ស្វែង​យល់​ប្រវត្តិ​ឲ្យ​ច្បាស់​ពី Calvert-Lewin កីឡាករ​ឡើង​ជើង​របស់ Everton

  • 2020-10-09 04:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Dominic Calvert-Lewin កំពុង​ទាក់ទាញ​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ក្នុង​រដូវ​កាល​ថ្មី​ជាមួយ Everton តាម​រយៈ​ការ​​រក​គ្រាប់​បាល់​បាន​គ្រប់​ប្រកួត​ក្នុង​លីគ។ សម្រាប់​យប់​មិញ​គេ​ក៏​រក​បាន​ទាត់​បញ្ចូល​ទី​​មួយ​គ្រាប់​ផង​ដែរ ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ជម្រើសជាតិ​អង់គ្លេស។

​Calvert-Lewin កើត​​នៅ​ឆ្នាំ​១៩៩៧ នៃ​ទីក្រុង Sheffield ប្រទេស​អង់គ្លេស​ បច្ចុប្បន្ន​មាន​អាយុ​២៣​​ឆ្នាំ។ គេ​ចាប់​ផ្ដើម​ហាត់​​បាល់​ដំបូង​​ក្នុង​ឈុត​យុវជន​របស់ Sheffield United ដែល​ជា​ទី​កន្លែង​កំណើត​របស់​ខ្លួន​ផ្ទាល់​តែ​ម្ដង។

ត្បិត​តែ​​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ដំបូង​ក្នុង​ក្រុម Sheffield United ប៉ុន្តែ Lewin បាន​លេង​ប្រកួត​​ដំបូង​​ក្នុង​នាម​ជា​កីឡាករ​អាជីព​​ជាមួយ​ក្រុម​ Stalybridge Celtic ក្នុង​ឆ្នាំ​២០១៤។ Stalybridge ជា​ក្រុម​ស្ថិត​ក្នុង​​លីគ​ក្រោម​មួយ​របស់​អង់គ្លេស ហើយ Lewinពេល​នោះ​ជា​កីឡាករ​ខ្ចី​ជើង​ពី Sheffield។

លេង​បាន​មួយ​រដូវ​កាល Sheffield បាន​បន្ត​​ឲ្យ Lewin ខ្ចី​ជើង​ទៅ​​​ក្រុម​ Nothampton Town ។ ឈាន​ដល់​ឆ្នាំ​២០១៦ Everton បាន​សម្រេច​ចិត្ត​ទិញ Lewin ពី Sheffield ក្នុង​តម្លៃ​ខ្លួន​១,៥​លាន​ផោន។ គេ​​បាន​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ​ Everton ក្នុង​នាម​ជា​កីឡាករ​បម្រុង លេង​ទល់​នឹង Arsenal កាល​ពី​ខែ ធ្នូ ឆ្នាំ ២០១៦។

៤​រដូវ​កាល​ដំបូង​របស់ Lewin ជាមួយ​ក្លឹប​ថ្មី​គឺ​មិន​សូវ​លេច​មុខ​មាត់​ប៉ុន្មាន​ទេ ប៉ុន្តែ​គេ​ជា​សមាជិក​សំខាន់​ម្នាក់​​ដែល​សឹង​តែ​មិន​សូវ​បាត់​មុខ​ក្នុង​ការ​ប្រកួត​ក្នុង​លីគ។ រដូវ​កាល​២០១៩-២០ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ដល់​ទៅ​៣៦​ប្រកួត​នៅ Premier League។

វ័យ​ទើប​តែ​នៅ​ក្មេង រដូវ​កាល​២០២០-២១ ជា​ពេលវេលា​មាស​របស់ Lewin ដោយ​គេ​បាន​បង្ហាញ​ទម្រង់​លេង​លេច​ធ្លោ​មែនទែន​ក្នុង​លីគ។ ដើម​រដូវ​កាល​ដំបូង​បង្ហាញ​ខ្លួន​បាន​៤​ប្រកួត Lewin រក​​បាន​៦​គ្រាប់​ទៅ​ហើយ ក្រោម​ការ​ដឹក​នាំ​របស់​លោក Carlo Ancelotti នៅ​ Everton៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ