មកដឹងពីក្បួនតម្រា ដាក់ព្រះភូមិឱ្យត្រូវតាមទិសផ្ទះ ទើបនាំសេចក្ដីសុខដល់គ្រួសារ
- 2021-04-12 10:14:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីក្បួនតម្រា ដាក់ព្រះភូមិឱ្យត្រូវតាមទិសផ្ទះ ទើបនាំសេចក្ដីសុខដល់គ្រួសារ
ចន្លោះមិនឃើញ
ព្រះភូមិ គឺជាទេវតាមួយអង្គដែលនៅចាំមើលថែរក្សាម្ចាស់ផ្ទះ ការដាក់តាំងព្រះភូមិនៅមុខផ្ទះចាំបាច់ត្រូវមានគោលការច្បាស់លាស់ទើបនឹងនាំនូវសិរីសួស្តីមកឲ្យម្ចាស់ផ្ទះ ។
តាមតម្រាហុង ស៊ុយ បានពោលថា ការដាក់តាំងព្រះភូមិត្រូវដាក់នៅទិសអមង្គលរបស់ម្ចាស់ផ្ទះ ឯកម្ពស់វាស់ពីផ្ទៃរាបទៅដល់បាតលើនៃរាន ( កន្លែងដាក់របស់របរថ្វាយទេវតា ) គឺកម្ពស់ស្មើភ្នែករបស់ម្ចាស់ផ្ទះ ។ ចំពោះទិសបែរមុខរបស់ព្រះភូមិបានបញ្ញត្តិទុកថាទិសមង្គលមានតែបីទិសប៉ុណ្ណោះគឺ ទិសខាងបូព៌ា (ទិសខាងកើត) ទិសឥសាន្ត (ខាងកើតឆៀងខាងជើង) និងទិសឧត្តរ ខាងជើងតែប៉ុណ្ណោះ ។
ចំណែកទីតាំងមានដូចខាងក្រោម ៖
១- បើផ្ទះបែរមុខទៅទិសខាងកើត គួរយកសាលព្រះភូមិទុកនៅទិសអាគ្នេយ៍ (ខាងកើតឆៀងខាងត្បូង) បែរមុខសាលព្រះភូមិទៅទិសខាងជើង ។
២- បើផ្ទះបែរមុខទៅទិសខាងលិច គួរយកសាលព្រះភូមិទុកនៅទិសពាយ័ព្យ (ខាងលិចឆៀងខាងជើង) បែរមុខសាលព្រះភូមិទៅទិសខាងជើង ឬទិសខាងកើត ។
៣- បើផ្ទះបែរមុខទៅទិសខាងជើង គួរយកសាលព្រះភូមិទុកនៅទិសពាយ័ព្យ (ខាងលិច ឆៀងខាងជើង) ឬទុកនៅទិសឥសាន្ត (ខាងកើតឆៀងខាងជើង) បែរមុខសាលព្រះភូមិទៅទិសខាងជើង។
៤- បើផ្ទះបែរមុខទៅទិសខាងត្បូង គួរយកសាលព្រះភូមិទុកនៅទិសអាគ្នេយ៍ (ខាងកើតឆៀងខាងត្បូង ) បែរមុខសាលព្រះភូមិទៅទិសខាងជើង ឬទិសខាងកើតក៏បាន ។
៥- បើផ្ទះបែរមុខទៅទិសខាងកើតឆៀងខាងជើង គួរយកសាលព្រះភូមិទុកនៅទិសបូព៌ា (ខាងកើត ) បែរមុខសាលព្រះភូមិទៅទិសខាងជើង ឬយកសាលទុកនៅមុំផ្ទះទិសខាងជើងបែរមុខសាលព្រះភូមិទៅទិសខាងកើតក៏បាន ។
៦- បើផ្ទះបែរមុខទៅទិសខាងលិចឆៀងខាងជើង គួរយកសាលព្រះភូមិទុកនៅទិសឧត្តរ (ខាងជើង) មុំរបស់ផ្ទះ ឬយកសាលទុកនៅមុំផ្ទះទិសខាងលិច បែរមុខសាលព្រះភូមិទៅទិស ខាងជើងដោយត្រង់ ។
៧- បើផ្ទះបែរមុខទៅទិសខាងកើតឆៀងខាងត្បូង គួរយកសាលព្រះភូមិទុកនៅទិសបូព៌ា (ខាងកើត) មុំរបស់ផ្ទះ បែរមុខសាលព្រះភូមិទៅទិសឥសាន្ត ( ខាងកើតឆៀងខាងជើង) ។
៨-បើផ្ទះបែរមុខទៅទិសខាងលិចឆៀងខាងត្បូង យកសាលព្រះភូមិទុកនៅទិសឧត្តរ (ខាងជើង) មុំរបស់ផ្ទះ បែរមុខសាលព្រះភូមិទៅទិសបូព៌(ខាងកើត) ឬទិសឧត្តរ (ខាងជើង) ក៏បាន ៕
ឯកសារយោង ៖ សៀវភៅ ឯកឧត្តម អ៊ឹម បុរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវ វិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ