Jack Ma បាត់ឈ្មោះពីបញ្ជីសហគ្រិនឈានមុខរបស់ចិន

  • 2021-02-03 03:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈ្មោះរបស់​ស្ថាបនិក​ Alibaba Group លោក Jack Ma បាន​បាត់​​ពី​បញ្ជី​សហគ្រិន​ឈាន​មុខ​​​ដែល​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន​សារព័ត៌មាន​រដ្ឋ​ចិន។ នេះ​បង្ហាញ​ថា​​មហាសេដ្ឋី​រូប​នេះ កាន់​តែ​មាន​ភាព​រកាំរកូស​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

អត្ថបទ​អំពី​សហគ្រិន​ឈាន​មុខ​​របស់​ចិន​ដែល​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Shanghai Securities News មិន​ឃើញ​មាន​ឈ្មោះ​របស់​លោក Jack Ma ប៉ុន្តែ​មាន​ឈ្មោះ​លោក Ren Zhengfei ស្ថាបនិក​ Huawei, លោក Lei Jun ស្ថាបនិក Xiaomi និង​លោក Wang Chuanfu ស្ថាបនិក​ BYD។

អត្ថបទ​នេះ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ពេល​ដែល Alibaba ធ្វើ​ការ​ប្រកាស​លទ្ធផល​ប្រាក់​ចំណូល​ប្រចាំ​ត្រីមាស​ទី​៤ ឆ្នាំ ២០២០។ ទាក់ទង​នឹង​ការ​បាត់​ឈ្មោះ​ស្ថាបនិក​របស់​ខ្លួន ខាង​ក្រុមហ៊ុន Alibaba នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

គួរ​រំលឹក​ថា​ដើម​ហេតុ​នៃ​ភាព​រកាំរកូស​រវាង​លោក​​ Jack Ma និង​រដ្ឋាភិបាល​ចិន​ គឺ​ចាប់​ផ្ដើម​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ពេល​ដែល​លោក Jack Ma និយាយ​រិះគន់​លើ​ប្រព័ន្ធ​និយតកម្ម​របស់​ប្រទេស​ចិន ដែល​ជា​លទ្ធផល​នាំ​ឲ្យ​មាន​ការ​ផ្អាក​ការ​ដាក់​លក់​ហ៊ុន​ជា​សាធារណៈ​របស់​ក្រុមហ៊ុន Ant Group (ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Alibaba)។

​បន្ទាប់​ពី​ការ​រិះគន់​នេះ​ដែរ​លោក Jack Ma ដែល​តែង​តែ​បង្ហាញ​មុខ​នៅ​ទី​សាធារណៈ បែរ​ជា​បាត់​មុខ​ពី​ក្រសែ​ភ្នែក​មហាជន​រយៈពេល​ប្រហែល ៣ខែ ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​លើ​ការ​បាត់​មុខ​របស់​លោក។ យ៉ាងណាមិញ​លោក Jack Ma បាន​បង្ហាញ​មុខ​ជា​ថ្មី​កាល​ពី​ខែ​មករា​ តាម​រយៈ​សន្និសីទ​វីដេអូ​មួយ៕

ប្រភព៖ Inquirer   ប្រែ​សម្រួល៖ សុខហេង