ទប់ទឹកភ្នែកសឹងមិនជាប់ ពេលអានសារភរិយា John Legend រៀបរាប់ពីការបាត់បង់កូនក្នុងផ្ទៃ

  • 2020-10-02 03:54:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គូ​ស្វាមី​​តារា​ចម្រៀង​ John Legend និង​ភរិយា​ Chrissy Teigen បាន​បើក​បង្ហាញ​រឿង​រ៉ាវ​ទុក្ខសោក​ធ្ងន់​បំផុត​ដែល​ខ្លួន​មិន​ធ្លាប់​ជាប់​ប្រទះ​ក្នុង​ឆាក​ជីវិត គឺ​ការ​បាត់បង់​កូន​ក្នុង​​ផ្ទៃ​។

អម​ដោយ​រូបភាព​ស​ខ្មៅ​មួយ​សន្លឹក Chrissy បាន​សរសេរ​រៀប​រាប់​ដូច​ត​ទៅ​នេះ​ ៖

“ពួក​យើង​ពិត​ជា​រន្ធត់​ចិត្ត​​ និង​មាន​អារម្មណ៍​ថា​ចុក​ចាប់​ខ្លាំង ជា​ការ​ចុកចាប់​ដែល​យើង​មិន​ធ្លាប់​ជួប​ពី​មុន​មក។ ពួក​យើង​មិន​អាច​បញ្ឈប់​​ការ​ហូរ​ឈាម​បាន​ និង​មិន​អាច​​ផ្ដល់​ឈាម​បាន​គ្រប់គ្រាន់​ដល់​​ទារក​ ទោះ​បី​ជា​ខំ​​បញ្ចូល​ឈាម​ច្រើន​ប្លោក​យ៉ាង​ណា​ក្ដី។ ​គឺ​មិន​​ចេះ​គ្រប់​គ្រាន់​តែ​ម្ដង។

ពួក​យើង​មិន​ដែល​បាន​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ឲ្យ​កូន​យើង រហូត​ដល់​ពេល​វេលា​ចុង​ក្រោយ​បំផុត​ក្រោយ​ពួក​គេ​កើត គឺ​​មុន​ពេល​យើង​ចេញ​ពី​មន្ទីរពេទ្យ​បន្តិច​ប៉ុណ្ណោះ។ ប៉ុន្តែ​​យើង​បាន​ចាប់​ផ្ដើម​ហៅ​អាច្រមក់​ក្នុង​ពោះ​ម្នាក់​នេះ​ថា Jack។ ដូច​នេះ​សម្រាប់​យើង​គឺ​គាត់​មាន​ឈ្មោះ​ថា Jack។ Jack បាន​ប្រឹងប្រែង​ដើម្បី​ក្លាយ​ជា​សមាជិក​គ្រួសារ​ដ៏​តូច​មួយ​នេះ ហើយ​គាត់​នឹង​នៅ​ជា​មួយ​យើង​ជា​រៀង​រហូត។

ផ្ញើ​​ចំពោះ​ Jack, ម៉ាក​ពិត​ជា​សុំទោស​ដែល​ជីវិត​​របស់​កូន​ត្រូវ​ជួប​រឿង​លំបាក​ជា​ច្រើន សុំ​ទោស​ដែល​យើង​មិន​អាច​ផ្ដល់​នូវ​ជម្រក​ដែល​កូន​ត្រូវ​ការ​ដើម្បី​អាច​ឆ្លង​ផុត។ ពួក​យើង​នឹង​​ស្រឡាញ់​កូន​ជាប់​ក្នុង​ចិត្ត​ជានិច្ច។

អរគុណ​គ្រប់​គ្នា​ ដែល​បាន​ផ្ញើ​កម្លាំង​ចិត្ត​វិជ្ជមាន​ និង​បាន​ធ្វើ​ការ​បន់​ផ្សង​។ ពួក​យើង​ជ្រួតជ្រាប​នូវ​ក្ដី​ស្រឡាញ់​របស់​អ្នក​ទាំង​អស់​គ្នា និង​​ពិត​ជា​អរគុណ​ខ្លាំង​ណាស់។

ពួក​យើង​ពិត​ជា​ពេញ​ចិត្ត​នឹង​ជីវិត​ដែល​យើង​មាន​ ស្រឡាញ់​ពេញ​ចិត្ត​​ Luna និង Miles ដែល​ជា​កូនៗ ពេញ​ចិត្ត​រាល់​រឿង​រ៉ាវ​អស្ចារ្យ​ជា​ច្រើន​ដែល​យើង​បាន​ឆ្លង​កាត់។ ប៉ុន្តែ​​ជីវិត​​មិន​អាច​ស្រស់​បំព្រង​រាល់​ថ្ងៃ​នោះ​ទេ។ នៅ​ថ្ងៃ​ដ៏​អួអាប់​បំផុត​នេះ​ ពួក​យើង​នឹង​សោក​សង្រេង ពួក​យើង​នឹង​យំ​ឲ្យ​អស់​ទឹក​ភ្នែក។ ប៉ុន្តែ​ពួក​យើង​នឹង​អោប​គ្នា​ នឹង​ស្រឡាញ់​គ្នា​កាន់​តែ​ខ្លាំង ហើយ​នឹង​ឆ្លង​កាត់​វា​ជា​មួយ​គ្នា៕​​​​​​​​​”​​​​

ប្រភព៖ Instagram   ប្រែ​សម្រួល៖ សុខហេង