គិតតម្លៃភ្លើងនៅខ្មែរ បើសាកភ្លើងឡាន Tesla មួយពេញ អស់ប៉ុន្មានលុយ?

  • 2021-02-24 03:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក់ព័ន្ធជុំវិញការប្រើប្រាស់រថយន្ត Tesla នៅតែជាចម្ងល់ដ៏ធំមួយ ចំពោះអ្នកដែលកំពុងចាប់អារម្មណ៍លើរថយន្តអគ្គិសនីនេះ ដែលវានឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗ។

គួរឲ្យដឹងថា រថយន្ត Tesla ដែលនឹងមានវត្តមានដំបូងបង្អស់នៅខ្មែរ គឺ Tesla Model X បន្ទាប់មកនឹងមាន Tesla Model 3 ទៀត។ ទោះជាយ៉ាងណាក៏ដោយ សំនួរចម្លើយដែលមនុស្សជាច្រើនចង់ដឹងបំផុតនោះគឺ តើវាអាចសាកភ្លើងបានដោយរបៀបណា តើសាកភ្លើងម្តងត្រូវចំណាយអស់ប៉ុន្មាន ហើយតើវាថោកជាងការប្រើប្រាស់ប្រេងឥន្ទនៈ ដូចគេនិយាយដែរឬទេ?

ជាទូទៅ បើទោះបីជាវាស្ថិតនៅក្នុងប្រទេសណាក៏ដោយ រថយន្តអគ្គិសនីអាចសាកភ្លើងបានយ៉ាងហោចណាស់ ២ របៀប គឺ សាកភ្លើងនៅផ្ទះ និង ស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនី។

មុននឹងបកស្រាយចំពោះសំនួរខាងលើ Sabay សូមធ្វើការបញ្ជាក់ឲ្យដឹងដែរថា រថយន្ត Tesla Model X ចែកចេញជាច្រើនម៉ូដែលខុសៗគ្នា ខណៈម៉ូដែលកប់បំផុតគឺ 100D និង P100D បំពាក់កញ្ចប់អាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០គីឡូម៉ែត្រ និង ៤៩០គីឡូម៉ែត្រ។

បើផ្អែកតាមតម្លៃភ្លើងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ប្រសិនបើការប្រើប្រាស់ប្រចាំខែចាប់ពី ៥១ ដល់ ២០០គីឡូវ៉ាត់ម៉ោង គឺគិតអាត្រា ៦១០រៀល/គីឡូវ៉ាត់ម៉ោង។ ដូច្នេះប្រសិនបើអ្នកចង់សាកភ្លើងរថយន្ត Tesla Model X ដែលមានអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង នោះអ្នកត្រូវចំណាយលុយពី ៦១ ០០០រៀល។

ជាមួយនឹងតម្លៃ ៦១ ០០០រៀល អ្នកអាចបើករថយន្ត Tesla Model X បានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ដូច្នេះបើប្រៀបធៀបទៅនឹងរថយន្តប្រើប្រេងឥន្ទនៈ អាចចាត់ទុកថាចំណេញជាងគួរសមដែរ ព្រោះរថយន្តប្រើប្រេងឥន្ទនៈជាមធ្យម មានកម្រិតស៊ីប្រេងចន្លោះពី ៦-៨ លីត្រ/១០០គីឡូម៉ែត្រ។

គួរឲ្យដឹងដែរថា រថយន្ត Tesla Model X ជាមធ្យមចំណាយពេលប្រមាណ ៦,៥ម៉ោង ដើម្បីសាកភ្លើងឲ្យពេញម្តង៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម