Pirlo រៀបផែនការ B រួច​ស្រេច​ ប្រសិន​បើទិញ Suarez មិន​បាន

  • 2020-09-07 06:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Andrea Pirlo ត្រូវ​បាន​គេ​ដឹង​ថា​ដាក់​ការ​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Alvaro Morata ដើម្បី​នាំ​គេ​មក​កាន់ Juventus វិញ ប្រសិន​បើ​ទិញ Luis Suarez មិន​បាន។

អ្នក​ចាត់​ការ​ថ្មី​​របស់ Juventus ខាង​លើ​កំពុង​ព្យាយាម​សម្លឹង​មើល​ខ្សែ​ប្រយុទ្ធ​ក្នុង​​ទីផ្សារ​ដោះដូរ​រដូវ​ក្ដៅ​នេះ ហើយ​ Suarez តារា​របស់​ក្លឹប Barcelona ជា​មុខ​សញ្ញា​​ធំ​ដែល​លោក​ចង់​បាន។ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ​បាន​ចុះ ប្រសិន​បើ Juventusបរាជ័យ​ក្នុង​ការ​នាំ​យក Suarez ពួក​គេ​នឹង​បង្វែរ​គោលដៅ​ទៅ Morata វិញ។

Morata ធ្លាប់​បាន​ចំណាយ​ពេល​២ឆ្នាំ​នៅ Juventus ក្រោយ​ផ្លាស់​ពី Real Madrid ក្នុង​ឆ្នាំ​២០១៤​នូវ​តម្លៃ​ខ្លួន​២៥,៨​លាន​ផោន។ កីឡាករ​វ័យ​២៧​ឆ្នាំ​​មាន​អនុស្សាវរីយ៍​ល្អ​​អំឡុង​ពេល​លេង​នៅ Juventus ដោយ​រក​បាន​២៧​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៩៣​ប្រកួត។ គេ​ក៏​បាន​ជួយ​ក្រុម​ឈ្នះ​ពាន Serie A ២​ដង​និង​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ទៀត​ផង​ តែ​ចាញ់ Barcelona ៣-១ នៅ​ឆ្នាំ​២០១៥។

កុងត្រា​របស់ Morata នៅ​ក្លឹប Atletico Madrid ​នៅ​សល់​រហូត​ដល់​ឆ្នាំ​២០២៣​ឯណោះ ដូច្នេះ​សម្រាប់​ការ​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​មិន​​តម្លៃ​ថោក​ដែរ បើ​ប្រៀប​ទៅ​នឹង Suarez៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ