បែកធ្លាយទ្រង់ទ្រាយធំ នូវចំណុចខ្លាំងគូប្រជែង iPhone 12
- 2020-10-20 03:50:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយទ្រង់ទ្រាយធំ នូវចំណុចខ្លាំងគូប្រជែង iPhone 12
ចន្លោះមិនឃើញ
ស្មាតហ្វូន Huawei Mate 40 Series នឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី២២ ខែតុលានេះ ដែលមុនមួយថ្ងៃនៃការចេញលក់ iPhone ជំនាន់ថ្មី។ មុនការប្រកាសចេញនេះ មានការបែកធ្លាយជាមុននូវលក្ខណៈសម្បត្តិរបស់ Huawei Mate 40 Pro ដែលទទួលបានពី Roland Quandt ជាប្រភពគួរទុកចិត្តមួយ។
Mate 40 Pro នឹងមានបំពាក់នូវអេក្រង់មានរាងកោង ដែលធ្វើឲ្យស៊ុមអេក្រង់អេក្រង់សងខាងរលាយបាត់ពេលដែលសម្លឹងមើលចំ។ Mate ថ្មីនេះនឹងមានរាងកោងជាង P40 Pro ប៉ុន្តែមិនលះបង់នូវប៊ូតុងចុចផ្នែកចំហៀងដូចជា Mate ចេញឆ្នាំ ២០១៩ ឡើយ។
អេក្រង់នឹងមានទំហំ ៦,៧៦អ៊ីញ ជាទំហំធំជាងគេក្នុង Mate Series ហើយក៏មានដង់ស៊ីតេរូបភាពខ្ពស់ដល់ទៅ ៤៥៦ភីកសែលក្នុងមួយអ៊ីញ ដោយសារមានកម្រិតបង្ហាញរូបភាព 1344 x 2772 ភីកសែល។ ទាក់ទងនឹង Refresh Rate វិញ មិនទាន់ដឹងនៅឡើយទេ។
កាមេរ៉ាក្រោយឯណោះ មានគួបផ្សំដោយកាមេរ៉ា Telephoto ទំហំ ១២MP ដែលមានសមត្ថភាព Zoom Optical 5x (មាន Focal Length ប្រវែង 125ម.ម)។ គួរឲ្យចាប់អារម្មណ៍មួយទៀតគឺមានការប្រើប្រាស់ Laser Autofocus ជាមួយនឹង Sensor វាស់ជម្រៅ ដើម្បីពង្រឹងលើសមត្ថភាព Autofocus។
កាមេរ៉ាមេមានទំហំ ៥០MP ដែលមាន Aperture f/1.9 និងមានបច្ចេកវិទ្យារក្សាលំនឹង OIS។ កាមេរ៉ានេះនឹងអាចថតវីដេអូបានដល់កម្រិត 8K ហើយមានភ្លើង LED ពីរពណ៌ជាមួយ Sensor ពណ៌ ដែលអាចផលិតពណ៌បានប្រសើរជាងមុន។ កាមេរ៉ាបន្ទាប់ទៀតគឺជាប្រភេទ Ultrawide ដែលមានទំហំ ២០MP មាន Aperture f/1.8។ នៅផ្នែកខាងមុខក៏នឹងមាន Sensor វាស់ជម្រៅផងដែរ ដែលអមនូវកាមេរ៉ា Selfie ទំហំ ១៣MP។
Mate 40 Pro នឹងដំណើរការដោយបន្ទះឈីប Kirin 9000 ជាបន្ទះឈីបផលិតដោយបច្ចេកវិទ្យា 5nm ហើយមានបង្កប់នូវ Modem 5G មកជាមួយស្រាប់។ GPU ដែលប្រើលើឈីបនេះនឹងជាប្រភេទ Mali-G78 ដែលធ្វើឲ្យ Kirin 9000 មានសមត្ថភាពក្រាហ្វិកខ្លាំងក្លាជាង Snapdragon 865+។
សម្រាប់ទីផ្សារអឺរ៉ុប Huawei គ្រោងដាក់លក់ប្រភេទ RAM ទំហំ ៨GB និងអង្គផ្ទុកទំហំ ២៥៦GB ប្រភេទ UFS 3.1។ ចំណែកនៅប្រទេសចិននឹងមាន RAM ទំហំដល់ ១២GB ដែលអាចពង្រីកទំហំបានតាមរន្ធមេមូរីកាត។
Mate 40 Pro នេះនឹងមានល្បឿនសាកថ្មដល់ទៅ 65W ជាមួយថ្មទំហំ ៤៤០០mAh ដែលមានទំហំដូចមុនដដែល។ ស្មាតហ្វូននេះក៏គាំទ្រការសាកថ្មឥតប្រើខ្សែ និង Reverse Charging ផងដែរ ប៉ុន្តែមិនដឹងអំពីល្បឿននៅឡើយទេ។
Mate 40 Pro នេះនឹងដាក់លក់ដោយមានដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 បូកនឹង EMUI 11 ចេញមកពីប្រអប់ និងមាន Huawei Media Services។ ស្មាតហ្វូននេះអាចនឹងចេញលក់នៅអឺរ៉ុបនាឆ្នាំក្រោយ ប៉ុន្តែនៅប្រទេសចិនអាចនឹងចេញលក់មុនដំណាច់ឆ្នាំ ២០២០៕