ចេញលក្ខណៈសម្បត្តិ Galaxy Note20 ប្រើអេក្រង់ FHD+ 60Hz

  • 2020-07-23 01:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​លក្ខណៈ​សម្បត្តិ​លម្អិត​ និង​រូបរាង Galaxy Note20 Ultra បាន​លេច​ធ្លាយ នា​ពេល​នេះ​ដល់​វេន​ Galaxy Note20 ធម្មតា​វិញ​ម្ដង ដែល​ចេញ​ផ្សាយ​ពី​ប្រភព​តែ​មួយ​គឺ​ចេញ​ពី​ WinFuture.de។

Galaxy Note20 នឹង​មាន​បំពាក់​អេក្រង់ Super AMOLED ទំហំ ៦,៧អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ (2400x1080ភីកសែល), មាន​គាំទ្រ​ការ​បង្ហាញ​រូប​ HDR10+ និង​មាន​ Refresh Rate ត្រឹម 60Hz ប៉ុណ្ណោះ។ នៅ​លើ​​​ផ្ទៃ​អេក្រង់​នេះ​ក៏​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ។ ចំពោះ​ប៊ិច​ S-Pen របស់​វា​មាន​ Latency ចំនួន 26ms ខុស​ពី Note20 Ultra មាន​ត្រឹម 9ms។

Note20 នឹង​បំពាក់​ឈីប​ Exynos 990 (ដោយសារ​លក្ខណៈ​សម្បត្តិ​នេះ​សម្រាប់​ទីផ្សារ​អឺរ៉ុប) រួម​ជា​មួយ RAM ទំហំ ៨GB និង​អង្គ​ផ្ទុក​ទំហំ ២៥៦GB។ បញ្ជាក់​ថា​វា​មិន​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​ដូច​ជា Note20 Ultra ឡើយ។ ស្មាតហ្វូន​នេះ​រត់​នៅ​លើ​ Android 10 ជា​មួយ One UI 2.។

Note20 នេះ​មាន​វិមាត្រ​ ១៦១,៦ x ៧៥,២ x ៨,៣ ម.ម ដែល​នឹង​មាន​ជម្រើស​បី​ពណ៌​គឺ ​ពណ៌​ខ្មៅ ពណ៌​ទង់ដែង និង​ពណ៌​បៃតង។ វា​ក៏​មាន​នូវ​អាវក្រោះ​ការពារ​ទឹក និង​ធូលី​កម្រិត IP68 ផង​ដែរ។

ចំពោះ​ផ្នែក​កាមេរ៉ា​វិញ​គឺ​មាន​កាមេរ៉ា Selfie ទំហំ ១០MP ដែល​មាន Aperture f/2.2 និង​មាន​ Dual-Pixel Autofocus។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​មេ​ទំហំ ១២MP, កាមេរ៉ា Ultrawide ទំហំ ១២MP, កាមេរ៉ា Telephoto ទំហំ ៦៤MP អាច​ Zoom Hybrid 3x ដែល​ស្រដៀង​នឹង​កាមេរ៉ា​លើ Galaxy S20 ធម្មតា​ដែរ។ ស្មាតហ្វូន​នេះ​អាច​ថត​វីដេអូ​កម្រិត 8K/30fps និង 4K/60fps ផង​ដែរ។

Galaxy Note20 នឹង​មាន​គាំទ្រ​នូវ​សេវា 5G, LTE, មាន​កន្លែង​ដាក់​ស៊ីម​ពីរ (សម្រាប់​ទីផ្សារ​មួយ​ចំនួន), eSIM, Wi-Fi 6, Bluetooth 5.0, GPS, NFC និង​រន្ធ​ USB Type-C 3.2។ វា​ក៏​មាន​រន្ធ​បំពង​សំឡេង​ Stereo, Samsung Pay, Wireless Dex និង​សេវាកម្ម​​លេង​ហ្គេម​ Project xCloud ​ផង​ដែរ។ ចំពោះ​ថ្ម​វិញ​គឺ​មាន​ទំហំ ៤៣០០ mAh ដែល​គាំទ្រ​ការ​សាក​ឆាប់​ពេញ អាច​សាក​ដោយ​មិន​ប្រើ​ខ្សែ និង​មាន​មុខងារ Reverse Wireless Charging៕

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី