ដល់ក! ស៊ីឈ្នួលជម្លៀសមនុស្សមួយក្រុម តាមឡានសាមុយចេញពីកន្លែងផ្ទុះកូវីដនៅភ្នំពេញ ទៅខេត្តមួយនេះ

  • 2021-04-19 01:48:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមព័ត៌មានដែលទទួលបានពីមន្ទីរព័ត៌មានខេត្តរតនគិរីបានឲ្យដឹងថា មានការលួចដឹកមនុស្សចេញពីតំបន់ផ្ទុះកូវីដ១៩ ចូលទៅកាន់ខេត្តរតនគិរី ដោយរថយន្តសង្គ្រោះបន្ទាន់ក្នុងតម្លៃ ៦០០ដុល្លា។

កាលពីវេលាម៉ោង២៣:៣០នាទី យប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរក្រុងបានលុងភ្លាម កម្លាំងក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩នៅចំណុចស្ពានស្រែពកជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ បានឃាត់ ករណីល្មើសបម្រាមឆ្លងកាត់ខេត្តពី (ភ្នំពេញ-រតនគិរី) សរុប០៤នាក់ តាមរថយន្តសាមុយពាក់ស្លាកលេខភ្នំពេញ2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃនៅភ្នំពេញ ដែលមានឈ្មោះដូចខាងក្រោម៖

១- ឈ្មោះ បៀន ពក ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ ។

២- ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។ ហេីយអ្នកទាំង០២នាក់ជាកម្មករមិនមែនជាបុគ្គលិករដ្ឋនៅក្នុងពេទ្យលោកសង្ឃនោះឡេីយ។

៣- ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

៤- ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដូចអ្នកទី៣ ។

យោងតាមរបាយការណ៍ពីក្រុមការងារបានបន្តអោយដឹងទៀតថា រថយន្តសាមុយនេះជាកម្មសិទ្ធឯកជនរបស់លោកគ្រូពេទ្យម្នាក់ ជាបុគ្គលិក ពេទ្យលោកសង្ឃដែលជាអ្នកបញ្ជាស៊ីឈ្នួលដឹកជន០២រូប គឺអ្នកទី៣ និងទី៤ ក្នុងតម្លៃ600ដុល្លារពីពេទ្យលោកសង្ឃមកខេត្តរតនគិរី ហើយអាជ្ញាធរក្រុងបានលុងឃាត់ឲ្យត្រលប់មកកាន់អាជ្ញាធរស្រុកកូនមុំវិញដើម្បីចាត់ការបន្ត។

បច្ចុប្បន្ន អ្នកទី១ និងអ្នកទី២ ត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួនដើម្បីធ្វើចត្តាឡីស័ក និងចាត់ការទៅតាមនិតិវិធីច្បាប់។ ចំពោះជនទី៣ និងទី៤ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កត្រពាំងក្រហមស្រុកកូនមុំដើម្បីធ្វើចត្តាឡីស័កផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះដោយបញ្ជាក់ថា រថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រសួងអនុញ្ញាតអោយដឹកជញ្ជូនតែអ្នកជំងឺ និងអ្នករបួសទៅកាន់មន្ទីរពេទ្យ ឬឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគនៅតាមមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាលប៉ុណ្ណោះ។ ហើយមិនអនុញ្ញាតអោយរថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជនដែលជាអ្នកដំណើរជាដាច់ខាត បើពុំនោះ ក្រសួងនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់៕

អត្ថបទ ៖ មេខាឡា