ឡានក្រុងអគ្គិសនីវៀតណាម អាចដឹកមនុស្ស ៦៨នាក់ សាកម្តងជិះបាន ២៦០គ.ម

  • 2021-04-13 01:50:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនដឹកអ្នកដំណើរ VinBus Transport Service Co. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនធំជាងគេរបស់វៀតណាម Vingroup បានដាក់ដំណើរការសេវាកម្មរថយន្តក្រុងអគ្គិសនីឆ្លាតវៃដំបូងបង្អស់របស់ប្រទេស នៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

នៅក្នុងដំណាក់កាលដំបូងនៃសេវាកម្ម រថយន្តក្រុងនោះនឹងដំណើរការតែនៅក្នុងតំបន់ទីក្រុង Vinhomes Ocean Park ក្នុងសង្កាត់ Gia Lam District ប៉ុណ្ណោះ។ លោក Nguyen Van Thanh អនុប្រធានក្រុមហ៊ុន VinBus បានមានប្រសាសន៍ថា ក្រុមហ៊ុនកំពុងរង់ចាំការបញ្ចប់នីតិវិធីដើម្បីភ្ជាប់បណ្តាញដឹកជញ្ជូនសាធារណៈរបស់ទីក្រុង។

គួរឲ្យដឹងដែរថា រថយន្តក្រុងនោះត្រូវបានផលិត និងដំឡើងដោយក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast នៅរោងចក្ររបស់ខ្លួន ក្នុងទីក្រុង Hai Phong City ចម្ងាយប្រហែល ១២០ គីឡូម៉ែត្រពីទីក្រុងហាណូយ។

រថយន្តក្រុងនីមួយៗបានបំពាក់ដោយប្រព័ន្ធស្វ័យប្រវតិ្ត អាចគ្រប់គ្រងឥរិយាបថបើកបរ និងផ្តល់ការព្រមានអំពីស្ថានភាពគ្មានសុវត្ថិភាព។ រថយន្តក្រុងនោះក៏មានរួមបញ្ចូលទាំង អាសយដ្ឋានសាធារណៈ, WiFi ឥតគិតថ្លៃ, រន្ធសាកថ្មទូរសព្ទ, កាមេរ៉ាសុវត្ថិភាព និងមុខងារផ្សេងៗទៀត។ វាបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ២៨១គីឡូវ៉ាត់ម៉ោង ដែលអាចធ្វើដំណើរចន្លោះពី ២២០ ទៅ ២៦០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ហើយអាចដឹកអ្នកដំណើរបានម្តង ៦៨នាក់។

ក្រុមហ៊ុន VinBus គ្រោងនឹងផលិតរថយន្តក្រុងនេះចំនួនពី ២០០ ទៅ ៣០០ គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយដំណើរការវាលើផ្លូវរថយន្ដក្រុងចំនួន ១៥ កន្លែង នៅក្នុងតំបន់គោលដៅទេសចរណ៍ចំនួន ៣ គឺទីក្រុងហាណូយ, ទីក្រុងហូជីមិញ និងទីក្រុងភូកុក៕

អត្ថបទ៖ សេង ឡុង