វីដេអូទាយថា Jack Ma ត្រូវគេសម្លាប់ ផ្ទុះឡើងវិញ (វីដេអូ)

  • 2021-01-08 03:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសារព័ត៌មានជាច្រើននៅទូទាំងពិភពលោក បានឲ្យដឹងថា មហាសេដ្ឋីចិន Jack Ma កំពុងតែបាត់ខ្លួន ខណៈស្របដែលវីដេអូទស្សន៍ទាយថា លោកនឹងត្រូវគេសម្លាប់ ឬចាប់ដាក់គុក ត្រូវបានបង្ហោះឡើងវិញនៅលើបណ្តាញសង្គម។

ប្រភពជាច្រើនអះអាងថា Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba និង Ant Group បានបាត់ខ្លួនពីក្រសែភ្នែកសាធារណៈជនអស់រយៈពេលជាង ២ខែមកហើយ ដោយក្នុងនោះលោកក៏មិនបានបង្ហាញខ្លួនធ្វើជាចៅក្រមក្នុងវគ្គចុងក្រោយ នៃកម្មវិធីផ្ទាល់ខ្លួនរបស់លោក គឺ Africa's Business Heroes ដែរ។

លោក Ma អតីតអ្នកមានបំផុតនៅចិន ហើយបច្ចុប្បន្នជាប់លេខ ២៥ លើ Bloomberg's Billionaires Index ដោយមានទ្រព្យសម្បត្តិសរុបជាង ៥០ពាន់លានដុល្លារ ត្រូវបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ខាងលើ ប៉ុន្តែក្រោយមកត្រូវអ្នកស្រី Lucy Peng ដែលជាស្ថាបនិកមួយរូបនៃក្រុមហ៊ុន Alibaba មកជំនួសវិញ។

ទោះជាយ៉ាងណាក៏ដោយ ការបាត់ខ្លួនរបស់ Jack Ma ត្រូវបានគេសង្ស័យថា អាចមកពីសំដីដែលលោកបាននិយាយ នៅក្នុងទីក្រុងសៀងហៃ កាលពីខែតុលា ដោយរិះគន់ច្បាប់ធនាគរចិន ហើយស្នើសុំការផ្លាស់ប្តូរ។ នៅពេលនោះ លោក Ma បាននិយាយថា "ប្រព័ន្ធហិរញ្ញវត្ថុសព្វថ្ងៃ គឺជាកេរ្តិ៍ដំណែលនៃយុគសម័យឧស្សាហកម្ម។ យើងត្រូវរៀបចំប្រព័ន្ធថ្មីសម្រាប់អ្នកជំនាន់ក្រោយ និងមនុស្សវ័យក្មេង។ យើងត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធបច្ចុប្បន្នចេញ"។

ក្រោយពីមានរបាយការណ៍ពីការបាត់ខ្លួនរបស់ Jack Ma រួចមក វីដេអូឃ្លីបសម្ភាសន៍មួយខ្សែដែលបានចេញផ្សាយ កាលពីខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានគេចែកចាយរាប់រយដងឡើងវិញ នៅលើបណ្តាញសង្គម Twitter។ នៅក្នុងវីដេអូនោះ លោក Guo Wengui ដែលបានគេចខ្លួនចេញពីប្រទេសចិន កាលពីឆ្នាំ២០១៤ បន្ទាប់ពីបានបង្ហាញព័ត៌មានលម្អិតនៃអំពើពុករលួយនៅក្នុងប្រទេស បាននិយាយនៅក្នុងវីដេអូនោះថា អនាគតរបស់ Jack Ma មានតែ ២ផ្លូវប៉ុណ្ណោះ គឺ "ជាប់គុក ឬ ស្លាប់"៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Newsweek   ប្រែ​សម្រួល៖ សេង ឡុង