ឪពុកម្ដាយគ្មានលទ្ធភាពឱ្យរៀនត ឈួន ប្រសិទ្ធ​ ចូលហាត់បាល់ទះនៅមហាផ្ទៃ

  • 2021-02-26 04:51:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើតក្នុងគ្រួសារជីវភាពមធ្យមយុវជន ឈួន ប្រសិទ្ធ រៀនបានត្រឹមថ្នាក់ទី១២ នៃវិទ្យាល័យសិរីមង្គលខេត្តកណ្ដាល។ ក្ដីស្រមៃចង់រៀន IT នៅសាកលវិទ្យាល័យក្នុងទីក្រុងភ្នំពេញក៏កើតមានឡើង ប៉ុន្តែដោយសារជីវភាពគ្រួសារមានកម្រិត គោលបំណងមួយនេះត្រូវកប់ចោល ហើយគេសម្រេច​​ចូលហ្វឹកហាត់និងលេងបាល់ទះ នៅក្លឹប​ក្រសួងមហាផ្ទៃ។

ទាក់ទងនឹងចំណង់រៀនត ប្រសិទ្ធ បានឱ្យដឹងថា ៖«ខ្ញុំធ្លាប់គិតចង់រៀន IT តែម៉ាក់ប៉ាខ្ញុំប្រាប់ថា ​អត់មានលទ្ធភាពឱ្យកូនរៀនទេ ចប់ថ្នាក់ទី១២ហ្នឹងឱ្យទៅហាត់ (បាល់ទះ) ជាមួយបងហើយ ហើយគាត់ថាទៅហាត់ទៅ ល្អអីគេដាក់ចូលក្របខ័ណ្ឌប៉ូលិស បានជួយកាត់បន្ថយបន្ទុកគ្រួសារផង»។

ដោយមើលឃើញពីភាពខ្វះខាតជាក់ស្ដែង​​ ក្នុងឆ្នាំ២០១៧ យុវជនវ័យ២៣ឆ្នាំ ក៏បានទៅហ្វឹកហាត់បាល់ទះជាមួយបងប្រុសបង្កើត ដែលជាកីឡាករនៅក្លឹប​ក្រសួងមហាផ្ទៃ ប៉ុន្តែពេលនេះលោកបានឈប់ពីកីឡាហើយ។

ដោយការប្រឹងប្រែងមិនរាថយទីបំផុត យុវជន​កូនទី៤ក្នុងចំណោមបងប្អូន៥នាក់ រស់នៅ​ភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ទទួលបានក្របខ័ណ្ឌ​មន្ត្រីប៉ូលិសនៅឆ្នាំ២០១៩ ដែលអាចជួយសម្រួលបន្ទុកគ្រួសារបានខ្លះៗដែរ។

ងាកទៅការហ្វឹកហាត់ដំបូងវិញ ប្រសិទ្ធ បានជ្រើសរើសយកតំណែងការពារ (លីប៊័ររ៉ូ) ដែលជាតួនាទីមួយពិបាកគួរសម ដ្បិតរូបគេស្ទើរកម្លាំង ស្ទើរបច្ចេកទេស ហើយត្រូវលោត ត្រូវផ្លុង ត្រូវលូន ពេលខ្លះប្រសិទ្ធក៏មានកូនចិត្តចង់ឈប់ដែរ ប៉ុន្តែ​ដោយមានរៀមច្បងណែនាំ គេក៏ខិតខំបន្តក្លាយជាកីឡាករល្អមួយរូបប្រចាំ​ក្លឹប។

ទោះបីជាយ៉ាងណា ក្នុងការប្រកួតផ្លូវការម្ដងៗ ឈួន ប្រសិទ្ធ គឺជាលីប៊័ររ៉ូជម្រើសទី២ បន្ទាប់ពីកីឡាករ លាង ហុង។ ក្រៅពីជំនាញការពារ យុវជនកម្ពស់ ១,៧៩ម៉ែត្រ ក៏ពូកែវាយសេវាលោតស្ទើរប្រអប់ (ដើរ)​ ដែលមានការសរសើរពីមិត្តរួមក្រុម៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី