គួរលើកទឹកចិត្ត តាន់ គឹមសួរ និងសិល្បករល្បីៗខ្មែរ នាំគ្នារៀបចំព្រឹត្តិការណ៍បៃតងសង្ក្រាន្តការពារព្រៃឈើ
- 2021-02-01 03:12:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរលើកទឹកចិត្ត តាន់ គឹមសួរ និងសិល្បករល្បីៗខ្មែរ នាំគ្នារៀបចំព្រឹត្តិការណ៍បៃតងសង្ក្រាន្តការពារព្រៃឈើ
ចន្លោះមិនឃើញ
លោក តាន់ គឹមសួរ ដែលគេឃើញចូលរួមធ្វើកិច្ចការសង្គមហូរហែមកនោះ ឥឡូវនេះបានផ្ដួចផ្ដើមគំនិតចូលរួមសង្គមថ្មីទៀត ដោយបានកៀរគរសិល្បករខ្មែរល្បីៗ រៀបចំ “ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត” ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ និងអភិរក្សព្រៃឈើ។
តាមសន្នីសីទសារព័ត៌មានកាលពីចុងសប្ដាហ៍ ធ្វើឡើង ក្នុងន័យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររបស់យើងផង។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅមួយសប្ដាហ៍ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាប់ផ្ដើម ពោលគឺថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះនៅឯទំនប់ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោក តាន់ គឹមសួរ ប្រធានគម្រោង “ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត” មានប្រសាសន៍ថា ការថែរក្សាអត្តសញ្ញាណនិងដួងព្រលឹងជាតិខ្មែរ គឺជាកាតព្វកិច្ចរបស់មនុស្សខ្មែរគ្រប់រូប។ ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត គឺជាចលនាមួយនៃការផ្សាភ្ជាប់រវាងមនុស្ស និងមនុស្ស មនុស្ស និងធម្មជាតិ មនុស្ស និងសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងបណ្ដុះមនសិការយុវជនឱ្យចេះស្រឡាញ់ អភិរក្ស ថែរក្សា និងអភិវឌ្ឍន៍ សម្បត្តិធម្មជាតិ មរតកវប្បធម៌ជាតិ។ ព្រឹត្តិការណ៍បៃតងសង្ក្រាន្តនេះបានរួមចំណែកយ៉ាងសំខាន់ក្រោមហេតុផលជាច្រើនដូចជា៖
• ទី១ ជាចំណែកមួយនៃការលើកស្ទួយវិស័យវប្បធម៌ខ្មែរយើង គាស់កកាយឡើងវិញនូវវប្បធម៌ដែលមិនសូវមានអ្នកស្គាល់
• ទី២ ជាចំណែកមួយនៃការបំផុសបំផុលឲ្យប្រជាជនយើងមានការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើ និងឈានឆ្ពោះទៅដល់ការកាត់បន្ថយនិងបញ្ឍប់ការកាប់បំផ្លាញព្រៃឈើនិងសម្លាប់សត្វព្រៃ។
• ទី៣ បង្កើនចំណូលដល់ប្រជាជននៅតំបន់ដែលកំពុងតែមានការកាប់ទន្ទ្រានព្រៃយ៉ាងអនាធិបតេយ្យ
កញ្ញា សាធ សូរ្យដានី អ្នកសម្របសម្រួលទូទៅ ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត មានប្រសាសន៍បន្ថែមថា លើសពីនេះទៅទៀត ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត ក៏នឹងរួមចំណែកក្នុងការលើកកម្ពស់ស្ត្រី និងកុមារកម្ពុជា ក្នុងការចូលរួមការងារសង្គម លើកស្ទួយវប្បធម៌ និងអភិរក្សព្រៃឈើកម្ពុជាថែមទៀត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បៃតងសង្ក្រាន្តនេះត្រូវបានដឹកនាំនិងរៀបចំឡើងដោយយុវជនស័្មគ្រចិត្តជួយសង្គម បៃតងវ៉ររៀរស៍ ហើយនេះមិនមែនជាកម្មវិធីទីមួយដែលយុវជនស័្មគ្រចិត្តជួយសង្គម បៃតងវ៉ររៀរស៍ បានរៀបចំឡើងនោះទេ គឺកម្មវិធីធំៗត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីរួមចំណែកចំបងក្នុងការជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ស្ដារព្រៃឈើឡើងវិញ លើកស្ទួយវប្បធម៌ខ្មែរ ក៏ដូចជាការងារមនុស្សធម៌ដើម្បីជួយសង្គមផ្សេងៗទៀតដែរ។ ពោលកម្មវិធីធំៗប្រចាំឆ្នាំដែលបៃតងវ៉ររៀរស៍បានរៀបចំឡើងមានដូចជា៖
“កម្មវិធីប្រគំតន្ត្រីបៃតង” ធ្វើឡើងក្នុងបុព្វហេតុការពារ អភិរក្សព្រៃឈើក្នុងដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្ថិតនៅ ខេត្តព្រះវិហារ។ កម្មវិធីដាំកូនឈើចំនួន (១០ម៉ឺន) ១០០,០០០ដើម ក្រោមប្រធានបទ «រួមគ្នាព្យាបាលដំបៅផែនដី» និងសកម្មភាព ដឹកនាំការផលិតបាននូវជែលលាងដៃកម្ចាត់មេរោគជិត២០០,០០ដប និងម៉ាសចំនួន ៥០,000សន្លឹក ដើម្បីចែកជូនប្រជាជនយើងទូទាំងប្រទេសបញ្ចៀស ក៏ដូចជាការពារខ្លួនពី Covid-19 ជាដើម។
សកម្មភាពនីមួយៗរបស់ក្រុមយុវជនខាងលើ រមែងមានការចូលរួមកុះករដោយក្រុមសិល្បករខ្មែរល្បីៗជាច្រើន៕