ដំណឹងថ្មីមួយទៀត ធ្វើឲ្យអ្នកគាំទ្រ Galaxy Note កាន់តែខូចចិត្ត

  • 2020-11-23 07:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​នេះ​គេ​បាន​លេច​ឮ​ដំណឹង​ចេញ​ពី​ប្រភព​ផ្សេង​គ្នា​ជា​ច្រើន​ថា​ Samsung មាន​បំណង​​បន្ថែម​ប៊ិច​ S-Pen ទៅ​លើ Galaxy S21 Ultra និង​ស្មាតហ្វូន​ Galaxy Z Fold 3 រួម​ទាំង​ការ​បញ្ចប់​ជីវិត​ Galaxy Note Series នៅ​ត្រឹម​ Galaxy Note 20 Series ទៀត​ផង។ នា​ពេល​នេះ​មាន​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ថ្មី​មួយ​ទៀត ដែល​មក​បញ្ជាក់​ដំណឹង​ទាំង​ប៉ុន្មាន​នេះ។

​​សារព័ត៌មាន​ Aju News បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ Samsung គ្រោង​បន្ថែម​ប៊ិច​ S-Pen របស់ Galaxy Note ទៅ​លើ Galaxy Z Fold 3 និង Galaxy S21 Ultra។ ប្រភព​ដដែល​នេះ​បាន​អះអាង​ដែរ​ថា​ Z Fold 3 នឹង​មាន​រន្ធ​សម្រាប់​ដោត​ប៊ិច S-Pen ហើយ​វា​នឹង​ប្រកាស​ចេញ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២១។

បន្ថែម​ពី​នេះ​ Aju News បាន​ឲ្យ​ដឹង​ថា​ Galaxy Note Series នឹង​ត្រូវ​បញ្ឈប់​ការ​អភិវឌ្ឍន៍ និង​ការ​ផលិត​ដោយ​សារ​ប៊ិច S-Pen បាន​បង្ហាញ​​ប្ដូរ​ទី​ប្រើ​លើ​ផលិតផល​ផ្សេង។

ប្រភព​ខាង​លើ​ក៏​បាន​និយាយ​អំពី​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់ Galaxy Z Fold 3 ដោយ​ថា​ Samsung បាន​អភិវឌ្ឍន៍​​អេក្រង់​​ស្ដើង​ (UTG) ជំនាន់​ទី​ពីរ ដែល​មាន​ការពារ​ដោយ​កញ្ចក់​ពិសេស​អាច​គាំទ្រ​ការ​បញ្ជា​ដោយ​ប៊ិច​ S-Pen បាន។ គួរ​ដឹង​ថា​ស្មាតហ្វូន​បត់​មុនៗ​របស់​ Samsung មាន​ប្រើ​អេក្រង់​​ប្លាស្ទិក​ដែល​ងាយ​ឆ្កូត និង​ងាយ​ខូច​រូបរាង។

Aju News បាន​ឲ្យ​ដឹង​ទៀត​ថា Samsung ក៏​មាន​គម្រោង​បំពាក់​បច្ចេកវិទ្យា​បង្កប់​កាមេរ៉ា​ Selfie ក្រោម​អេក្រង់​លើ​ស្មាតហ្វូន​បត់​ថ្មី​ផង​ដែរ​ ប៉ុន្តែ​អាច​នឹង​បោះបង់​គម្រោង​​ការ​នេះ​ចោល​ប្រសិន​បើ​អេក្រង់ និង​គុណភាព​រូបរាង​មិន​ល្អ​ដូច​ដែល Samsung ចង់​បាន៕​​​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង