សៀមរាប៖ ស្រាយបំភ្លឺរឿង គ្រូពេទ្យម្នាក់ស្លាប់ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩?

  • 2021-03-02 15:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចេញសេចក្ដីស្រាយបំភ្លឺជាសាធាណៈពាក់ព័ន្ធ នឹងមរណភាពរបស់ លោកវេជ្ជបណ្ឌិត ស៊ាង តុលា បម្រើការនៅផ្នែកពិគ្រោះជំងឺក្រៅ និងសង្គ្រោះបន្ទាន់ ដំបូងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ សេចក្ដីបំភ្លឺបញ្ជាក់ថា ការស្លាប់របស់លោកវេជ្ជបណ្ឌិត មិនជាប់ទាក់ទងនឹងការចាក់វ៉ាក់សាំងនោះទេ ។ តើមកពីអ្វី?

នៅក្នុងសេចក្ដីស្រាយបំភ្លឺរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកសៀមរាប បានឲ្យដឹងថា វេជ្ជបណ្ឌិត ស៊ាង តុលា ភេទប្រុស អាយុ ៣៩ ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំក្រុងសៀមរាប ជាមន្ត្រីដ៏សកម្មម្នាក់បម្រើការនៅផ្នែកពិគ្រោះជំងឺក្រៅ និងសង្គ្រោះបន្ទាន់ដំបូងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកបានទទួលមរណភាពនៅក្នុងលំនៅដ្ឋាន ប្រហែលម៉ោង ៤ ទៀបភ្លឺថ្ងៃទី ២ មីនា ឆ្នាំ ២០២១។

កាលពីថ្ងៃទី១ មីនា ឆ្នាំ ២០២១ លោកវេជ្ជបណ្ឌិតបានមកបំពេញការងារជាធម្មតា គឺបានមកប្រជុំពេល ព្រឹក និងបានពិនិត្យព្យាបាលជំងឺដូចសព្វដង រហូតវេលាម៉ោង ៣រសៀលគាត់បានស្ម័គ្រចិត្តទៅចាក់ វ៉ាក់សាំងការពារកូវីដ-១៩ (Sinophar) នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ការពិនិត្យ និងវាយ តម្លៃមុនចាក់របស់មន្ត្រីបម្រើការនៅកន្លែងចាក់វ៉ាក់សាំង ឃើញថាគាត់ ពុំមានបញ្ហាដែលត្រូវហាមចាក់ វ៉ាក់សាំងទេ។

រូបតំណាង

បន្ទាប់ពីចាក់រួចគាត់បានគោរពតាមគោលការដោយបានសម្រាកឱ្យមន្ត្រីជំនាញតាមដាន ៣០នាទី បន្ទាប់មកដោយសារពុំមានផលរំខាន និងបញ្ហាអ្វីដែលកើតមានឡើង គាត់ក៏ត្រឡប់មកបន្ត ការងារជាធម្មតារហូតដល់ម៉ោង ៥ រសៀលទើបគាត់បានបើករថយន្តចេញទៅយកប្រពន្ធគាត់ដែលបម្រើ ការនៅមន្ទីរពេទ្យកុមារអង្គររួចបន្តយកកូននៅសាលារៀនមកដាក់នៅឯគេហដ្ឋានគាត់ រួចគាត់ក៏ត្រឡប់មកធ្វើការនៅមន្ទីរពេទ្យបង្អែកវិញរហូតដល់ម៉ោង៨ យប់ទើបត្រឡប់ទៅសម្រាកនៅឯផ្ទះវិញ។

ប្រពន្ធគាត់ និងមិត្តភក្តិគាត់បានបញ្ជាក់ទៀតថា គាត់មានបញ្ហាថប់ដង្ហើមនៅពេលដេក និងមាន ស្រមុកខ្លាំង (Sleep apnca) ពិសេស១សប្តាហ៍ចុងក្រោយនេះ ព្រមទាំងមានប្រវត្តិឈឺទ្រូង និងឧស្សាហ៍ ពិនិត្យអគ្គីសនីបេះដូងជាញឹកញាប់ផងដែរ។ សរុបសេចក្តីមកតាមពត៌មានដែលមានរៀបរាប់ខាងលើ គាត់ពិតជាមានបញ្ហាពាក់ព័ន្ធនឹងសរសៃឈាមបេះដូង។

ភរិយាគាត់បានបន្ថែមថា នៅយប់ថ្ងៃទី ០១ មីនា ២០២១ បន្ទាប់ពីគាត់ត្រឡប់ពីពេទ្យទៅវិញ គាត់បានបរិភោគអាហារ ជុំគ្រួសារជាធម្មតា ហើយមុនពេលចូលសម្រាកគាត់បានត្អូញថាឈឺទ្រូង និង អស់កម្លាំងដោយសារមិនសូវបានសម្រាក។

នៅវេលាម៉ោងជាង០៣ ភ្លឺ ថ្ងៃទី ០២ មីនា ឆ្នាំ ឆ្នាំ ២០២១ គាត់ស្ថិតក្នុងសភាពសន្លប់ និងតាំងដង្ហើមម្តងៗ ឃើញសភាពដូច្នេះ ប្រពន្ធគាត់បានធ្វើការសង្គ្រោះ បេះដូង និងផ្លូវដង្ហើម ព្រមទាំងបានទាក់ទងទៅមិត្តភក្តិគាត់ម្នាក់ជាវេជ្ជបណ្ឌិតមកជួយសង្គ្រោះ តែការសង្គ្រោះមិនបានជោគជ័យ មិត្តភក្តិគាត់នោះបានផ្តល់ពត៌មានមកថ្នាក់ដឹកនាំមន្ទីរពេទ្យ (វេលាម៉ោង ៤និង១២នាទី) រួចសម្រេចបញ្ជូនគាត់មកមន្ទីរពេទ្យតាមរថយន្តសង្គ្រោះមកដល់មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប និងបានមកដល់នៅវេលាម៉ោង ៤ និង ៤៥ នាទី។ ក្នុងកំឡុងពេលនៃការបញ្ជូនមក មន្ទីរពេទ្យ ភរិយាគាត់ និងមិត្តភក្តិដែលសុទ្ធសឹងជាមន្ត្រីសុខាភិបាលបានជួយសង្គ្រោះបេះដូង និង ផ្លូវដង្ហើមជាប់ជាប្រចាំ ប៉ុន្តែគាត់នៅតែមិនដឹងខ្លួន និងមិនមានដង្ហើម និងចលនាបេះដូងដដែល។

ការវាយតម្លៃនៅពេលមកដល់មន្ទីរពេទ្យ របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យបញ្ជាក់ថា គាត់បានស្លាប់ទៅហើយមុនពេលមកដល់មន្ទីរពេទ្យទៀត។ ទោះជាយ៉ាងណាការព្យាយាម សង្គ្រោះបេះដូង និងផ្លូវដង្ហើមនៅតែបន្ត ប៉ុន្តែនៅតែពុំអាចសង្គ្រោះ បានដដែល។

ជាការសន្និដ្ឋាន៖ លោកវេជ្ជបណ្ឌិត ស៊ាង តុលា បានទទួលមរណភាពយ៉ាងទាន់ហន់ដោយបញ្ហា សរសៃឈាមបេះដូង (Myocardial Infarction) និងមិនមានជាប់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ទេ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា