Samsung អាចចេញ Galaxy Note មួយទៀតលើកចុងក្រោយ មុនសម្រេចដាក់ចូលផ្នូរ

  • 2020-11-30 07:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ ET News បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ Samsung នឹង​ដាក់​បញ្ចូល​គ្នា​នូវ​ត្រកូល​ Galaxy S និង Galaxy Note ដោយ​បន្ថែម​ប៊ិច​ S-Pen លើ​ Galaxy S។ យ៉ាងណាក្ដី Samsung ប្រហែល​ជា​នឹង​ប្រកាស​ចេញ​ Galaxy Note ស៊េរី​ថ្មី​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ ២០២១។

​ដំណឹង​នៃ​ការ​លុប​បំបាត់​ Galaxy Note នេះ​មិន​មែន​ទើប​តែ​លេច​ឮ​លើក​ទី​មួយ​នោះ​ទេ។ កាល​ពី​សប្ដាហ៍​មុន​សារព័ត៌មាន​សេដ្ឋកិច្ច​របស់​កូរ៉េ​មួយ​ទៀត​បាន​ចុះ​ផ្សាយ​ថា​ប៊ិច​ S-Pen នឹង​ត្រូវ​បន្ថែម​លើ Galaxy S21 Ultra និង Galaxy Z Fold 3 ហើយ​​ Galaxy Note ត្រូវ​បញ្ឈប់​ការ​ផលិត​តែ​ម្ដង។ ការ​ចុះ​ផ្សាយ​ចុង​ក្រោយ​នេះ​បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​លើ​ដំណឹង​កាល​ពី​សប្ដាហ៍​មុន​ ប៉ុន្តែ​បាន​ដក​ស្រង់​សម្ដី​​​ពី​​ប្រភព​ផ្ទៃ​ក្នុង​នៃ​​ឧស្សាហកម្ម​ស្មាតហ្វូន​ដោយ​និយាយ​ថា​ Samsung នឹង​ចេញ Galaxy Note ថ្មី​មួយ​ចុង​ក្រោយ មុន​ការ​បញ្ឈប់​ផលិត​ជា​ផ្លូវ​ការ។

​​ប្រភព​ផ្ទៃ​ក្នុង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​និយាយ​ថា ៖ "វា​ទំនង​ជា​នឹង​មាន​​ Galaxy Note ថ្មី​តែ​មួយ​ប្រភេទ​គត់​ដែល​​គ្រោង​នឹង​ប្រកាស​ចេញ​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២១។ ក្រុមហ៊ុន Samsung Electronics នឹង​ផ្ដោត​លើ​ការ​ផលិត​ស្មាតហ្វូន​បត់​ឲ្យ​ច្រើន​ជាង​​ស្មាតហ្វូន​ត្រកូល Note នៅ​ឆមាស​ទីពីរ។”

ការ​ចុះ​ផ្សាយ​របស់ ET News បាន​សន្និដ្ឋាន​ថា​ Samsung គ្រោង​នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​បត់​ជា​ច្រើន​នៅ​ឆ្នាំ ២០២១។ ប៉ុន្តែ​មុន​ការ​ប្រកាស​ចេញ​ក្រុមហ៊ុន​នឹង​បន្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​បន្ថែម​លើ​កញ្ចក់​កម្រាស់​ស្ដើង​បំផុត រួម​ជា​មួយ​ Digitizer ដែល​​ជា​គ្រឿង​ទទួល​យក​ទិន្នន័យ​ពី​ប៊ិច S-Pen។ Samsung នឹង​ត្រូវ​អភិវឌ្ឍន៍ Digitizer ដែល​អាច​បត់​បែន​បាន​ ដើម្បី​ដាក់​បញ្ចូល​លើ​ Galaxy Z Fold 3៕​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង