ថៃ ធ្វើតាមសន្យា ចាយលុយ៧៨លានដុល្លារ ទិញវ៉ាក់សាំងកូវីដ១៩ ឲ្យពលរដ្ឋខ្លួន

  • 2020-11-29 05:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃបានចំណាយលុយចំនួន ២,៣៧ ពាន់លានបាត (ប្រហែល ៧៨ លានដុល្លារ) លើវ៉ាក់សាំងកូវីដ១៩ ដែលខ្លួនបានសន្យាថានឹងទិញឲ្យពលរដ្ឋខ្លួននាពេលកន្លងមក។

នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានចុះហត្ថលេខាលើការទិញវ៉ាក់សាំងពី AstraZeneca ដែលជាក្រុមហ៊ុនអង់គ្លេស-ស៊ុយអ៊ែត។ អ្នកនាំពាក្យរដ្ឋាភិបាល លោក Traisulee Traisornranakul បាននិយាយថា វ៉ាក់សាំងដែលមានប្រសិទ្ធិភាពយ៉ាងតិច ៧០% ខាងលើ ទំនងជានឹងមកដល់ថៃ នៅពាក់កណ្តាលឆ្នាំក្រោយ។

នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា

គួរឲ្យដឹងថា ក្រុមហ៊ុន AstraZeneca បានបង្កើតវ៉ាក់សាំងរួមជាមួយសាកលវិទ្យាល័យ Oxford នៅក្រោម COVAX ដែលជាកម្មវិធីដឹកនាំដោយអង្គការសុខភាពពិភពលោក ដែលយ៉ាងហោចណាស់មានប្រទេសចំនួន ១៦៥ បានយល់ព្រមគាំទ្រការចែកចាយវ៉ាក់សាំង ដែលបានអនុម័តត្រឹមត្រូវ និងសមធម៌។ វាក៏ត្រូវបានផ្តល់មូលនិធិដោយ មូលនិធិ Bill & Melinda Gates Foundation ផងដែរ។

កាលពីថ្ងៃចន្ទកន្លងទៅនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Anutin Charnvirakul បានពន្យល់ថា តម្លៃដ៏ច្រើនសន្ធឹកសន្ធាប់សរុបចំនួន ៦,១ ពាន់លានបាត (ប្រហែល ១៩៩ លានដុល្លារ) ដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុន នឹងគ្របដណ្តប់លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្ភារៈដឹកជញ្ជូន និងទិដ្ឋភាពផ្សេងទៀតនៃការចែកចាយវ៉ាក់សាំងនេះ។ ថវិកាទាំងអស់នោះនឹងត្រូវចំណាយសម្រាប់ថ្នាំវ៉ាក់សាំង AstraZeneca ចំនួន ២៦ លានដប ដែលវាគ្រប់គ្រាន់សម្រាប់ប្រើលើប្រជាជន ១៣ លាននាក់៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម