ក្បិតក្បៀតតែ ៣ខែអាចសល់ដល់ទៅ ១ពាន់ដុល្លារទាំងវ័យក្មេង គ្រាន់តែប្តូរទម្លាប់រស់នៅតិចតួច

  • 2020-07-29 12:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វ័យ​សិក្សា ឬ អ្នក​ទើប​រៀន​ចប់​ចេញ​ធ្វើ​ការ​ងារ​ថ្មី​ថ្មោង ពិសេស​អ្នក​ដែល​ត្រូវ​ចេញ​ឆ្ងាយ​ពី​ផ្ទះ​ដើម្បី​មក​រៀន ឬ ធ្វើ​ការងារ​នៅ​ទី​ក្រុង ច្បាស់​ជា​ជួប​ការ​លំបាក​មិន​ស្ទើរ​ទេ ក្រោយ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគកូវីដ ព្រោះ​សាលា​ត្រូវ​បិទ​ទ្វា ឯ​កន្លែង​ធ្វើ​ការ​ខ្លះ​ត្រូវ​កាត់​បុគ្គលិក ឬកាត់​ប្រាក់​ខែ​ដោយសារ​ការ​ធ្លាក់​ចុះ​ចំណូល។

តែ​នៅ​វ័យ​ក្មេង​​ជួប​ការ​លំបាក​បន្តិច​កុំ​រុញ​រា នេះ​អាច​ជា​ Challenge មួយ​ជួយ​ឲ្យ​អ្នក​កាន់​តែ​រឹង​មាំ​ដែរ​។ ខណៈ​កូវីដ​នៅ​មិន​ទាន់​ចប់ អ្នក​ក៏​ពិបាក​ដើរ​លេង​ឲ្យ​សប្បាយ​ចិត្ត​ដែរ ដូច្នេះ​អំឡុង​ពេល​នេះ ជា​ឱកាស​សន្សំ​លុយ​ល្អ​បំផុត។

ថ្ងៃនេះ Sabay សូម​ចែក​រំលែក តិច​និក​សន្សំៗ ដែល​ជួយ​ឲ្យ​អ្នក​សល់​ដល់​ទៅ​ជាង ១ពាន់​ដុល្លារ ក្នុង​រយៈពេល ៣ខែ ។​

តោះ!​ មក​មើលគួរ​ធ្វើម៉េចខ្លះ ៖

១. បង្កើត​គណនី​សន្សំ​ផ្សេង ចេញ​ពី​គណនី​ប្រាក់​ខែ (កុងធនាគារ) ៖ ដាក់​​ឲ្យ​លុយ​វេរ​ចូល​កុង​សន្សំ​ថ្មី​ដោយ​ស្វ័យ​ប្រវត្តិ​រាល់​ថ្ងៃ ឬ រាល់​សប្តាហ៍ តាម​លទ្ធភាព​របស់​អ្នក​ទៅ​រួច គួរ​ចាប់​ពី ១០​ដុល្លារ​ឡើង ។ ធ្វើ​ដូច​នេះ មួយ​ខែ​សន្សំ​បាន ៣០០ដុល្លារ ទាំង​មិន​ដឹង​ខ្លួន, ២​ខែ​សន្សំ​បាន ៦០០ដុល្លារ និង​ខែ ទី​៣ សន្សំ​បាន ៩០០ ដុល្លារ​បាត់។

ដើម្បី​សល់​លុយ​បង្កប់ ១ពាន់​ដុល្លារ អ្នក​ត្រូវ​កាត់​ ខ្ទង់​ចំណាយ​មិន​ចាំ​បាច់​តិច​តួច​បន្ថែម​ទៀត ដូចជា ៖

២. ឈប់​ផឹក​កាហ្វេ​ប្រេន ៖ ប្រាប់​ខ្លួន​ឯង​ថា​ញុំា​កាហ្វេ Free នៅ​កន្លែង​ធ្វើ​ការ​ក៏​បាន​តែ ៣​ខែ​ទេ។ ធ្វើ​បាន​ដូច​នេះ​​ ១ថ្ងៃ សន្សំ​បាន ១ម៉ឺន ,១​ខែ សន្សំ​បាន ៣០​ម៉ឺន​បាត់​។

៣. កាត់ការចំណាយ​លើ​សាំង ៖ បើ​អ្នក​ជិះ​ឡាន​ តិចនិក​មួយ​នេះ​ដឹង​តែ​ជួយ​សន្សំ​ច្រើន។ តែ​បើ​អ្នក​ជិះ​ម៉ូតូ ក៏​គួរ​សន្សំ​ដែរ​តាម​ដែល​អាច​ធ្វើ​បាន ដោយ​ការ​ប្តូរ​មក​ធាក់​កង់​ ឬ​ជិះ​ឡាន​ក្រុង​ទៅ​ធ្វើការ​ជាដើម។ ធ្វើ​បាន អាច​សន្សំ​ថ្លៃ សាំង ១ សប្តាហ៍ យ៉ាង​ហោច​ណាស់ ៣ដុល្លារ , ១ខែ សល់ ១២ ដុល្លារ​ដែរ ។

៤. ឈប់​ចាយ​លុយ​លើ​គម្រោង​ថ្លៃៗ​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ ៖​ សម័យ​នេះ​​រាល់​ប្រព័ន្ធ​ទូរស័ព្ទ​ទាំងអស់​តែង​ឲ្យ​អ្នក​ទិញ​គម្រោង​ជា​កញ្ចប់​ណា​មួយ​ដោយ​ការ​បង់​ថ្លៃ​ជា​មុន កញ្ចប់​ចាប់​ពី ១ដុល្លារ ឬ ៥ដុល្លារជា​ដើម។ អ្នក​អាច​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ​ដោយ​ងាក​មក​ប្រើ​គម្រោង​ដែល​ធូរ​ថ្លៃ​ជាង​គេ​បំផុត និង​ប្រើ​អ៊ីនធើណែត​នៅ​កន្លែង​ធ្វើ​ការ​ជំនួស​វិញ។

៥. កាត់​បន្ថយ​ការប្រើ​ប្រាស់​ទឹក និង​​ភ្លើង​អគ្គិសនី ៖ គួរ​ប្រើ​ភ្លើង និង​ទឹក ដោយ​សន្សំ​សំចៃ ម្យ៉ាង​នេះ​ក៏​ល្អ​ចំពោះ​បរិស្ថាន​ដែរ។ អ្នក​នឹង​អាច​ស​ន្សំលុយ​បង់​ថ្លៃ​ភ្លើង ដល់​ទៅ​ជាង ១៥% ទៅ ២០% បើ​អ្នក​កាត់​បន្ថយ​ការ​ប្រើប្រាស់​មិន​ចាំ​បាច់ ដូច​ជា កុំ​ដោត​ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ ឬ​ដោត​ខ្សែ​ទូរទស្សន៍​ចោល កុំ​ដោត​ម៉ាស៊ីន​ទឹក​ក្តៅ​ចោល បិទ​ភ្លើង និង​កង្ហារ ឲ្យ​អស់​បើ​មិន​ចាំ​បាច់​ប្រើ។ ហើយ​អ្នក​អាច​​ប្តូរ​ទម្លាប់​មក​ចំណាយ​ពេល​នៅ​កន្លែង​ធ្វើ​ការងារ​ឲ្យ​ច្រើន និង​សាក​ថ្ម​ទូរសព្ទ​ និង​ ថ្ម Laptop នៅ​កន្លែង​ធ្វើ​ការ​ឲ្យ​ហើយ​ជា​ស្រេច។

៦. ផ្អាក​ទិញ​របស់​មិន​ចាំបាច់ និង ដើរ​លេង​ក្រៅ​សិន ៖ ឈប់​ជួប​មិត្ត​ភក្តិ​ដែល​ចូល​ចិត្ត​បបួល​ដើរ​ស៊បភីង និង​ញុំា​អី​ក្រៅ ។ ធ្វើ​ដូច្នេះ​ តែ​មួយ​រយៈ​ក្នុង​ពេល​កំពុង​តាំង​ចិត្ត​សន្សំ​លុយ ឲ្យ​គ្រប់​គោល​ដៅ​ គឺ​បាន​ហើយ។

៧. ទិញ​របស់​ដែល​មាន​បញ្ចុះ​តម្លៃ ឬ​ប្រូម៉ូសិន ៖ ចង់​ទិញអី គួរ​ចូល​មើលក្នុង​វិបសាយ ឬហ្វេសប៊ុកជា​មុន​សិន ក្រែង​របស់​នោះ​មាន​លក់​ប្រូម៉ូសិន។ មុន​ទៅ​ផ្សារ​ត្រូវ​ធ្វើ​បញ្ជីរាយនាម​របស់​ត្រូវ​ទិញ និង​កំណត់​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ​ឲ្យ​ច្បាស់ តាំង​ចិត្ត​កុំ​ទិញ​លើស​ពី​អ្វី​ដែល​ត្រូវ​ការ។

៨. ទំនេរ​ពី​ការងារ​ស្នូល គួរ​រក​លុយ​បន្ថែម​ពី​ការងារ​ក្រៅ​ម៉ោង ៖ រក​អី​ធ្វើ​ដើម្បី​កុំ​ឲ្យ​ទំនេរ ចង់​ដើរ​លេង​ដែល​នាំ​ឲ្យ​អត់​ចាយ​លុយ​មិន​បាន។ សម័យ​នេះ​ការងារ​ក្រៅ​ម៉ោង សម្បូរបែប​ណាស់​ ដូច​ជា បក​ប្រែ​ឯកសារ, ភ្នាក់ងារ​ដឹក​ជញ្ជូន,​ រត់​តុ, អ្នក​សរសេរ​អត្ថបទ​តាម​វិបសាយ (Freelance), Graphic Designer , លក់​ផលិតផល​អនឡាញ ឬ ធ្វើ​វីដេអូ​ដាក់​យូធូប​ជាដើម។ ជា​ទូទៅ​ការងារ​ស្រាល​ៗ ធ្វើ​ការ​ក្រៅម៉ោង ឬ ថ្ងៃសៅរ៍ និង អាទិត្យ ១​ម៉ោង បាន​ប្រមាណ ៦ដុល្លារ បើ​ធ្វើ​លើស​ពី ១ម៉ោង​បាន​កាន់​តែ​ច្រើន។

៩. ហាត់​ប្រាណ​នៅ​សួន​សាធារណៈ ៖ កាន់តែរវល់ កាន់តែត្រូវ​ហាត់ប្រាណឲ្យទៀងទាត់​ដើម្បីសុខភាព និង​ កាត់ស្ត្រេស លំហែរ​អារម្មណ៍​សប្បាយ​ៗ។ គួរ​ដើរ​លេង និង ហាត់​ប្រាណ​នៅ​កន្លែង​ដែល​មាន​ទេសភាព​ស្អាត និង​ខ្យល់​អាកាស​ល្អ ស្រឡះ​មុខ​មាត់ ដែល​មិន​បាច់​ចំណាយ​លុយ ដូចជា តាម​សួន​ច្បារ ឬ​ធាក់​កង់​លេង​នៅ​មាត់​ទន្លេ​រាល់​ល្ងាច​ជាដើម។

១០. ត្រួត​ពិនិត្យ​មើល​ឡើង​វិញ​ លុយ​ដែល​សន្សំ​បាន​កន្លង​មក​រាល់​ថ្ងៃ ៖ ការ​ត្រួតពិនិត្យ​មើល​ឡើងវិញ​នេះ នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​កម្លាំង​ចិត្ត​បន្ថែម​ក្នុង​ការ​បន្ត​សន្សំ​លុយ​ទៅ​មុខ​ទៀត​រហូត​សម្រេច​គោលដៅ ព្រោះ​ឃើញ​ទឹក​លុយ​កើន​ឡើង​ជារឿយៗ ច្បាស់​ជា​សប្បាយ​ចិត្ត​ហើយ។ ម្យ៉ាង​ក្នុង​ករណី​មាន​ការ​បាត់​លុយ​មិន​ប្រក្រតី​ណាមួយ អ្នក​អាច​ចាត់​ការ​ទាន់​ពេល​វេលា។ ចំណុច​នេះ​សម្រាប់​ការសន្សំលុយ​នៅ​ក្នុង​​គណនី​​ធនាគារ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ណារីតា

អត្ថបទពេញនិយម