ស្រីម៉ុច៖ ទោះជាស្លាប់ទៅ ក៏ខ្ញុំ​មិនចោលភាពសិចសុីនោះដែរ

  • 2020-07-29 03:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីម៉ុច ត្រូវបានគេស្គាល់ថា​ជា​អតីត​តារា​សម្ដែងដ៏សិចស៊ីបំផុតមួយរូប ក្នុងចំណោម​តារាស្រី​នៅ​កម្ពុជា។ ទោះបីជា​ដើរចេញពីវិស័យ​សិល្បៈទៅហើយក្ដី ក៏អ្នកគាំទ្រ នៅតែ​បន្ត​គាំទ្រ​អ្នកនាង ស្រីម៉ុច តាមរយៈ​បណ្ដាញសង្គម Facebook និង Instagram។ តាមរយៈ​បណ្ដាញសង្គម​ទាំងនោះ គេចាប់អារម្មណ៍រឿង២ គឺទី១ អ្នកនាង​នៅតែ​ស្រស់ស្អាត ទោះអាយុ​កាន់តែ​ច្រើន និង​កាន់តែ​សិចស៊ីដដែល ទោះធ្លាប់មានអ្នករិះគន់​នាពេលកន្លងមកក៏ដោយ។

ទាក់ទង​បញ្ហា​សម្រស់ក្មេងជាងវ័យនេះដែរ ស្រីម៉ុច បានថ្លែងប្រាប់ [Sabay] ថា "គ្មាននរណាម្នាក់​ស្អាត perfect ពីធម្មជាតិនោះទេ ត្រូវ​តែមានជំនួយ​ខាង​វិទ្យាសាស្រ្ដ​ខ្លះហើយ។ បន្ថែមលើនេះ សុខភាពផ្លូវចិត្ត​ក៏ជា​រឿងសំខាន់ ដែល​រួមចំណែក​ដល់​សម្រស់​ផងដែរ។ ខ្ញុំជាមនុស្ស​ចូលចិត្ត​សប្បាយ ខ្ញុំ​មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ​ជានិច្ច ហើយ​ស្វាមី​ខ្ញុំ​ក៏គាំទ្រ​គ្រប់​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ។ ចំណែក​សំខាន់មួយទៀត គឺការ​ហាត់ប្រាណ។ ខ្ញុំ​សូម​ណែនាំ​បងប្អូន​ ឲ្យចំណាយពេល​យ៉ាង​តិច ១៥នាទី​ក្នុង​១ថ្ងៃ សម្រាប់​សុខភាព និង​សម្រស់​យើង​ទាំងអស់គ្នា"។

ទាក់ទង​នឹងភាពសិចស៊ីវិញ អ្នកនាង​ស្រីម៉ុច នៅ​តែ​ប្រកាន់​ជំហរ​សិចស៊ី មិន​ផ្លាស់ប្ដូរ​នោះទេ ទោះ​មាន​អ្នករិះគន់​អ្នកស្រី​យ៉ាងណាក្ដី។ អតីត​តារា​សម្ដែង វ័យ ៤០ឆ្នាំ បាន​ថ្លែងថា៖ "គ្មានប្រយោជន៍អ្វី ដែល​​ខ្ញុំ​ត្រូវ​ឆ្លើយតប​ទៅកាន់អ្នកដែលមិនយល់ មិនចូលចិត្ត ឬ​អ្នក​យក​រឿង​គេ​មក​និយាយ ជេរគេ​ទាំងមិនដែលស្គាល់គេផង។ ខ្ញុំ​មិនអាចហាមមិន​ឲ្យ​ពួក​គាត់បានទេ ព្រោះជាសិទ្ធិ​របស់ពួកគាត់ តែសូមមេត្តាបញ្ចេញ​យោបល់របៀបអ្នកចេះដឹងរៀនសូត្រ កុំអាងមានមាត់ចេះតែនិយាយ"។

ស្រីម៉ុច បន្ថែមថា៖ "ខ្ញុំ​ចូលចិត្ត​នូវ​អ្វី​ដែល​ខ្ញុំ​ធ្វើមាន។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ​ ដែល​បានស្រលាញ់អ្នកនាង​តាំងពីដើមមក។ ខ្ញុំ​សូមផ្តាំថា ទោះជាស្លាប់ទៅ ក៏​មិនចោលភាពសិចសុីនោះដែរ ហើយខ្ញុំ​​ក៏​កំពុងបង្រៀនកូនស្រីតែមួយរបស់​ខ្ញុំ ​ឲ្យ​ចេះសិចសុីដូចខ្ញុំអ៊ីចឹង"។

គួររំលឹកផងដែរថា ស្រីម៉ុច បានចាកចេញពីវិស័យ​សិល្បៈ​ប្រមាណ​ជា ១០ឆ្នាំ​មកហើយ ហើយ​ក៏​មិន​មានបំណង​ចង់វិលត្រឡប់វិញដែរ ក្រោម​ហេតុផល​មមិន​ចង់​ប្រឈម​មុខ​នឹង​ការ​ជេរ​ប្រទេច​ ដោយ​មិន​សម​ហេតុផល ហើយ​ជាពិសេសគឺអ្នកនាង​ ទុក​ពេលវេលា​មើល​ថែកូនៗ៕