សូមប្រយ័ត្នបំផុត! គ្រូពេទ្យនៅអ្នកលឿង រកឃើញផ្ទុកកូវីដ-១៩ នោះ មិនដឹងខ្លួនឆ្លងពីប្រភពណាទេ

  • 2021-03-07 09:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ៧ មីនា ២០២១ នេះ បានឱ្យដឹងថា មានបុរសម្នាក់វ័យ ៥០ ឆ្នាំ មានអាសយដ្ឋាននៅភូមិ ៣ ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង រកឃើញមានវិជ្ជមានកូវីដ ១៩ ក្នុងចំណោម អ្នកវិជ្ជមានទាំង ៣១ នាក់ឆ្លងក្នងសហគមន៍ សម្រាប់ថ្ងៃទី ៧ មីនា ២០២១ ។

អ្វីដែលគួរឱ្យព្រួយបារម្ភ អ្នកជំងឺកូវីដ ១៩ ខាងលើនេះ គឺជាវេជ្ជបណ្ឌិតម្នាក់ បើកមន្ទីរព្យាបាលនៅទីតាំងខាងលើ នេះ រហូតមកដល់ពេលនេះ សូម្បីតែខ្លួនលោកផ្ទាល់នៅមិនទាន់ដឹងថាឆ្លងចេញពីប្រភពណានោះទេ ។ នេះបើតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Vimean Dara ដែលជាមន្ត្រីនគរបាលមួយរូបបម្រើការងារនៅក្រសួងមហាផ្ទៃ ។

លោកវេជ្ជបណ្ឌិតខាងលើ បានតេស្តរកឃើញវិជ្ជមានកូវីដ ១៩ នៅពេលដែលលោកបានទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង កាលពីថ្ងៃទី ៦ មីនា ២០២១ នេះ ។ បច្ចុប្បន្នអាជ្ញាធរកំពុងរុករកអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើចត្តាឡីស័ក ។

បន្ថែមលើពីនេះទៀតបើតាមសារសំឡេង របស់លោក ចាន់ ថា អភិបារងខេត្តព្រៃវែងបានឱ្យដឹងដែរថា ទីតាំងមួយចំនួននៅ ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានរឹតបន្តឹងការគ្រប់គ្រង ហើយមន្ទីរសម្រាកព្យាបាល អ៊ឹម សុភី ត្រូវបានបិទជាបណ្ដោះអាសន្នហើយ ៕

អត្ថបទ៖ ច័ន្ទ ដារ៉ាឫទ្ធិ