ក្រោយជំនន់ទឹកភ្លៀង ផ្លូវចំនួន២៩ខ្សែ ក្នុងក្រុងភ្នំពេញ កំពុងជួសជុលជាបណ្តោះអាសន្ន
- 2020-11-03 08:08:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយជំនន់ទឹកភ្លៀង ផ្លូវចំនួន២៩ខ្សែ ក្នុងក្រុងភ្នំពេញ កំពុងជួសជុលជាបណ្តោះអាសន្ន
ចន្លោះមិនឃើញ
មន្ត្រីជំនាញមន្ទីរសាធារណការរាជធានីភ្នំពេញ បានអះអាងថា ផ្លូវចំនួន២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ត្រូវបានក្រសួងសាធារណការនិងរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការជួសជុលជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៣ខែវិច្ឆិកានេះថា ក្រោយ ជំនន់ទឹកភ្លៀងបានវាយលុករាជធានីភ្នំពេញរួចមក ផ្លូវមួយចំនួនត្រូវបានខូចខាត។
លោកបានឲ្យដឹងទៀតថា ចំពោះមុខនេះ ក្រសួងសាធារណការ និង រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជួសជុលជាបណ្ដោះអាសន្នសិន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ជាក់ស្តែង ផ្លូវជាតិលេខ៤ បាននិងកំពុងជួសជុល, ចំណែកផ្លូវ ២០A ផ្លូវ ៦A ក្រោយជួសជុលបណ្តោះអាសន្ន និងដាក់ឱ្យ ដំណើរការបណ្តោះអាសន្នដែរ រីឯផ្លូវផ្សេងៗទៀត កំពុងជួសជុលលុបសំបុកមាន់។
លោក សាំ ពិសិដ្ឋ បានឱ្យដឹងទៀតថា ក្រោយជំនន់ទឹកភ្លៀងបានស្រក ធ្វើឱ្យផ្លូវក្នុងរាជធានីភ្នំពេញចំនួន២៩ខ្សែទទួល រងការខូចខាត ផ្លូវខ្លះខូចខ្លាំង ខ្លះមធ្យម និងផ្លូវខ្លះទៀត ខូចតិចតួច ។ ចំពោះផ្លូវដែលខូចខាតខ្លាំងចាំបាច់ត្រូវមានការសិក្សា វាយតម្លៃពីក្រសួង មុននឹងអនុវត្តន៍ ប៉ុន្តែយេីងក៏បានជួសជុលបណ្តោះអាសន្នជាបន្តបន្ទាប់ដែរ កុំឱ្យមានគ្រោះថ្នាក់ ដូចជាផ្លូវ ជាតិលេខ ២។
លោកបន្តថា ចំពោះការខូចខាតមធ្យមនិងតិចតួច រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមជួសជុលជាបន្តបន្ទាប់ ចំណែកផ្លូវទំនប់ សណ្តស្ទឹងព្រែកត្នោត ក្រសួងបាននិងកំពុងជួសជុលហេីយ ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ផ្លូវ២១៧ឬផ្លូវចំការដូងមួយកំណាត់ ដែលលិចលង់ធ្ងន់ធ្ងរ ចាប់ពីស្ពានព្រែកជ្រៃ ដល់រង្វង់ មូលកួរស្រូវ អាចអនុញ្ញាតឱ្យធ្វើចរាចររថយន្តតូចៗបាន ចំពោះរថយន្តធំ មិនទាន់ឱ្យធ្វើចរាចរទេ ព្រោះខ្លាចខូចគ្រឹះ៕