ក្រសួងសុខាភិបាល អះអាងចំពោះព័ត៌មាន ទាក់ទងទៅនឹងស្រ្តីមួកខៀវ ជាព័ត៌មានមិនពិត

  • 2020-08-10 11:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការបកស្រាយជុំវិញបញ្ហា ចំពោះការចែកចាយព័ត៌មានអំពី លិខិតមួយច្បាប់ដែលចេញដោយ ចៅសង្កាត់ សិត្បូ អំពីស្ត្រីមួកខៀវ វិជ្ជមានកូវីដ១៩ នៅក្នុងក្រុងតាខ្មៅ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា ស្ត្រីជនជាតិខ្មែរ ដែលជាកងទ័ពមួកខៀវ ដែលមានវីជ្ជមានវីរុសកូវីដ-១៩ រស់នៅក្នុងឃុំ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្នត្រូវក្រសួងសុខាភិបាលយកស្ត្រីរូបនេះ ទៅដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀតហើយ។

លោកជំទាវ បានបញ្ជាក់ទៀតថា តាមការសាកសួរផ្ទាល់ស្ត្រីដែលមានវីរុសកូវីដ-១៩របស់មន្ត្រីជំនាញសុខាភិបាលបានឲ្យដឹងថា នៅមុនពេលដែលស្ត្រីរូបនេះ មិនទាន់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ស្ត្រីរូបនេះ គាត់មិនបានដើរទៅទីណាទេ គឺគាត់សម្រាកនៅក្នុងផ្ទះ ដែលមានសមាជិកគ្រួសារចំនួន៤នាក់ផ្សេងទៀត ហើយក្នុងការស្នាក់នៅក្នុងផ្ទះ ស្ត្រីរូបនេះ មិនបានប៉ះពាល់ផ្ទាល់ ឬ ប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារទាំង៤នាក់នេះឡើយ គឺគាត់ស្នាក់នៅដាច់ដោយឡែកតែម្នាក់ឯងគត់។

បន្ថែមទៅលើបញ្ហានេះ ឯកឧត្តមវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបមកកាន់ Sabay តាមរយៈសារអេឡិចត្រូនិច កាលពីរសៀលថ្ងៃនេះដែរថា ចំពោះអ្នកដែលសង្ស័យកូវីដ១៩ ក្រុមការងារសុខាភិបាលបានយកសំណាកទៅធ្វើតេស្ត ហើយលទ្ធផលគឺអវិជ្ជមាន យ៉ាងណាមិញ ក្រុមការងារសុខាភិបាលនៅតែបន្តតាមដានសុខភាពរបស់ពួកគាត់ ដោយការដាក់នៅដាច់ដោយឡែក (ចត្តាឡីស័ក)។ លោកក៏បានបញ្ជាក់ទៀតថារហូតមកដល់ពេលនេះដែរ មិនមានភស្តុតាងណាមួយ ដែលបញ្ជាក់អំពីការជាឆ្លងសហគមន៌ឡើយ។

នៅក្នុងលិខិត របស់លោកចៅសង្កាត់សិត្បូ បានរៀបរាប់ថា កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ពេលដែលស្ត្រីរូបនេះ មកដល់ផ្ទះ នាងបានធ្វើបាយសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅវត្តជម្ពូរព្រឹក។ បន្ទាប់មក ដោយនាងមានអាការៈមិនស្រួលឡើងមក នាងក៏សម្រេចចិត្ត ទៅរកពេទ្យក្បែរផ្ទះ ប៉ុន្តែស្ថានភាពនៅតែមិនបានធូរស្រាល នាងក៏សម្រេចចិត្ត ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ប៉ុន្តែលទ្ធផលដែលរកឃើញគឺអវិជ្ជមាន បន្ទាប់ពីថ្ងៃក្រោយ នាងមានអាការៈក្តៅខ្លួនខ្លាំង និងមានហៀរសំបោរ ទើបទៅធ្វើតេស្តនៅមន្ទីពេទ្យជ័យជំនះម្តងទៀត ដែលលទ្ធផលវិជ្ជមានកូវីដ១៩៕

ខាងក្រោមនេះជាលិខិតរបស់ចៅសង្កាត់សិត្យូ ផ្ញើរជូនអភិបាលក្រុងតាខ្មៅ ៖

អត្ថបទ ៖ Art

អត្ថបទពេញនិយម