ភីម័យ មិន​ខ្ចី​ហាត់​ប្រាណ តែ​ស្រក​គីឡូ​លឿន​ដូច​ព្យុះ ដោយ​ផ្អែក​លើ​​រូបមន្ត​ពិសេស​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ!

  • 2020-08-04 02:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ភីម័យ ដែល​មាន​ទម្ងន់​ខ្លួន​ជាង ១០០គីឡូក្រាម ចាប់​ផ្ដើម​ភ័យ​ខ្លួន បាន​សម្រេច​ចិត្ត​សម្រក​គីឡូ​ឲ្យ​ខាង​តែ​បាន ហើយ​ទី​បំផុត​លោក​ធ្វើ​បាន​ជាមួយ​លទ្ធផល​មិន​នឹក​ស្មាន ដោយ​គ្រាន់​តែ​អនុវត្ត​តាម​វិធី​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។

វិធី​ផ្ទាល់​ខ្លួន​ដែល​តារា​សម្ដែង​មាន​ដំរី ភីម័យ អនុវត្ត គឺ​មិន​បាន​ហាត់​ប្រាណ​ឡើយ ប៉ុន្តែ​លោក​យក​របប​អាហារ​ជា​ជម្រើស​អាទិភាព។ តារា​សម្ដែង​មាន​ដើម​កំណើត​ពី​ខេត្ត​កំពង់ឆ្នាំង បញ្ជាក់​ថា របប​អាហារ​ដែល​លោក​អនុវត្ត​២ខែ​កន្លង​មក​នេះ គឺ​លោក​ទទួល​ទាន​តែ​បន្លែ​សុទ្ធ និង​ជា​បន្លែ​ធម្មជាតិ ដែល​មាន​ត្រួយ​ននោង ត្រួយ​ល្ពៅ ផ្លែ​ត្រប់​ជា​ដើម។ លោក​យក​បន្លែ​ទាំង​នោះ ទៅ​ស្រស់​ឲ្យ​ឆ្អិន រួច​ហើយ​ទទួល​ទាន​យក​តែ​ម្ដង ដោយ​មិន​មាន​អាហារ​ផ្សេង​បន្ថែម​ឡើយ។

ភ្ជាប់​ជាមួយ​នឹង​របប​អាហារ​បន្លែ​ធម្មជាតិ​នេះ លោក ភីម័យ ក៏​បាន​ទទួល​ទាន​ទឹក​សណ្ដែក​អត់​ដាក់​ស្ករ​បន្ថែម​ដែរ ដើម្បី​បន្ថែម​ថាមពល និង​ប្រូតេអ៊ីន​ដល់​រាង​កាយ។ លោក​ថា ទឹក​សណ្ដែក​អត់​ដាក់​ស្ករ គឺ​លោក​ទទួល​ទាន​១ថ្ងៃ ១លីត្រ យ៉ាង​ទៀង​ទាត់។ ជា​លទ្ធផល ក្នុង​រង្វង់​២​ខែ​នៃ​ការ​យុទ្ធនាការ​សម្រក​ទម្ងន់​របស់​លោក គឺ​លោក​អាច​ស្រក​បាន​ដល់​ទៅ​ជាង ១០គីឡូក្រាម​ឯណោះ។“ពី​មុន​បង​ជាង ១០០គីឡូក្រាម ឥឡូវ​ស្រក​អស់​ជាង ១០គីឡូ​ហើយ​រយៈ​ពេល​តែ​២​ខែ"។

តាម​តារា​សម្ដែង​ក្រមិចក្រមើម​រូប​នេះ បាន​ឲ្យ​ដឹង​ថា ពី​មួយ​ថ្ងៃ​ទៅ​១​ថ្ងៃ លោក​កាន់​តែ​បារម្ភ​ពី​សុខភាព បណ្ដាល​មក​ពី​ទម្ងន់​ខ្លួន​ដ៏​ធ្ងន់​របស់​លោក។ បន្ថែម​ពី​នេះ លោក​កាន់​តែ​បារម្ភ​ពី​ការ​មក​ដល់​ជំងឺ​គួរ​ឲ្យ​ខ្លាច​មួយ​ចំនួន​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ទម្ងន់​នៃ​ដង​ខ្លួន​នេះ មាន​ដូច​ជា លើស​ឈាម ទឹក​នោម​ផ្អែម​ជា​ដើម។ ប្រមើល​មើល៍​ពី​រឿង​ទាំង​អស់​នេះ គឺ​លោក​ដាក់​ចិត្ត​ថា ត្រូវ​តែ​រាំង​ស្ទះ​ការ​មក​ដល់​នៃ​រោគា​ទាំង​នោះ តាម​រយៈ​ការ​សម្រក​ទម្ងន់​ឲ្យ​ខាង​តែ​បាន។

ឥឡូវ​លោក ក៏​ធ្វើ​បាន​ដោយ​ស្រក​អស់​ជាង ១០គីឡូក្រាម​ក្នុង​រយៈ​ពេល​ត្រឹម​តែ​២ខែ ដោយ​មិន​ចាំ​បាច់​ហាត់​ប្រាណ​ផង។ លោក​ថា នា​ពេល​នេះ លោក​មាន​អារម្មណ៍​ស្រួល​ខ្លួន​ជាង​មុន​ណាស់ និង​កាន់​តែ​រីករាយ​ជាមួយ​អ្វី​ដែល​លោក​បាន​ធ្វើ។ រាប់​តាំង​ពី​ដំបូង លោក ភីម័យ មាន​ទម្ងន់​ខ្លួន​ដល់​ទៅ ១២០ គីឡូ ហើយ​មក​ដល់​បច្ចុប្បន្ន​លោក​ស្រក​បាន​ជាង ១០គីឡូ ប៉ុន្តែ​លោក​មិន​ឈប់​ត្រឹម​ហ្នឹង​ទេ។

តារា​មាឌ​ដំរី អះអាង​ថា លោក​នឹង​បន្ត​សម្រក​បន្ថែម​ទៀត រហូត​ដល់​ទម្ងន់ ៨៥​គីឡូ​ក្រាម​ទើប​សម​នឹង​ចិត្ត​ដែល​លោក​ត្រូវ​ការ៕

អត្ថបទ៖ ទារិកា