យន្តហោះបើកស្វ័យប្រវត្តិ សាកល្បងបានជោគជ័យហើយ

  • 2020-07-27 07:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​​ការ​​ហោះ​​ហើរ​សាក​ល្បង​អស់​​រយៈពេល ២​ឆ្នាំ​រួច​មក​ ក្រុមហ៊ុន Airbus បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​​គម្រោង​ការ​​ Autonomous Taxi, Take-Off and Landing (ATTOL) របស់​ខ្លួន ដែល​ទាក់ទង​នឹង​យន្តហោះ​បើកបរ​ស្វ័យប្រវត្តិ។

ក្នុង​គម្រោង​ការ​ដែល​ជោគជ័យ​នេះ Airbus អាច​សម្រេច​លើ​ការ​បើកបរ, ការ​​ហោះ​ឡើង និង​ការ​ចុះ​ចត​យន្តហោះ​ខ្នាត​ធំ​ដោយ​ស្វ័យប្រវត្តិ​សុទ្ធ ​បាន​ដោយ​ជោគជ័យ​ ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ចំណាំ​រូបភាព​បំពាក់​លើ​យន្តហោះ​ផ្ទាល់​តែ​ម្ដង។

សរុប​មក​ Airbus បាន​ធ្វើ​តេស្ត​ហោះហើរ​ជាង ៥០០​ដង​ ដែល​​ការ​ហោះ​ហើរ​ជិត ៤៥០​ដង​ គឺ​ដើម្បី​ប្រមូល​យក​ទិន្នន័យ​ជា​វីដេអូ ដើម្បី​​​ឲ្យ​ប្រព័ន្ធ​ដំណើរ​ការ​ដោយ​រលូន។ ក្នុង​នោះ​ដែរ​ការ​ហោះ​ហើរ​ចំនួន ៦​ដង ដែល​​ក្នុង​មួយ​លើកៗ​មាន​ការ​ហោះ​ឡើង និង​ចុះ​ចត​ ៥​ដង គឺ​ធ្វើ​ឡើង​ដើម្បី​សាក​ល្បង​សមត្ថភាព​បើកបរ​ស្វ័យប្រវត្តិ​របស់​យន្តហោះ។

​​គម្រោង​ការ​ ATTOL ត្រូវ​បាន​បង្កើត​ឡើង​ដោយ Airbus ក្នុង​គោល​បំណង​​ស្វែង​យល់​អំពី​ផល​ប្រយោជន៍​នៃ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​​សម្រាប់​យន្តហោះ ដើម្បី​ជួយ​ឲ្យ​ពីឡុត​​​ផ្ដោត​លើ​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ស្ថានភាព​បន្ទាន់​ណា​មួយ និង​បេសកកម្ម​​​ដទៃ ជា​ជាង​ការ​បញ្ជា​យន្តហោះ៕​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង