លោក ខ្យង ដាក់​ចេញ​យុទ្ធសាស្ត្រ​ជំហាន​ដំបូង ៥​ចំណុច នាំ Top Music ឲ្យ​កាន់​តែ​ល្បី​ខ្លាំង!

  • 2020-07-03 03:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ថ្ងៃ​លោក​ស្រី ជួប មាន អគ្គ​នាយិកា​ក្រុមហ៊ុន ថោន គ្រុប ប្រកាស​តែង​តាំង​ខ្លួន​ជា​នាយក​គ្រប់​គ្រង​ផលិតផលកម្ម Top Music រួច​មក លោក គង់ សុគន្ធា ហៅ ខ្យង ប្រាប់​ថា លោក​ដឹង​ថា​ខ្លួន​មាន​បន្ទុក​ច្រើន លើ​កិច្ចការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផលិតកម្ម​មួយ​នេះ មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ស្រទាប់​យុវវ័យ។ ដូច្នេះ​ហើយ លោក​បាន​ត្រៀម​យុទ្ធសាស្ត្រ​មួយ​ចំនួន។

លោក គង់ សុគន្ធា ហៅ ខ្យង បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ជំហាន​ដំបូង​នេះ លោក​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ៥ចំណុច​ខាង​ក្រោម ដើម្បី​នាំ​យក Top Music ទៅ​កាន់​ទីផ្សារ។ យុទ្ធសាស្ត្រ​ដំណាក់​កាល​ដំបូង​របស់​លោក ខ្យង នោះ​គឺៈ

១.ផលិត​បទ​ចម្រៀង​ឲ្យ​ល្អ៖ លោក​ថា នេះ​ជា​រឿង​ទី​១ សម្រាប់​យុទ្ធសាស្ត្រ​ទាំង​ឡាយ ព្រោះ​ថា អាច​ឈាន​ទៅ​ជំហាន​បន្ទាប់​បាន ត្រូវ​ធ្វើ​ចំណុច​នេះ​ឲ្យ​បាន​ល្អ​ជា​មុន​សិន។ ដូច្នេះ​ហើយ អ្វី​ដែល​ត្រូវ​ធ្វើ គឺ​ផលិត​បទ​ចេញ​មក​ឲ្យ​ត្រូវ​ចិត្ត ចូល​ចាក់​បេះដូង​របស់​យុវវ័យ។ យ៉ាង​ណា​លោក មិន​បាន​បញ្ជាក់​លម្អិត​ឡើយ។

២.ធ្វើ​វីដេអូ​ចម្រៀង​ឲ្យ​ទាក់​ទាញ៖ លោក​ថា មាន​បទ​ល្អ​ហើយ ត្រូវ​តែ​មាន​វីដេអូ​ចម្រៀង​ទាក់​ទាញ ពោល​គឺ​ការ​សម្ដែង​ស៊ី​សាច់រឿង ស៊ី​ខ្លឹមសារ ព្រម​ទាំង​ប្លង់​ថត​ស្អាត បច្ចេកទេស​ល្អ សាកសម​នឹង​សម័យ​កាល។

៣.Promote ៖ នេះ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ ដែល​លោក ខ្យង បញ្ជាក់​ថា មាន​បទ​ល្អ មាន​វីដេអូ​ចម្រៀង​ទាក់ទាញ បើ​ខ្វះ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​បន្ថែម គឺ​នៅ​តែ​ពិបាក។ ដូច្នេះ​ហើយ លោក​ថា ​យុទ្ធសាស្ត្រ​ទីផ្សារ គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ទៀត។

៤.ជ្រើសរើស​បន្ថែម​តារា​ចម្រៀង​ដែល​មាន​ទេពកោសល្យ៖ បច្ចុប្បន្ន​ផលិតកម្ម Top Music មាន​តារា​ចម្រៀង​ស្រាប់​ចំនួន ៧នាក់ ប៉ុន្តែ​នាយក​គ្រប់គ្រង​ថ្មី បញ្ជាក់​ថា លោក​ត្រូវ​ការ​បន្ថែម​ចំនួន​ថែម​ទៀត ពោល​គឺ​លោក​នឹង​ជ្រើសរើស​តារា​ចម្រៀង​បន្ថែម។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា លោក​ត្រូវ​ការ​ចំនួន​ប៉ុន្មាន​នោះ​ទេ។

៥.សម្លឹង​រក​តារា​ចម្រៀង​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ៖ លោក ខ្យង ថា យុទ្ធសាស្ត្រ​ចុង​ក្រោយ​មួយ​របស់​លោក គឺ​សម្លឹង​រក​មើល តារា​ចម្រៀង​ដែល​ទេពកោសល្យ មាន​សមត្ថភាព​ពិត​ប្រាកដ​នៅ​ក្នុង​ផលិតកម្ម ម្នាក់ ឬ​ពីរ​នាក់...ហើយ​ព្យាយាម​លើក​កម្ពស់​គេ​បន្ថែម។ លោក ខ្យង ​ថា ផលិតកម្ម​មិន​អាច​លើក​ទាំង​អស់​គ្នា​ក្នុង​ពេល​តែ​១​​បាន​ទេ គឺ​លើក​អ្នក​ដែល​ល្អ​ហើយ ឲ្យ​កាន់​តែ​ល្អ។ តែ​ជាមួយ​គ្នា ក៏​ព្យាយាម​ជំរុញ ក៏​ដូច​ជា​បង្កើន​សមត្ថភាព​ចំពោះ​តារា​ចម្រៀង​ផ្សេង​ទៀត​ដូច​គ្នា។

ទាំង​នេះ គឺ​ជា​យុទ្ធសាស្ត្រ​ដំណាក់​កាល​ដំបូង​របស់​លោក គង់ សុគន្ធា ហៅ ខ្យង ដែល​គេ​ស្គាល់​ថា​ជា​ស្វាមី​របស់​អ្នក​នាង សុខ ច័ន្ទធីតា ហៅ កាតុ ក្រោយ​លោក​ទើប​បាន​ទទួល​ការ​ទុក​ចិត្ត និង​តែង​តាំង​ជា​នាយក​គ្រប់​គ្រង​ផលិតកម្ម Top Music ដែល​ជា​បុត្រ​សម្ព័ន្ធ​ទៀត​របស់ ថោន គ្រុប​អ៊ីនធើធិនមិន ខូអិលធីឌី៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម