Kylie ជម្រះពាក្យរិះគន់ដែលថា នាងជាសេដ្ឋីនីទាំងមូលតែពេលមិត្តចូលពេទ្យ បែរជាជួយត្រឹម ៥ពាន់ដុល្លារ
- 2021-03-23 05:03:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kylie ជម្រះពាក្យរិះគន់ដែលថា នាងជាសេដ្ឋីនីទាំងមូលតែពេលមិត្តចូលពេទ្យ បែរជាជួយត្រឹម ៥ពាន់ដុល្លារ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ Kylie Jenner បានរងនូវពាក្យរិះគន់យ៉ាងចាស់ដៃពីបណ្ដាញសង្គម នៅពេលបង្ហោះអត្ថបទមួយ សុំជំនួយពីអ្នកគាំទ្រឲ្យជួយបរិច្ចាគលុយទៅឲ្យមិត្តភ័ក្តិរបស់ខ្លួនតាមរយៈវិបសាយមូលនិធិ GoFundMe។
មិត្តភ័ក្តិដែលបានលើកឡើងខាងលើនេះ ត្រូវបានគេស្គាល់ថាឈ្មោះ Samuel Rauda អ្នក Make-Up ដ៏ល្បីឈ្មោះដែលបានធ្វើការជាមួយ Kylie ច្រើនដងណាស់ដែរ។
បើយោងតាមព័ត៌មានចុះផ្សាយ Samuel បានជួបគ្រោះថ្នាក់ចរាចរណ៍ និងត្រូវការសង្គ្រោះបន្ទាន់ និងឈានដល់ការវះកាត់។ ថ្លៃចំណាយទៅលើការវះកាត់នេះ គឺរាប់ម៉ឺនដុល្លារឯណោះ។ សម្រាប់ Kylie ដោយសារឃើញបែបនេះ នាងក៏បានស្ម័គ្រចិត្តប្រកាសជំនួយទៅកាន់អ្នកគាំទ្រទាំងអស់ បើអ្នកណាចង់ជួយ អាចបរិច្ចាគតាមវិបសាយ GonFundMe ចំណែកនាង ក៏បានឧបត្ថម្ភ ៥០០០ដុល្លារដែរ។
ប្រការនេះមានមហាជនមួយចំនួនសរសើរនូវទឹកចិត្តរបស់អ្នកម្ដាយវ័យក្មេងនេះ ប៉ុន្តែបែរជាមានអ្នកខ្លះទៀតនាំគ្នារិះគន់ថា Kylie សព្វថ្ងៃមាន ឈ្មោះជាសេដ្ឋីនីទាំងមូល លុយក៏មិនខ្វះចាយ ប៉ុន្តែហេតុអ្វីជួយតែប៉ុណ្ណឹង?
ដោយសារទំហំនៃសន្ធឹករិះគន់ខ្លាំងពេក Kylie Jenner ក៏បានចេញមុខបកស្រាយថា តាមពិត Samuel មិនមែនជាអ្នក Make-Up ផ្ទាល់របស់នាងទេ គ្រាន់តែធ្លាប់ធ្វើការជាមួយគ្នាកាលពីពេលកន្លងមកប៉ុណ្ណោះ ហើយពួកគេទាំង ២ក៏មិនមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាដែរ គ្រាន់តែពេលធ្វើការជាមួយគ្នា Samuel ជាមនុស្សល្អគួរឲ្យស្រឡាញ់។
ម្យ៉ាងដោយសារឃើញ Samuel ជួបគ្រោះថ្នាក់បែបនេះ នាងក៏មិនដាច់ចិត្តឱបដៃឈរមើលដែរ មានតែទឹកចិត្តបន្តិចបន្តួចជួយដល់លោក និងស្ម័គ្រចិត្តចេញប្រកាសស្វែងរកជំនួយបន្ថែមពីមហាជន ដើម្បីបង្គ្រប់ថ្លៃវះកាត់។
មួយវិញទៀត តាមអ្វីដែលនាងបង្ហោះជាសំណេរលើ Story Instagram សេដ្ឋីនីរូបនេះក៏បានបញ្ជាក់ដែរថា នាងឃើញជំនួយនោះកំណត់ត្រឹម ១០ ០០០ដុល្លារ ហើយលុយដែលមានគេជួយផ្សេងទៀតកើនឡើងដល់ ៦០០០ដុល្លារហើយ ទើបនាងសម្រេចជួយ ៥០០០ដុល្លារបន្ថែម ដើម្បីគ្រប់។
Kylie បន្ថែមថា អ្នកដែលធ្លាប់ស្គាល់នាង ច្បាស់ជាដឹងថា គ្រប់យ៉ាងដែលនាងធ្វើគឺសុទ្ធតែចេញពីចិត្ត ហើយនាងពិតជាចង់ជួយនូវអ្វីដែលនាងអាចធ្វើទៅបាន៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត'