សោភា ទេពី ក្ដាប់លុយបាន ៥០% នៃតម្លៃរថយន្ដស៊េរីទំនើបក្នុងក្ដីស្រមៃ​​ហើយ!

  • 2020-07-06 04:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង សោភា ទេពី បាន​បង្ហាញ​ពី​ប្រភព​ចំណូល និង​ការ​ទុកដាក់​លុយកាក់​របស់​ខ្លួន​ពី​អាជីព​សិល្បៈ ក្រោយ​ពី​លេចឮ​ថា​នាង​ចង់​ប្ដូរ​រថយន្ត​ម៉ាក Lexus-nx-200t ដែល​នាង​ជិះ​សព្វថ្ងៃ​ ​ទៅ​យក​រថយន្ត Range Rover ស៊េរី​ទំនើប​មួយ​គ្រឿង​វិញ។

សោភា ទេពី និយាយ​ថា មិន​ថា​នាង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នោះ​ទេ នាង​នឹង​ទិញ​រថយន្ត​នៅ​ក្នុង​ក្ដី​សុបិន​នេះ​ឲ្យ​បាន ដោយ​ប្រើ​ប្រាក់​សន្សំ​ចេញ​ពី​កម្លាំង​លើសឈាម​ខ្លួន​ឯង​ផ្ទាល់ ហើយ​បច្ចុប្បន្ន ទេពី សន្សំ​បាន​ប្រាក់​ ៥០% នៃ​តម្លៃ​រថយន្ត​នោះ​ហើយ។ បើផ្អែកតាមតម្លៃទីផ្សាររថយន្ដនោះ មានតម្លៃជាង ១០ម៉ឺនដុល្លារអាមេរិក។

ការ​បញ្ជាក់​ពី​ប្រភព​ចំណូល និង​ប្រាក់​ដែល​មាន​នៅ​ក្នុង​ដៃ​នេះ ក្រោយ​ពី​អ្នក​គាំទ្រ​ខ្លះ​ងឿង​ឆ្ងល់ ហើយ​ចោទ​ជា​សំណួរ​ថា​តើ ទេពី មាន​អ្នកផ្គត់ផ្គង់ពីក្រោយឬយ៉ាងណា បានជា​ចង់​ប្ដូរ​ឡាន​ស៊េរី​កាន់​តែ​ទំនើប​ដើម្បី​ជិះ​នោះ?

សោភា ទេពី៖ "អ្នក​ថា​ចេះ​តែ​ថា ហើយ​អ្នក​ឆ្ងល់​ចេះ​តែ​ឆ្ងល់​ហើយ​បង​អើយ...គ្មាន​អ្នក​ល្ងង់​មក​ចិញ្ចឹម​យើង​ងាយ​ទេ។ ក្រៅ​ពី​កម្លាំង​ញើស​ឈាម​ខ្ញុំ គ្រួសារ​ក៏​មាន​ចំណូល​សម​ល្មម​អាច​ទិញ​ឡាន​ហ្នឹង​បាន​ដែរ"។

ក្នុង​មួយ​ខែ ទេពី អាច​រក​ចំណូល​បាន​ប្រមាណ​ ១០០០​ដុល្លារ ពី​ការ​ច្រៀង​តាម​កម្មវិធី​ប្រគំតន្ត្រី​ប្រចាំ​សប្ដាហ៍ និង​Concert តាម​ខេត្ត។ ទន្ទឹម​គ្នា​នេះ​ប៉ា-ម៉ាក់​របស់​នាង​ក៏​មាន​ការងារ​រដ្ឋ និង​មុខរបរ​រកស៊ី​ត្រឹម​ត្រូវ​ដែល​អាច​រក​ចំណូល​មួយ​ផ្នែក​ធំ។ ដូច្នេះ​ការ​រំពឹង​បាន​ឡាន​ស៊េរី​ទំនើប​មក​ជិះ​នេះ​មិនមែន​ជា​រឿង​លំបាក​ពេក​ទេ ស្រាប់​នាង។

រូបភាព៖ ហ្វេសប៊ុក សោភា ទេពី

នាង​បញ្ជាក់​ថា ប្រាក់​ដែល​សន្សំ​បាន​នោះ​បាន​រក្សា​ទុក​នៅ​នឹង​ប៉ា-ម៉ាក់​របស់​នាង ហើយ​ប៉ា​របស់​នាង អាច​នឹង​បង្គ្រប់​លុយ​ទិញ​ឡាន​ឲ្យ​នាង ប្រសិន​បើ​អស់​ពេល​ពីរ ឬ​បី​ហើយ នាង​នៅ​តែ​មិន​ទាន់​សន្សំ​លុយ​គ្រប់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ