ជោគជ័យផ្ទួនៗ! ខាត់ ខេវិន ឈ្នះពានថតរូប ក្នុងចំណោមមនុស្ស ៣ម៉ឺននាក់ពីប្រទេសថៃ
- 2021-01-22 08:17:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជោគជ័យផ្ទួនៗ! ខាត់ ខេវិន ឈ្នះពានថតរូប ក្នុងចំណោមមនុស្ស ៣ម៉ឺននាក់ពីប្រទេសថៃ
ចន្លោះមិនឃើញ
ខាត់ ខេវិន កាន់តែជោគជ័យខ្លាំងលើចម្រៀង Cover របស់ខ្លួន ដែលមានអ្នកចូលមើលដល់ខ្ទង់លាននាក់។ ទន្ទឹមគ្នានេះដែរ បុរសសម្បុរស្រអែមរូបនេះ ក៏ទើបតែឈ្នះពានថតរូប ពីប្រទេសថៃទៀតផង។
ក្រៅពីជាអ្នក Cover បទចម្រៀង ខាត់ ខេវីន ក៏ជាអ្នកថតរូបអាជីព ប្រកបដោយទឹកដៃល្អផងដែរ។ ខេវិន បានប្រាប់ Sabay ថារូបលោកទើបតែទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតរូបថត ពីប្រទេសថៃ។ "កាលពីចុងឆ្នាំ២០១៩ ដើមឆ្នាំ ២០២០ នៅប្រទេសថៃមានកម្មវិធីប្រកួតថតរូបមួយដែលមានមនុស្សចូលរួមជាង ៣ម៉ឺននាក់ ហើយក្នុង ចំណោមមនុស្សមកពីជុំវិញប្រទេសជាច្រើនក្នុងនោះ មានខ្ញុំម្នាក់ដែរជាកូនខ្មែរ ហើយខ្ញុំក៏បានឈ្នះពាន ចំណាត់ថ្នាក់លេខ៣ ប្រចាំឆ្នាំ២០១៩។ រូបថតដែលខ្ញុំបានឈ្នះនោះជារូបថត Pre-wedding ដែលបានជាប់ ៣ដំណាក់កាលគឺ ប្រចាំសប្ដាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ"។
សូមបញ្ជាក់ថា កន្លងមក ខេវិន ក៏ធ្លាប់បានក្រុមហ៊ុនមួយ អញ្ជើញឱ្យទៅបង្រៀនថតរូបដល់បុគ្គលិកប្រមាណ ៣ពាន់នាក់ផងដែរ។
បច្ចុប្បន្ននេះ ក្រៅពីពង្រឹងលើអាជីពថតរូប និងអាជីវកម្ម studio Advance wedding របស់ខ្លួន ខេវិន ក៏កំពុងសម្រុកក្នុងការធ្វើបទចម្រៀងផ្ទាល់ខ្លួនផងដែរ។ បន្ថែមលើនេះ លោកធ្លាប់បានចេញបទចម្រៀងផ្ទាល់ខ្លួនចំនួន ៣បទ ក្នុងផលិតកម្ម Art Production និងត្រៀមចេញបទថ្មីឆាប់ៗនៅខាងមុខនេះទៀត។ បទចម្រៀង Cover របស់លោកដែលមានការគាំទ្រខ្លាំងជាងគេ គឺបទ "នឹកអូនខ្លាំងណាស់" ដែលមានអ្នកទស្សនាក្នុង YouTube ចំនួនជាង ៨លានដង។ បទនេះជាសំនៀងដើមរបស់លោក ខាត់ ខាវ៕