ទីបំផុត Hummer បង្ហាញខ្លួនវិញ លែងប្រើសាំង ឯកម្លាំង ១០០០សេះ

  • 2020-10-21 02:29:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលជិត ១០ឆ្នាំបន្ទាប់ពីរថយន្ត Hummer ចាកចេញពីខ្សែសង្វាក់ផលិតកម្ម ឥឡូវនេះវាបានវិលត្រលប់មកវិញ ជាមួយនឹងលក្ខណៈពិសេសអស្ចារ្យជាងមុន និងមានកម្លាំងខ្លាំងជាងមុនផងដែរ។

រថយន្ត GMC Hummer EV បានបង្ហាញខ្លួនសម្រាប់ម៉ូដែលឆ្នាំ២០២២ ហើយជារថយន្តដំណើរការដោយថាមពលអគ្គសនីសុទ្ធ។

បើនិយាយពីការឌីហ្សាញវិញ Hummer EV បំពាក់ប៉ាណាមុខរាងតូច គួបផ្សំនឹងចង្កៀងមុខ LED រាងស្លីម ប៉ុន្តែមានកាងមុខធំ និង បន្ទះការពារបាតក្រោមសម្រាប់ការបើកបរ Off-road ផងដែរ។ ចំណែកឯផ្នែកខាងក្រោយវិញ វាក៏បំពាក់ចង្កៀង LED និង កាងដ៏ធំ ជាមួយនឹងទម្ពក់រាងអក្សរ D។ រថយន្តភីកអាប់នេះបំពាក់សម្បកកង់ទំហំ ៣៥អ៊ីញមកស្តង់ដារ ដែលអាចបើកកាត់ទឹកបានជម្រៅ ៦១០មីល្លីម៉ែត្រ។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្តទំហំ ១៣,៤អ៊ីញ ដែលងាយស្រួលទៅកាន់ប្រព័ន្ធ UltraVision ដែលមើលកាមេរ៉ាបាន ១៨ មុំផ្សេងៗគ្នា។

រថយន្ត Hummer EV នឹងបំពាក់មុខងារពិសេសមួយ ហៅថា Super Cruise ដែលអនុញ្ញាតឲ្យអ្នកបើកបរប្រលែងដៃពីចង្កូត នៅលើផ្លូវចម្ងាយច្រើនជាង ២០០ ០០០ម៉ាយ៍ (៣២១ ៨៦៩គីឡូម៉ែត្រ)។ កម្លាំងរបស់វាបានមកពីម៉ូទ័រអគ្គិសនីចំនួន ៣ ដែលបង្កើតកម្លាំងបានសរុប ១ ០០០សេះ ហើយប្រើប៉ុងពីរ អនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រមាណ ៣វិនាទី នៅពេលប្រើប្រាស់មុខងារ Watts to Freedom។

ម៉ូទ័រទាំងនោះត្រូវផ្តល់ថាមពលឲ្យដោយកញ្ចប់អាគុយអគ្គិសនី Ultium ដែលអាចឲ្យវាបើកបរបានចម្ងាយ ៣៥០ម៉ាយ៍ (៥៦០គីឡូម៉ែត្រ) នៅពេលសាកភ្លើងពេញម្តង។ បើនិយាយពីការសាកភ្លើងវិញ ភីកអាប់ Hummer នេះអាចគាំទ្រដល់ការសាក ៣៥០គីឡូវ៉ាត់ ដូច្នេះវាអាចសាកពី ០-១៦០គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹម ១០នាទីប៉ុណ្ណោះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង