ថ្ងៃ​នេះ យឹម តាស្រង់ ចេញ​មុខ​ផ្ទាល់ ក្រោយ​លេច​តម្លៃ​ខ្លួន សីម៉ា ខ្ពស់​កប់​ពពក ដល់​២ម៉ឺន​ដុល្លារ!

  • 2020-12-09 08:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​១​សប្ដាហ៍​មុន មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ក្រោយ​លេច​ដំណឹង​ថា តន់ ច័ន្ទ​សីម៉ា មាន​តម្លៃ​ហត់នឿយ​សម្រាប់​ការ​ច្រៀង​តាម​កម្មវិធី​នានា​ដល់​ទៅ ២ម៉ឺន​ដុល្លារ​អាមេរិក ហើយ​នៅ​ពេល​នេះ យឹម តាស្រង់ ដែល​ជា​មេកើយ​របស់​តារា​ចម្រៀង​បាន​ចេញ​មុខ​និយាយ​រឿង​នេះ​ដោយ​ផ្ទាល់។

យឹម តាស្រង់ នៅ​តែ​អះអាង​ថា រឿង​តម្លៃ​ខ្លួន​របស់​តារា​ចម្រៀង​ស្រី​ជួរ​មុខ​របស់ Galaxy រូប​នេះ ពិត​ជា​មាន​តម្លៃ​ដល់ ២ម៉ឺន​ដុល្លារ​អាមេរិក​ពិត​មែន​ដែល​ជា​តួលេខ​ខ្ពស់​បំផុត​សម្រាប់​សិល្បករ​ក្នុង​ស្រុក ប៉ុន្តែ​ថា តួលេខ​នេះ មិន​ត្រូវ​គ្រប់​កម្មវិធី​​នោះ​ទេ។

"បើ​និយាយ​ពី​រឿង​ផ្ដោត​វិញ គឺ​យើង​ផ្ដោត​ទៅ​លើ​ការ​ប្រគំ​តន្ត្រី​ធំ​ៗ ដែល​យើង​ដាក់​តម្លៃ​ត្រឹម ៥ពាន់​ដុល្លារ សម្រាប់​កម្មវិធីតូច​ៗ ដែល​មិន​មែន​ជា​ការ​ប្រគំ​តន្ត្រី គឺ​យើង​ដាក់​តម្លៃ ២ម៉ឺនដុល្លារ"។ យឹម តាស្រង់ ថ្លែង។

ប្រភេទ​កម្មវិធី​តូច​ៗ ដែល​នាយក​គ្រប់​គ្រង​ផលិតកម្ម Galaxy Navatra លើក​ឡើង​នេះ គឺ​សំដៅ​ទៅ​កម្មវិធី​មង្គល​ការ និង​ពិធី​ជប់​លៀង និង​ខួប​កំណើត ប៉ុន្តែ​ជា​កម្មវិធី​របស់​អ្នក​ដែល​មាន​ជីវភាព​ល្អ​ប្រសើរ​ខ្លាំង ឬ​ហៅ​ម្យ៉ាង​ទៀត​ថា "ត្រកូល​អភិជន"។ "អីចឹង​ហើយ បើ​គាត់​ពេញ​ចិត្ត ចង់​បាន សីម៉ា តម្លៃ​ប៉ុណ្ណឹង គឺ​គាត់​អាច​ធ្វើ​ទៅ​តាម​បាន..."។

តា​ស្រង់​បន្ថែម​ថា តម្លៃ​​ទាប​ជាង​នេះ មាន​តារា​ចម្រៀង​ក្នុង​ស្រុក​ជា​ច្រើន​បាន​កំណត់​រួច​ហើយ ដូច្នេះ​ហើយ តារា​ចម្រៀង​របស់​លោក គឺ​មាន​ស្តង់ដារ​តម្លៃ​ហត់នឿយ​សម្រាប់​កម្មវិធី​តូច​ៗ​ទាំង​នោះ​ផ្សេង។ទោះ​យ៉ាង​នេះ​ក្ដី ដូច​ប្រាប់​ពី​ខាង​លើ តាស្រង់ បញ្ជាក់​ថា នេះ​ជា​កម្មវិធី​ដែល​គណៈគ្រប់គ្រង​ផលិតកម្ម​មិន​ផ្ដោត​ខ្លាំង​នោះ​ទេ។

លោក​ថា ផលិតកម្ម​ចង់​ឲ្យ​តារា​ចម្រៀង ទំនេរ​ពី​ការងារ​នោះ​ច្រើន​ជាងប្រសិន​បើ​តម្លៃ​ពលកម្ម​ទាប​ជាង​នោះ ត្បិត​ថា ខាង​ផលិតកម្មក៏​មាន​ការងារ​ផ្សេង​ៗ​ទៀត​ជា​ច្រើន សម្រាប់​ឲ្យ​តារា​ចម្រៀង​របស់​ខ្លួន​ទាំង​អស់​ធ្វើ ក្រៅ​ពី​ច្រៀង ដែល​អាច​ឲ្យ​ពួក​គេ​អាច​រក​កម្រៃ​បាន​ខ្ទង់​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ក្នុង​១​ខែ​ៗ​ដែរ៕

រូបថត៖ ហ្វេសប៊ុក សីម៉ា

អត្ថបទ៖ ទារិកា