Chadwick វីរបុរសពូកែផ្ដល់កម្លាំងចិត្តឲ្យគ្រប់គ្នា តែបែរញញឹមលាក់ទុក្ខតែឯងរហូតដង្ហើមចុងក្រោយ
- 2020-08-31 04:20:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chadwick វីរបុរសពូកែផ្ដល់កម្លាំងចិត្តឲ្យគ្រប់គ្នា តែបែរញញឹមលាក់ទុក្ខតែឯងរហូតដង្ហើមចុងក្រោយ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២០ ដំណឹងមរណភាពរបស់ Chadwick Boseman ពិតជាធ្វើឲ្យគ្រប់គ្នាដែលជាអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងតក់ស្លុតជាពន់ពេក រកអ្វីប្រៀបពុំបាន។
តួ «Black Panther» បានទទួលមរណភាពក្នុងវ័យ ៤៣ឆ្នាំ បន្ទាប់ពីតស៊ូជំនះតទល់យ៉ាងស្ងៀមស្ងាត់មិនឲ្យអ្នកណាដឹង ជាមួយនឹងជំងឺមហារីកពោះវៀនធំរយៈពេល ៤ឆ្នាំ។ មរណភាពរបស់ Chadwick បានបន្សល់នូវការសោកស្ដាយអាឡោះអាល័យជាខ្លាំងពីសំណាក់អ្នកគាំទ្ររាប់លាននាក់។ ក្រៅពីសោកស្ដាយ ម្នាក់មិនអាចធ្វើអ្វីបាន ដើម្បីហៅតារាប្រុសរូបនេះវិលមកវិញទេ។ ទោះជាយ៉ាងម្ចាស់រូបឃ្លាតទៅឆ្ងាយមែន ប៉ុន្តែស្នាដៃជាច្រើនរាប់មិនអស់ដែលលោកធ្លាប់បានបង្កើតពេលនៅមានជីវិតតែងស្ថិតក្នុងចិត្តអ្នកគាំទ្រជារៀងរហូត។
Chadwick Bosemanកើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៧៦ នៅរដ្ឋ South Carolina សហរដ្ឋអាមេរិក ក្នុងគ្រួសារសាមញ្ញមួយដែលមានម្ដាយជាគិលានុបដ្ឋាយិកា និងឪពុកដែលជាធ្វើការក្នុងរោងចក្រវាយនភ័ណ្ឌមួយកន្លែង។ លោកបានបញ្ចប់ការសិក្សាពីវិទ្យាល័យ TL Hanna កាលពីឆ្នាំ ១៩៩៥។ ក្នុងគ្រួសារមានតែលោកម្នាក់ប៉ុណ្ណោះដែលមាននិស្ស័យ និងចូលប្រឡូកក្នុងវិស័យសិល្បៈ។ លោកបានស៊ូទ្រាំជាច្រើនដើម្បីសម្រេចក្ដីស្រមៃនេះ ហើយតបតាមការប្រឹងប្រែងលោកក៏បានទទួលជោគជ័យក្លាយជា Black Panther ដែលគ្រប់គ្នាទូទាំងពិភពលោកស្គាល់ច្បាស់។
និយាយពីជំងឺមហារីកដ៏កាចសាហាវវិញ លោករស់នៅជាមួយនឹងវារយៈពេល ៤ឆ្នាំហើយ ប៉ុន្តែ Chadwick មិនដែលបង្ហើបទៅកាន់អ្នកគាំទ្រ ឬបណ្ដាញផ្សព្វផ្សាយពីស្ថានភាពជំងឺរបស់លោកឡើយ។
ក្នុង Post លើ Twitter ចុងក្រោយរបស់តារាប្រុសម្នាក់នេះ គ្រួសាររបស់លោកបានហៅលោកថាជាអ្នកចម្បាំងពិតៗ ព្រោះព្យាយាមរក្សារឿងសំងាត់ពីជំងឺមហារីករបស់ខ្លួនរយៈពេល ៤ឆ្នាំដោយគ្មានអ្នកណាដឹង។ នៅឆ្នាំ ២០១៦ លោកត្រូវបានគេដឹងថា លោកឈានចូលដំណាក់កាលទី៣ ជិតឈានចូលទី ៤ហើយនៃជំងឺនេះ។ គ្មានអ្នកណាស្មានដល់ទេថា ស្ដេចនៃអាណាចក្រ Wakanda នេះប្រឈមនឹងរឿងពិបាកនេះតែឯងទាំងក្លាហាន និងស៊ូដល់ដង្ហើមចុងក្រោយបែបនេះ។
អ្វីដែលធ្វើឲ្យ គ្រប់គ្នាសរសើរនោះគឺថា ជំនួសពីការបង្ហាញភាពទន់ខ្សោយ និងស្ថានភាពសុខភាពខ្លួន Chadwick បែរជាប្រឹងផ្ដល់ស្នាមញញឹម ផ្ដល់កម្លាំងចិត្តដល់អ្នកជុំវិញខ្លួនទៅវិញឲ្យស៊ូនឹងរឿងគ្រប់យ៉ាង រំពឹងថារឿងល្អនឹងកើតឡើង។
ការបាត់បង់បុរសម្នាក់នេះ ក្រៅពីធ្វើឲ្យមានការសោកស្ដាយ គ្រប់គ្នាក៏សរសើរមិនដាច់ពីមាត់ និងចងចាំនូវអំពើល្អទាំងប៉ុន្មានដែលលោកបានធ្វើកន្លងមកដែរ។ ដូចនៅខែមេសា ឆ្នាំនេះ លោកបានងើបឈរស្វែងរកជំនួយ ដើម្បីផ្គត់ផ្គង់ដលគម្រោងមួយដែលមានឈ្មោះថា «Operation 42» ដែលជាយុទ្ធនាការស្វែងរកជំនួយ ៤,២លានដុល្លារ ជួយមន្ទីរពេទ្យដែលរងការគំរាមកំហែងពីមេរោគកូវីដ។
ក្នុងភ្នែកអ្នកគាំទ្រគ្រប់គ្នានាពេលនេះ Chadwick Boseman ពិតជាសមជាវីរបុរសពិតៗ ដែលមានបេះដូងបរិសុទ្ធ ធ្វើអំពើល្អជួយដល់សង្គម ពិសេសលោកតែងគិតគួរអ្នកដែលខ្វះខាត និងជួយតាមអ្វីដែលលោកអាចធ្វើបាន ដោយមិនគិតពីផលពិបាក ទាំងដែលខ្លួនកំពុងបៀមទុក្ខ និងរងការធ្វើបាបពីជំងឺដ៏សាហាវ៕