ទម្លាយ​អាថ៌កំបាំង​បុរស​ម្នាក់ ​នៅ​ពី​ក្រោយ Zidane ​អាច​រក្សា​ថាមពល Real ​ឱ្យ​ឋិតថេរ​បាន​

  • 2020-07-13 05:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​ក្រោយ​ពី​បើក​រដូវ​កាល​វិញ​មក​នេះ ​លេង​បាន​ល្អ​មែនទែន ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ ​ហើយ​អាច​ឡើង​ឈរ​កំពូល​តារាង​បាន​ថែម​ទៀត។

Gregory Dupont

​គ្រប់គ្នា​សុទ្ធ​តែ​មើល​ឃើញ​ថា​កីឡាករ​ក្រុម Real Madrid ​ពោរពេញ​ដោយ​ថាមពល ​ហើយ​ជម្រើស​១១​នាក់​ដំបូង​ខ្លះ​ទៀត ​មិន​សម្រាក​ឡើយ ពោល​គឺ​មាន​វត្តមាន​គ្រប់​ប្រកួត​តែ​ម្ដង។ ​ខណៈ​ដែល​កម្លាំង​របស់​កីឡាករ Real Madrid ​ម្នាក់​ៗ​វិញ ​ក៏​ល្អ​និង​មាន​ភាព​រហ័សរហួន​ផង​ដែរ។ ​នៅ​ថ្ងៃ​នេះ Sabay ​សូម​លើក​យក​បុគ្គល​ម្នាក់ ដែល​ជា​អ្នក​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ទាំង​មូល​អាច​រក្សា​កម្លាំង​បាន​ល្អ ​បើ​ទោះ​ជា​ពួកគេ​ត្រូវ​លេង​ជាប់​គ្នា​ច្រើន​ប្រកួត​យ៉ាង​ណា​ក៏​ដោយ។

​Gregory Dupont ​មាន​រហស្សនាម​ថា​ជា​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​កាយ​សម្បទា​កីឡា។ ​លោក​ត្រូវ​បាន Zidane ​ទាក់ទង​មក​ចូល​រួម​ជាមួយ​កាល​ពី​ដើម​រដូវ​កាល​ឆ្នាំ​មុន។ ​បុរស​ដែល​ជា​គ្រូ​ផ្នែក​កាយ​សម្បទា​នេះ​ហើយ ​ដែល​បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ទាំង​មូល​អាច​ប្រមូល​កម្លាំង​បាន​យ៉ាង​ល្អ ​បើ​ទោះ​ជា​ពួកគេ​បាន​សម្រាក​នៅ​ផ្ទះ​រាប់​ខែ ដោយសារ​តែ Covid-19 ​ក៏​ដោយ។

Dupont ​នេះ​ធ្លាប់​ជា​បុគ្គលិក​នៅ UEFA ​ផ្នែក​កាយ​សម្បទា។ ​លោក​ជា​អ្នក​រក​ឃើញ​និង​ដាក់​ចេញ​នៅ​ច្បាប់​មួយ​ផង​ដែរ ដោយ​មិន​ឱ្យ​កីឡាករ​បាល់ទាត់​លេង​ការ​ប្រកួត​ដែល​មិន​មាន​គម្លាត​ពី​គ្នា​៧២​ម៉ោង​នោះ​ទេ។ ​ការ​លេង​បាល់​ដោយ​មិន​មាន​ការ​សម្រាក​៧២​ម៉ោង គឺ​ធ្វើ​ឱ្យ​កីឡាករ​ម្នាក់​ប្រឈម​នឹង​របួស​៧​ដង​បើ​ធៀប​ជាមួយ​ការ​ប្រកួត​ធម្មតា។ ​

​វត្តមាន​របស់​លោក​នៅ Real Madrid ​បាន​ជួយ Zidane ​ច្រើន​មែនទែន។ ​អំឡុង​ពេល Covid-19 ​លោក​បាន​កំណត់​របប​អាហារ​ឱ្យ​កីឡាករ Real Madrid ​ទាំង​អស់​ញ៉ាំ ​និង​ពេល​វេលា​ហ្វឹកហាត់​យ៉ាង​ត្រឹមត្រូវ​បំផុត​ទៅ​តាម​កាយ​សម្បទា​កីឡាករ​ម្នាក់​ៗ។ ​លោក តែងតែ VDO Call ​ដាស់​តឿន​កីឡាករ​ឱ្យ​ហ្វឹកហាត់​តាម​កាល​វិភាគ​ជា​និច្ច ​និង​តាមដាន​សុខភាព​យ៉ាង​ដិតដល់​បំផុត។ ​កីឡាករ​ទាំង​អស់ សុទ្ធ​តែ​មាន​អារម្មណ៍​ថា​ពួកគេ​មាន​កម្លាំង​ជាង​ធម្មតា ​បើ​ទោះ​ជា​កំពុង​នៅ​ផ្ទះ ​មិន​បាន​ហ្វឹកហាត់​នៅ​លើ​ទីលាន​និង​ជាមួយ​សមាជិក​ក្រុម​ក៏​ដោយ។ ​មិន​ត្រឹម​កំណត់​ពេល​ហ្វឹកហាត់​នោះ​ទេ ​លោក Dupont ​ក៏​បាន​កំណត់​ម៉ោង​ឱ្យ​កីឡាករ​ម្នាក់​ៗ​គេង​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ដើម្បី​រក្សា​កាយ​សម្បទា​មិន​ឱ្យ​ធាត់​ពេក ​ឬ​លើស​ទម្ងន់​ឡើយ។

​នេះ​គឺ​ជា​ចំណុច​មួយ​ដែល​លោក​ធ្លាប់​បាន​ធ្វើ​កាល​នៅ​ជា​គ្រូ​កាយ​សម្បទា​របស់​ជម្រើស​ជាតិ​បារាំង​ដែរ។ ​ដោយ​កាល​នោះ ដោយសារ​រុស្ស៊ី​ជា​ប្រទេស​មាន​សីតុណ្ហភាព​ទាប ហើយ​តំបន់​មួយ​ៗ​មាន​បម្រែបម្រួល​ច្រើន​លោក Dupont ​បាន​ធ្វើ​ឯកសារ​មួយ​១៤​ទំព័រ​ដើម្បី​ឱ្យ​កីឡាករ​ម្នាក់​ៗ ​ញ៉ាំ​អាហារ​ទៅ​តាម​ក្បួន​ខ្នាត ​និង​គេង​ឱ្យ​បាន​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ឯ​ណោះ។ ​ឯកសារ​១៤​ទំព័រ​នោះ​ហើយ ​គឺ​ជា​ចំណុច​ស្នូល​មួយ ដែល​គ្រប់​គ្នា​សរសើរ​ការ​ខិតខំ ​និង​រិះរក​វិធី​ដើម្បី​ជួយ​កីឡាករ​បារាំង​រហូត​អាច​លើក​ពាន World Cup 2018 ​បាន៕

ប្រភព៖ Express   អត្ថបទ៖ ប្រុស យុទ្ធ