កញ្ចក់ការពារ Galaxy Note20 ធ្លាក់ពីកម្ពស់ ២ម៉ែត្រ ក៏មិនបែកដែរ

  • 2020-07-24 01:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Corning បាន​បង្ហាញ​ចេញ​កញ្ចក់​ការពារ Gorilla Glass ជំនាន់​ថ្មី ដែល​មាន​ឈ្មោះ​ថា Gorilla Glass Victus ដែល​កាន់​តែ​ធន់​នឹង​ការ​ឆ្កូត រួម​ទាំង​ទ្រាំទ្រ​នឹង​ការ​ធ្លាក់​ពី​កម្ពស់​ខ្ពស់​បាន​ប្រសើរ​ជាង​ជំនាន់​មុន។

ក្នុង​ការ​ធ្វើ​តេស្ត​ កញ្ចក់​ Victus នេះ​ អាច​​​ទ្រាំទ្រ​នឹង​ការ​ទម្លាក់​ពី​កម្ពស់ ២ម៉ែត្រ ទៅ​លើ​ផ្ទៃ​រឹង​ ដោយ​មិន​មាន​បែក​ប្រេះ​អ្វី​ឡើយ។

បក​ទៅ​មើល​កញ្ចក់ Gorilla Glass 5 មាន​​ឱកាស​ ៨០% អាច​ទ្រាំទ្រ​ពី​ការ​ធ្លាក់​កម្ពស់ ១,៦ម៉ែត្រ ហើយ​ចូល​ដល់​កញ្ចក់ Gorilla Glass 6 វា​គ្រាន់​តែ​ពង្រឹង​នូវ​ឱកាស​ដែល​អាច​ទ្រាំទ្រ មិន​បាន​ពង្រឹង​លើ​កម្ពស់​នោះ​ទេ។

​​គេ​ក៏​បាន​ធ្វើ​តេស្ត​សមត្ថភាព​ធន់​នឹង​ភាព​ឆ្កូត​របស់​កញ្ចក់ Gorilla Glass Victus ដែល​​កញ្ចក់​នេះ​មាន​ឆ្កូត​បន្តិច​ប៉ុណ្ណោះ​ពេល​​រង​ការ​ឆ្កូត​ដោយ​គ្រាប់​ពេជ្រ។ ខាង​ក្រោម​ជា​វីដេអូ​បង្ហាញ​អំពី​ការ​ធ្វើ​តេស្ត​លើ​កញ្ចក់ Gorilla Glass Victus ៖

​ក្រុហ៊ុន Corning បាន​បញ្ជាក់​ថា Samsung នឹង​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បាន​ប្រើ​ប្រាស់​នូវ​កញ្ចក់ Gorilla Glass Victus នេះ គឺ​នៅ​លើ​ត្រកូល Galaxy Note20 ដែល​នឹង​ប្រកាស​ចេញ​ក្នុង​ពេល​ឆាប់ៗ៕​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង