ក្តីស្រមៃរបស់កូនខ្មែរ សាងសង់មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា កំពុងចេញរូបរាងបណ្តើរៗហើយ

  • 2020-10-16 08:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ត្រូវ​បានសាង​សង់​ឡើង​នៅ​លើ​ផ្ទៃ​ដី ១២៦ ហិកតា ស្ថិត​នៅ​ក្នុង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ។

គម្រោង​ប្លង់​នេះ មាន​រាង​សណ្ឋាន​ជា​ស្លឹក​ពោធិ៍ ហើយ​នៅ​ក្នុង​បរិវេណ​ទាំង​ក្រៅ និង​ក្នុង​នឹង​សាង​សង់​ទិដ្ឋភាព​ចម្រុះ​ពាក់​ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា ។ នៅ​ចំ​កណ្តាល​យើង​នឹង​សាង​សង់​ព្រះ​មហា​ចុល្លា​មុនី​ចេតិយ​ព្រះ​សមណ​គោតម ដ៏​ធំ​បំផុត​មាន​ទទឹង ៨០ ម៉ែត្រ និង​កម្ពស់​រហូត​ដល់​ទៅ ៩២,៧០ ម៉ែត្រ សម្រាប់​តម្កល់​ព្រះ​អដ្ឋិធាតុ​ព្រះពុទ្ធ​អង្គ​ដែល​បាន​សុំ​មក​ពី ប្រទេស​ឥណ្ឌា។ ព្រះ​មហា​ចេតិយ​នេះ មាន​កម្ពស់ ១១ ជាន់​ដែល​ក្នុង​នោះ​មាន​សាល​សន្និសីទ សាល​ប្រជុំ សាល​ពិព័រណ៍ បណ្ណាល័យ រដ្ឋបាល និង​កន្លែង​ជា​ច្រើន​ទៀត។​មាន​មហា​ប្រាសាទ​ចំនួន ១២ បែង​ចែក​ជា​ពីរ​ជួរ​ព័ទ្ធ​ជុំវិញ។

ជួរ ទី១ ប្រើ​សម្រាប់​តម្កល់​គម្ពីរ ក្បួន​ច្បាប់​សាសនា និង​ផ្ទាំង​ថ្ម​ចារ​គម្ពីរ​ព្រះ​ត្រៃ​បិដក​ទាំង ១១០ ភាគ។ មហា​ប្រាសាទ​ជាន់ ទី២ ប្រើ​សម្រាប់​តម្កល់​ព្រះ​ពុទ្ធ​រូប​ចំនួន ៤០ ០០០ ព្រះ​អង្គ សង់​ឡើង​ពី​ថ្ម​ភ្នំ។ បន្ទាប់​មក​នឹង​មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ​សម្រាប់​ធ្វើ​ពិធី​សាសនា​ធំៗ ហើយបានកសាង​ផ្ទាំង​សិលា​ចារ​គម្ពីរ​ព្រះ​ត្រៃបិដក​ចំនួន ១ ០០០ ផ្ទាំង​ហើយ។

ក្រៅ​ពី​នោះ «មជ្ឈ​មណ្ឌល​វប្បធម៌​ព្រះ​ពុទ្ធ​សាសនា​កម្ពុជា» មាន​សាង​សង់​កន្លែង​ទាក់​ទិន​នឹង​ប្រវត្តិ​របស់​ព្រះពុទ្ធ​អង្គ​កប់​នៅ​ក្នុង​ព្រៃ ដើម្បី​ឲ្យ​មហាជន​បាន​ស្វែង​យល់​បន្ថែម មាន​សាង​សង់​ព្រះពុទ្ធ​អង្គ​ដ៏​ធំ​ចំនួន ៤ ទិស មាន​សាង​សង់​វត្ត​អារាម កន្លែង​សំណាក់​ធម៌​របស់​លោក​តា​លោក​យាយ កន្លែង​ដាំ​ផ្កា​សម្រាប់​ជា​តង្វាយ​ព្រះ និង​ក្បួន​ប្រាសាទ​ជា​ច្រើន​ទៀត។

តាម​ការ​សិក្សា គម្រោង​នេះ អាច​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង ១០ លាន​ដុល្លារ​អាមេរិក ហើយ​ត្រូវ​ប្រើ​ពេល​កសាង​ប្រហែល​ពី ៥ ទៅ ៧ ឆ្នាំ ទើប​រួច​រាល់»។

ការ​កសាង​សំណង់​ដ៏​ធំ​ស្កឹម​ស្កៃ​នេះ ត្រូវ​បាន​ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹក ប៊ុនថា បញ្ជាក់​ថា ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​លើក​តម្កើង​ព្រះ​ពុទ្ធ​សាសនា ទ្រ​ទ្រង់​ពុទ្ធ​វចនៈ​ឲ្យ​គង់​នៅ។ ទី២ គឺ​ដើម្បី​បុណ្យ​កុសល​មនុស្ស​ទូទៅ និង​ខ្លួន​ឯង និង ទី៣ គឺ​ដើម្បី​ទុក​ជា​ទ្រព្យ​សម្បត្តិ​របស់​ប្រទេស​ជាតិ។

ប្រភព៖ Khmer Architectural