ជំទាវទី១ ប្រទេសប្រេស៊ីល បានឆ្លងវីរុសកូវីដ១៩

  • 2020-07-31 06:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

មន្រ្តីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីទីមួយរបស់ប្រេស៊ីល និងជាសមាជិកទី ៥ នៃគណៈរដ្ឋមន្រ្តីរបស់ប្រធានាធិបតីលោក Jair Bolsonaro បានធ្វើតេស្ត៍វិជ្ជមានវីរុសកូវីដ១៩។

ស្ត្រីទី1 របស់ប្រេស៊ីលលោកស្រី មីឆែលបូសាន់រ៉ូ និងស្វាមីលោកប្រធានាធិបតី Bolsonaro ពេលកំពុងច្រៀងចំរៀងជាតិរបស់ពួកគេក្នុងព្រឹត្តិការណ៍មួយ នៅវិមានប្រធានាធិបតី ក្នុងទីក្រុងប្រេស៊ីលីប្រទេសប្រេស៊ីលកាលពីថ្ងៃពុធទី ២៩ ខែកក្កដាឆ្នាំ ២០២០

រដ្ឋមន្រ្តីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Marcos Pontes បានសរសេរលើបណ្តាញសង្គម Twitter ថា លោកបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីជួបរោគសញ្ញាដូចជំងឺផ្តាសាយ និងឈឺក្បាល។ បុរសអាយុ ៥៧ ឆ្នាំរូបនេះ ឥឡូវកំពុងស្ថិតក្នុងការរស់នៅដាច់ដោយឡែក (ចត្តាឡីស័ក)។

ការិយាល័យសារព័ត៌មានរបស់ប្រធានាធិបតីប្រេស៊ីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលក្រោយថា លោកស្រី មីឆែលបូសាន់រ៉ូអាយុ ៣៨ ឆ្នាំ ក៏ត្រូវបានគេធ្វើតេស្ត៍វិជ្ជមានផងដែរ។

សេចក្តីថ្លែងការណ៍បាននិយាយថា ជំទាវទី១ គឺនាងមានសុខភាពល្អ ប៉ុន្តែនឹងធ្វើតាមការណែនាំនានា របស់ពេទ្យ។

ប្រធានាធិបតី Bolsonaro បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ៧ ខែកក្កដា កន្លងទៅថា គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកវីរុសនេះហើយបន្ទាប់មកត្រូវបានគេបង្ខាំងទុកនៅក្នុងវិមានប្រធានាធិបតីក្នុងរដ្ឋធានី Brasilia អស់រយៈពេលជាងពីរសប្តាហ៍។ គាត់បានប្រកាសថាគាត់បានធ្វើតេស្តអវិជ្ជមាន កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។

កន្លង​មក​រដ្ឋមន្ត្រី​កសិកម្ម រដ្ឋមន្ត្រី​សិទ្ធិ​ស្ត្រី​និង​គ្រួសារ រដ្ឋមន្ត្រី​សញ្ជាតិ និង​រដ្ឋមន្ត្រី​អប់រំ​ប្រេ​ស៊ីល សុទ្ធតែ​បាន​ប្រកាសថា​ពួកគេ​បាន​ឆ្លងកូវី​ដ​១៩​។​

​ប្រេ​ស៊ីល​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​ជាង​គេ​ទី​២​ លើ​លោក​ពី​ជំងឺ​ឆ្លងកូវី​ដ​១៩ ដោយ​មនុស្ស​ជាង​ ២,៦១​លាន​នាក់ ​បាន​ឆ្លង​វីរុស​កូរ៉ូណា និង​ មនុស្សជាង ៩ម៉ឺននាក់ បាន​ស្លាប់​ដោយកូវី​ដ​១៩៕

ប្រភព៖ time.com

ប្រែសម្រួល៖ ប៊ិន ប៊ុណ្ណា