មកដឹងឲ្យច្បាស់ពីរោគសញ្ញានៃ ជំងឺគ្រុនឈីកដែលកំពុងផ្ទុះនៅខេត្តជាច្រើននៅកម្ពុជា និង របៀបការពារខ្លួន

  • 2020-08-05 03:04:28
  • ចំនួនមតិ 1 | ចំនួនចែករំលែក 139

ចន្លោះមិនឃើញ

ក្នុង​អំឡុង​ពេល​ឈប់​សម្រាក​សង​ថ្ងៃឈប់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ខាង​មុខ​នេះ ពី​ថ្ងៃ​ទី ១៧ ដល់ ២១ សីហា ២០២០ ចំពោះ​អ្នក​មាន​បំណង​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​ខេត្ត​នានា ពិសេស ខេត្ត​បន្ទាយមានជ័យ , ព្រះវិហារ , កំពង់ស្ពឺ , បាត់​ដំបង , កំពង់ចាម , តាកែវ , រតនគិរី, ស្ទឹងត្រែង , កំពង់ធំ , កណ្តាល , កំពត , និង សៀមរាប , ចូរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយសារ​តែ​នៅ​ក្នុង​ខេត្ត​ទាំង​ ១២​នេះ កំពុង​មានករណី​ជំងឺគ្រុនថ្មីមួយ ឈ្មោះថា គ្រុនឈីក។

ជំងឺ​គ្រុន​ឈីក ​បង្ក​ឡើង​ដោយ​វីរុស​ឈីក ហើយ​ចម្លង​តាមរយៈ​មូស​ខ្លា​ញី​ខាំ ជា​ពិសេស​នៅ​ពេល​ថ្ងៃ ។ ភ្នាក់ងារ​ចម្លង គឺ​សត្វ​មូស​ប្រភេទក្រុម​អាអេ​ដេស (Aedes Aegypti and Aedes Albopictus) ដែលជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​ផង​ដែរ។

រោគ​សញ្ញា​នៃ​ជំងឺ​នេះ គឺ ៖

  • មាន​អាការៈ​ក្តៅ​ខ្លួន​លើស​ពី​ ៣៨ អង្សាសេ
  • ឡើង​កន្តួល​ក្រហម​លើ​ស្បែក
  • ឈឺ​សាច់​ដុំ, ឈឺ​ក្បាល, ក្អួត​ចង្អោរ, អស់​កម្លាំង,
  • និង​មាន​ការ​ឈឺ​ សន្លាក់​ដៃ​ជើង​ផង​ដែរ​។

ជា​ទូទៅ ជំងឺ​គ្រុន​ឈីក មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​បាត់បង់​ជីវិត​នោះ​ទេ ហើយ​រយៈពេល​នៃ​ការ​ជា​សះស្បើយ​ក៏​ស្ថិត​នៅ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ដែរ។ តែ​ក៏​មាន​ករណី​មួយ​ចំនួន​ដែល​អ្នក​ជំងឺ មានអាការៈ​ឈឺ​សន្លាក់​ដៃ ជើង​ក្នុង​រយៈ​ពេល​យូរ ហើយ​ក៏​អាច​បាត់​បង់​ជីវិត​ផង​ដែរ​ ប្រសិន​បើ​អ្នក​ជំងឺ​នោះ​មាន​ជំងឺ​គ្រុន​ចាញ់ ជំងឺ​គ្រុនឈាម និង​ជំងឺ​រលាក​ស្រោម​ខួរ​ស្រប​ពេល​ដែល​មាន​ជំងឺ​គ្រុន​ឈីក​នេះ។

ទោះ​បី​ជា​មាន​ជំងឺ​នេះ មាន​ហានិភ័យ​ដែល​អាច​បង្ក​ឲ្យ​បាត់បង់​ជីវិត​ទាប តែ​វា​ក៏​អាច​ប៉ះ​ពាល់​ដល់​សុខភាព ខាត​បង់​ពេល​វេលា និង​ប៉ះ​ពាល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ជាតិ​ផង​ដែរ ។

ដូច​នេះ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​កើត​ជំងឺ​គ្រុន​ឈីក​នេះ អ្នក​គួរ​តែ ៖

  • កម្ចាត់​វត្ថុ​ ឬ​កន្លែង​ដក់​ទឹក​ដែល​ជា​ជម្រក​មូស​ខ្លា
  • ធ្វើ​អនាម័យ​សម្អាត​បរិវេណ​ជុំវិញ​ផ្ទះ រៀងរាល់​សប្តាហ៍
  • ស្លៀកពាក់​ខោ​អាវ​វែង​ៗ ដើម្បី​ការពារ​មូស​ខាំ
  • បាញ់ Spray ឬ​លាប​ឡេ​ការពារ​កុំ​ឲ្យ​មូ៉ស​ខាំ
  • គេង​ក្នុង​មុង
  • បើកទ្វារ​ បង្អួច ដើម្បី​ឲ្យ​ពន្លឺ និង​ខ្យល់​ចូល​មក​គ្រប់​គ្រាន់ ៕

ក្នុង​ករណី​សង្ស័យ​ថា​អ្នក​អាច​មាន​ជំងឺ​គ្រុន​ឈីក ឬ​មាន​ការ​លេច​ចេញ​នូវ​រោគ​សញ្ញា​ណា​មួយ​ខាង​លើ​អ្នក​ត្រូវ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ​ដែល​ជិត​លោក​អ្នក​បំផុត ដើម្បី​ធ្វើ​ការ​ពិគ្រោះ និង​ទទួល​បាន​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា ជៀសវាង​ការ​ឆ្លង​ទៅ​មនុស្ស​ជុំវិញ​ខ្លួន (តាមរយៈ​មូសខាំ​) និង​គ្រោះ​ថ្នាក់​ដល់​ជីវិត៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

អត្ថបទ៖ Saroeun Sophearom