ក្រុមអ្នកជំនួញផ្នែកចំណីអាហារជួបជុំគ្នាពិភាក្សា និងប្ដេជ្ញាបង្កើនគុណភាពចំណីអាហារ ក្នុងសម័យកាលកូវីដ
- 2020-09-04 08:07:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមអ្នកជំនួញផ្នែកចំណីអាហារជួបជុំគ្នាពិភាក្សា និងប្ដេជ្ញាបង្កើនគុណភាពចំណីអាហារ ក្នុងសម័យកាលកូវីដ
ចន្លោះមិនឃើញ
សភាយុវពាណិជ្ជករអន្តជាតិកម្ពុជា សាខាច្បារអំពៅ បានរៀបចំកម្មវិធី វិស័យចំណីអាហារក្នុងវិបត្តិកូវីដ-១៩ យុទ្ធសាស្ត្រក្នុងការរក្សាបានទាំងសុវត្ថិភាព និងផលចំណេញ ជាភាសារអង់គ្លេសថា FOOD INDUSTRY DURING COVID-19 Strategies to maintain both safety and profitability នៅការិយាល័យកណ្តាលនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា កាលពីថ្ងៃអាទិត្យ ទី០២ កញ្ញា ២០២០។
កម្មវិធី វិស័យចំណីអាហារក្នុងវិបត្តិកូវីដ-១៩ យុទ្ធសាស្ត្រក្នុងការរក្សាបានទាំងសុវត្ថិភាព និងផលចំណេញនេះបានផ្តោតសំខាន់ទៅលើប្រភេទអាជីវកម្មអាហារ ដែលកំពុងមានវិបត្តិក្នុងសម័យកូវី-១៩ ដែលសហគ្រិនភាគច្រើនព្រួយបារម្មណ៍ ក៍ដូចជាអ្នកដែលមានបំណងចង់យកយុទ្ធសាស្ត្រក្នុងការការពារអាជីវកម្មអោយមានសុវត្ថិភាព និងរកប្រាក់ចំណេញ។
ប្រធានបទ៤ ដែលត្រូវបានលើកយកមកពិភាក្សាគឺ៖
យល់កាន់តែច្បាស់អំពីផលប៉ះពាល់របស់ កូវីដ-១៩ មកលើវិស័យឧស្សាហកម្មចំណីអាហារ
យុទ្ធសាស្ត្របន្សាំ និងការកែប្រែសម្រាប់អ្នកគ្រប់គ្រងវិស័យឧស្សាហកម្មចំណីអាហារ
ការពិភាក្សា និងការលើកយកយុទ្ធសាស្ត្រ ដើម្បីអោយវិស័យឧស្សាហកម្មចំណីអាហារមានការលូតលាស់ក្នុងអំឡុងពេល និងក្រោយពេល កូវីដ-១៩
លើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយសុវត្ថិភាព និងគោលការណ៍ណែនាំសម្រាប់ឧស្សាហកម្មចំណីអាហារឆ្លើយតបទៅនឹងវិបត្តិ កូវីដ-១៩
អង្គវេទិកាមានវាគ្មិនកិត្តិយសដ៍ខ្ពង់ខ្ពស់ពី៖
២. ឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ ក្រសួងសុខាភិបាល
៣. ឧកញ៉ា គួច សុខលី ជានាយកប្រតិបត្តិនៃ Yinkok Food Corp.
កម្មវិធីខាងលើនេះ មានអ្នកចូលរួមមានចំនួន៣០នាក់ មកពីស្ថាប័នផ្សេងៗគ្នា ដូចជាម្ចាស់អាជីវកម្មខ្នាតមធ្យម ប្រធានផ្នែកគ្រប់គ្រងក្នុងក្រុមហ៊ុន ផ្សេងៗគ្នា។
នៅក្នុងកិច្ចពិភាក្សា វាគ្មិនទាំង៤ខាងលើ ចង់អោយអាជីវកម្មទាំងអស់គិតគូទៅលើគុណភាពចំណីអាហាររបស់ខ្លួន អភិវឌ្ឍនខ្លួនអោយមានបទដ្ឋានត្រឹមត្រូវដែលវាយតម្លៃដោយក្រសួងសុខខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ និងសុវត្ថិភាពសម្រាប់ពួកគាត់ផងដែរ។
ឯកឧត្តម គឹម សេរីរដ្ឋ អគ្គលេខាធិការរង គ.ជ.វ.ទ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ ក្រសួងទេសចរណ៍បានបង្ហាញនៅចំណុចសំខាន់ជាច្រើនដូចជា ការផ្តល់អាជ្ញារបណ្ណទេសចរណ៍អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ ក្នុងនោះផងដែរតម្រូវអោយមានលិខិតអនុញ្ញាតទីតាំងធ្វើអាជីវកម្មដោយអាជ្ញាធរដែនដី។
លិខិតបញ្ជាក់អនាម័យចេញដោយក្រសួង ឬមន្ទីរសុខាភិបាល
វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីម៉ាក
លិខិតបញ្ជាក់ពីប្រព័ន្ធសុវត្ថិភាពអគ្គីភ័យផ្ដល់ដោយការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គីភ័យរាជធានី/ខេត្ត
កិច្ចសន្យារបស់ប្រតិបត្តិករទេសចរណ៍ក្នុងការប្រកបអាជីវកម្ម
អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
ឯកឧត្តម បានបង្ហាញពីការវាយតម្លៃ និងចំណាត់ថ្នាក់អាហារ ដែលមាន១០ចំណុច និងពិន្ទុដែលវាយតម្លៃពីផ្កាយ១ ទៅដល់ផ្កាយ៥ ផងដែរ។ ហើយខាងក្រសួងទេសចរណ៍ក៏មានយុទ្ធនាការទៅលើប្រធានបទ ភោជនីយដ្ឋានស្អាត ភោជនីយដ្ឋានគ្មានសម្រាមជាក្រដាសនៅក្រោមតុ ដែលតម្រូវឱ្យអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវអនុវត្តគោលការណ៍គំរូ៣ គឺ៖
១. បញ្ជីរាយនាមមុខម្ហូប
២. បង្គន់អនាម័យ
៣. បញ្ហាអនាម័យនៅតុអាហារ។
ក្រៅពីនេះ ឯកឧត្តមក៏បានបន្ថែមទៅការការពារបង្ការជំងឺកូវីដ១៩ ដែលតម្រូវអតិថិជនទាំងអស់ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតពីគ្នាផងដែរ។ ចំពោះខាងក្រសួងសុខាភិបាល បានធ្វើបទបង្ហាញដោយ លោកឱសថការី អាំង ហុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ ក្រសួងសុខាភិបាល បានចែករំលែកទៅលើការថែរក្សារសុខភាព អាហារដែលគួរពិសារបរិភោគ និងថែរក្សាអនាម័យ ជាពិសេសបន្ថែមទៅលើការវាយតម្លៃទៅលើចំណីអាហារ លិខិតបញ្ជាក់ទៅលើចំណីអាហារ ដែលមាន៧១សំនួរក្នុងការវាតម្លៃទៅតាមពិន្ទុ ពីនិទ្ទេស C ដល់និទ្ទេស A ដែលត្រួតពិនិត្យទៅលើការរៀបចំអាហារ ការកែច្នៃ ការថែរក្សា ការសម្អាត ទៅលើអាហារដើម្បីអោយមានសុវត្ថិភាព បុគ្គលិកធ្វើការ និងទីតាំងធ្វើការផងដែរ។ ចំពោះ លោក ទុយ សុខនេង ជាសហស្ថាបនិកនៃ Food Safety Group – FSG ក៏មានមតិយោបល់មិនខុសពីខាងក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ដែលលោកបានបន្ថែមនិងបញ្ជាក់ពីស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារដែលមានដូចជា៖
ការអនុវត្តន៍វិធីសាស្រ្តស៥
ការអនុវត្តន៍ផលិតកម្មល្អ
ការអនុវត្តន៍គោលការណ៍ “វិភាគមុខសញ្ញាគ្រោះថ្នាក់ និង ចំណុចត្រួតពិនិត្យសំខាន់”
ការអនុវត្តន៍ស្តង់ដារប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពអាហារគម្រិតខ្ពស់
លោក ទុយ សុខនេង ក៏បានបន្ថែមទៅលើចំណុច យុទ្ធសាស្ត្រដើម្បីរក្សាបាននៅផលចំនេញ គឺ
១. របៀបផ្តល់ព័តមាន និងរក្សាអោយបាននៅការទាក់ទងជាមួយអតិថិជន និងអ្នកផ្គត់ផ្គង់
២. បង្កើតវិធីសាស្រ្តថ្មីៗដើម្បីជំនួសសេវាកម្មចាស់
៣. ត្រូវមានផែនការចំណាយអោយច្បាស់លាស់
៤. សម្របខ្លួនតាមបរិបទសម័យ Covid 19 និងរៀបគម្រោងបន្តទៅមុខជាលំដាប់តាមដាន ព័ត៌មានថ្មីៗពីស្ថានភាព និងបត់បែនតាមបច្ចុប្បន្នភាព។
លោកឧកញ៉ា គួច សុខលី នាយកប្រតិបត្តិនៃ YINKOK FOOD CORP ដែលជាក្រុមហ៊ុនដ៏ធំមួយនៅប្រទេសកម្ពុជាដែលទាក់ទងនិងចំណីអាហារ ដូចជា Tous Les Jours Cambodia ,Fast Food /Quick Restaurant Services, Domino's Pizza Cambodia, LotteriaCambodia, The Asian Kitchen (TAK) Cambodia, Tea & Coffee (T&C), Kyochon Cambodia ហើយយក៏ទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ដែលអាហារមានអនាម័យ បុគ្គលិកមានអនាម័យល្អ ទីកន្លែងស្អាត និងមានអនាម័យ ហើយជាអាហារដែលគេពេញនិយមផងដែរ។
ទន្ទឹមនឹងនេះ លោកឧកញ៉ា គួច សុខលី បានលើកឡើងថា យើងទាំងអស់គ្នាដែលចំណាយថវិកាទៅទេសចរណ៍ក្រៅស្រុក គួរតែចំណាយទេសចរណ៍ក្នុងស្រុកអោយបានច្រើនជាងខាងក្រៅ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ប្រទេសជាតិកម្ពុជារបស់យើង និងជាចំណូលក្នុងស្រុកផងដែរ។
សូមបញ្ជាក់ថា វាគ្មិនសុទ្ធតែជាអ្នកមានបទពិសោធន៍មានមុខជំនាញដែលទាក់ទងទៅនឹងវិស័យចំណីអាហារតែម្តង។ កម្មវិធីនេះគឺ បើកទូលាយសម្រាប់សាធារណៈជនទូទៅ ហើយត្រូវបានលើកទឹកចិត្តខ្លាំងដល់សមាជិក និងសមាគមជាដៃគូររបស់ JCI ហើយជាពិសេស អ្នកដែលមានចម្ងល់ទាក់ទងនឹងការដោះស្រាយបញ្ហាក្នុងការគ្រប់គ្រងអាជីវកម្ម និង ការអភិវឌ្ឍទៅលើអាជីវកម្មរបស់ខ្លួន កម្មវិធីនេះត្រូវបានគេចាត់ទុកថាជាវេទិកាផ្តល់ប្រឹក្សាផ្លូវការមួយដែលមានលក្ខណៈពិសេស ។ កម្មវិធីនេះ នឹងមាននៅឆ្នាំក្រោយធំជាងឆ្នាំនេះ ដោយសារតែវិបត្តិកូវីដ-១៩ ដូច្នេះយើងអនុវត្តមានកម្រិត ដែលអនុវត្តតាមរដ្ឋាភិបាល ដែលមិនអនុញ្ញាតអោយមានមនុស្សច្រើន ហើយចំពោះឆ្នាំក្រោយនឹងមាន។
សូមបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិ-កម្ពុជាសាខាច្បារអំពៅគឺជាអង្គការអន្តរជាតិ មិនរកប្រាក់ចំណញមួយ ដែលប្រមួលផ្តុំដោយពាណិជ្ជករវ័យក្មេងអាយុក្រោម៤០ឆ្នាំជាច្រើន ដែលកំពុងស្ម័គ្រចិត្តចូលរួមអភិវឌ្ឍសង្គមដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រៅពីកម្មវិធី សិក្ខាសាលានេះ សមាគមមួយនេះ ក៍មានគម្រោងជាច្រើនដើម្បីអភិវឌ្ឍសហគមន៍បង្កើតឱកាសពាណិជ្ជកម្មអភិវឌ្ឍសមត្ថភាពបុគ្គលនិងទំនាក់ទំនងអន្តរជាតិផងដែរ៕