ រងចាំតែមានឱកាស​ មានការធ្វេសប្រហែស​ និងឲ្យតែមានពេលចន្លោះតែមួយភ្លែតៗដែល យើងមិនបានការពារខ្លួន​ វីរុសដ៏កាចសាហាវនេះ​ នឹងអាចឆ្លងមកចូលខ្លួនយើងហើយណាបងប្អូន។ មានតែការការពារតាមវិធានការដែលបានណែនាំដោយក្រសួងសុខាភិបាលជារឿយៗមកហើយនោះទេ​ ដែលអាចជួយបងប្អូន​ ចៀសផុតពីគ្រោះកាចចង្រៃនៃការចម្លងជំងឺកូវីដ-១៩​ នេះបាន។ សូមជូនពរបងប្អូនប្រជាពលរដ្ឋយេីងទាំងអស់​ មានសុខភាពល្អ​ ចៀសផុតពីការចម្លងវីរុសកូវីដ-១៩​ ជាពិសេសរួមគ្នាទប់ស្កាត់ឲ្យបាននូវរលកទីពីរនៃការចម្លងវីរុសដ៏កាចសាហាវ។»

ប្រទេសកម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ សរុបំនួន ១៣៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ១២៩នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយសរុបចំនួន ១០នាក់៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា