ក្រុម​លោក​ សុក វាសនា ពឹងលើ៣ ចំណុច​នេះ ​ទើប​អាច​ឈ្នះ​ប៉ូលិស​ ៣-២​

  • 2021-03-29 05:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ម្ចាស់​ផ្ទះ​អាស៊ីអឺរ៉ុបយូណាយធីត ​បាន​យក​ឈ្នះ​ក្រុម​នគរបាលជាតិ​ ៣-២ ​ក្នុង​សប្ដាហ៍​ទី​៤​នៃ​ក្របខ័ណ្ឌ​លីគ​កំពូល​កម្ពុជា​រដូវកាល​ឆ្នាំ​២០២១។​ នេះ​ជា​ជ័យជម្នះ​ដំបូង​របស់​ក្រុម​លោក​ សុក​ វាសនា ខណៈ​ពីរ​ប្រកួត​កន្លង​មក​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​ឡើយ។

បើ​តាម​សម្ដី​លោក ​សុក វាសនា​ ជា​គ្រូ​បង្គោល​ក្រុម​ម្ចាស់​ផ្ទះ​ ការ​ឈ្នះ​លើក​នេះ​គឺ​ដោយ សារ​ក្រុម​របស់​លោក​ ពឹង​ផ្អែក​លើ​កត្តា​ស្មារតី ​ការ​កែប្រែ​ប្រព័ន្ធ​លេង ​និង​សំណាង។

បង​ប្រុស​បង្កើត​របស់​ខ្សែ​ប្រយុទ្ធ​ សុក ច័ន្ទរស្មី ​ពន្យល់​ថា​៖« តាម​ពិត​ក្រោយ​ពី​ Pre-season ​មក​ យើង​ដឹង​គុណភាព​របស់​គេ​យ៉ាង​ម៉េច ​យើង​ក៏​ខ្វះខាត​គេ​ក៏​ខ្វះខាត​ដូច​គ្នា ​មាន​ការ​ខ្វះខាត​ជា​ច្រើន។ ហើយ​ណាមួយ​វិញ​សម្រាប់​ការ​ប្រកួត​កន្លង​មក​យើង​កម្រ​ឈ្នះ​គេ​ណាស់ ​មាន​តែ​ស្មើ​និង​ចាញ់ ​ហើយ​ដូចេ្នះ​យើង​ខំ​ពង្រឹង​ពាក់ព័ន្ធ​ទៅ​លើ​សា្មរតី​ទី​១។ ទី​២​យើង​កែ​ប្រព័ន្ធ​លេង​មួយ​ចំនួន​ យើង​ការពារ​ច្រើន​ហើយ​វាយបក​។ ទី​៣​គឺ​យើង​ពឹង​លើ​សំណាង​ផង​ដែរ។ ​ការ​ប្រកួត​កន្លង​មក​យើង​មាន​ ឱកាស​ច្រើន​ តែ​យើង​គ្មាន​សំណាង​ក្នុង​ការ​បញ្ចប់​ទី​បាន​ល្អ ​ចឹងហើយ​ធ្វើ​ឲ្យ​យើង​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា»។

ចំពោះ​ការ​ប្រកួត​ជាមួយ​ក្រុម​នគរបាលជា​តិកាល​ពី​ពេល​ថ្មីៗ​លោក​គ្រូ​ សុក វាសនា ឃើញ​ថាកូន​ក្រុម​របស់​លោក​មាន​ស្មារតី​ល្អ​ប្រសើរ​ជាងមុន ​និង​ស្ដាប់​តាម​ការ​ណែនាំ​របស់​លោក។​ ម្យ៉ាង​ទៀត​ទោះ​ក្រុម​លោក​មាន​ឱកាស​តិចក្ដី​ ប៉ុន្តែមានសំណាងស៊ុតបញ្ចូលទីបានល្អ​ ដូច្នេះ​ហើយ​ទើបក្រុម​ទទួល​បាន​ជ័យជម្នះ។

បើទោះ​ទទួលបាន៣​ពិន្ទុនៅកីឡដ្ឋាន ​អេ.អ៊ី.យូ. ស្ពតផាក​ ប៉ុន្តែ​គ្រូ​បង្គោល​រូបនេះ​នឹង​កែ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដូចជា​ ឲ្យ​កីឡាករ​បម្រុង​បាន​ចូល​លេង​នៅ​ចុងម៉ោង ​ដើម្បី​ស្រង់​យក​បទពិសោធ និង​ឲ្យ​ក្រុម​ទាំង​មូល​ពង្រឹង​ស្មារតី​រឹងពឹង​នៅ​១៥​នាទី​ចុងក្រោយ ​ដើម្បី​កុំ​ឲ្យ​របូត​គ្រាប់​ និង​លេង​បាល់​ខ្លី​ឲ្យ​ច្រើន​នៅ​តំបន់​ការពារ​ ដើម្បី​រំដោះ​បាល់​ចេញ។

អតីត​គ្រូបង្វឹកថ្នាលយុវជនក្លឹបព្រះខ័នរាជស្វាយ រៀង​ អាយុក្រោម១៩ឆ្នាំខាងលើយល់ថា​ រដូវកាល​នេះ​ក្លឹប​អាស៊ីអឺរ៉ុបយូណាយធីត ​ធ្វើបានល្អជាងឆ្នាំមុនៗ​ ហើយលោក​ក៏បានប្ដេជ្ញាខំ​ប្រឹងប្រែងដឹក​នាំ​ក្រុម​ឲ្យ​ទទួល​បាន​ចំណាត់ថ្នាក់ល្អ។​

គួរបញ្ជាក់ថា ពីររដូវកាលកន្លងមកនេះ ក្លឹបបាល់ ទាត់តំណាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប មិនដែលឈ្នះលើក្រុមរបស់លោក អ៊ុង កងយ៉ានិត នៅឡើយទេ ពោលគឺចាញ់ ៣ និងស្មើ ១៕

រូបភាព៖ ក្លឹបអាស៊ីអឺរ៉ុប

អត្ថបទ៖ អ៊ុំ សុភក្តិ