ជើងឯក​ប៉ះ​គ្នា​រដូវ​កាល​ទី២​ ប្រជុំ​សុទ្ធតែ​ជើង​ខ្លាំង​ត្រូវសងសឹក​គ្នា ចំរើន​ បូរ៉ា​ សេរីវណ្ណថង​

  • 2020-09-28 04:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ CNC​ កម្មវិធី​ប្រដាល់​ «អ្នក​តស៊ូ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ រដូវ​កាល​ទី២​ នេះ​រឹតតែ​កក្រើក​ជាង​មុន​ទៅ​ទៀត​ ខណៈ​បេក្ខភាព​សុទ្ធតែ​ជើង​ខ្លាំង​ប្រចាំ​ទម្ងន់​ ៦០​គីឡូក្រាម​ និង​ជា​កីឡាករ​ដែល​ត្រូវ​សងសឹក​គ្នា​ផង​ដែរដូច​ជា​ អេលីត​ ចំរើន​ ឃីម​ បូរ៉ា​ ឈិត​ សេរីវណ្ណថង​ ធន់​ មករា​ និង​កីឡាករ​មួយ​ចំនួន​ទៀត។​

រូបភាពផ្ដល់ជូន

តំណាង​ខាង​គោ​ជល់​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​មាន​ការ​គាំទ្រ​ច្រើន​លើសលប់​ពី​សំណាក់​អ្នក​ស្រឡាញ់​វិស័យ​ប្រដាល់​គុន​ខ្មែរ​ចំពោះ​កម្មវិធី​ «អ្នក​តស៊ូ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ នៅ​រដូវ​កាល​មុន​ដូច្នេះ​ហើយ​ទើប​រដូវ​ការ​ទី២​នេះ​នាំ​មក​នូវ​អ្វី​ដែល​ពិសេស​ និង​រឹតតែ​អស្ចារ្យ​តាម​រយៈ​កីឡាករ​ខ្លាំងៗ​ បូក​ប្រាក់​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់។​

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​ក្រើន​រំលឹក​ដល់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ក៏​ដូច​ជា​ ចៅក្រម​ អាជ្ញា​កណ្ដាល​ ឬ​គ្រូ​ពេទ្យ​ជា​ដើម​សូម​ធ្វើ​ការ​ឲ្យ​អស់​ពី​សមត្ថភាព​ និង​ខំប្រឹង​ប្រែង​បំពេញ​ភារកិច្ច​ឲ្យ​បាន​ល្អ​កុំ​មាន​ភាព​ឆក​ល្វែង​ចំណុច​ណា​មួយ​ឲ្យ​សោះ។​

សន្និសីទបើកការ​ប្រកួត

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រដាល់​ «អ្នក​តស៊ូ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ នេះ​គឺ​ចម្រាញ់​យក​ជើង​ឯក​ក្រុម​ទី១​ ទៅ​ប៉ះ​ជើងឯក​ក្រុម​ទី២​ ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​១គ្រឿង​ អម​ដោយ​ប្រាក់​រង្វាន់​​ ២០​លាន​រៀល(៥០០០​ដុល្លារ)។​ ​បេក្ខភាព​ក្រុម​ទី១​ អេលីត​ ចំរើន​ ម៉ឺន​ មេឃា​ សោម​ វិឆ័យ​ និង​ ឡុង​ ជិន​(ទើប​របួស​ថ្ងៃ​សៅរ៍​ ទី២៦ កញ្ញា​)។​ ចំណែក​ក្រុម​ទី២​ ឃីម​ បូរ៉ា​ ឈិត​ សេរីវណ្ណថង​ ធន់​ មករា​ និង​ សេន​ កុសល។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី៣​ ខែ​តុលា​ ឆ្នាំ​ ២០២០​ ខាង​មុខ​នេះ​នៅ​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​