តាមតម្រាខ្មែរ សង់ផ្ទះថ្មី ត្រូវសង់ក្នុងខែទាំង ៦នេះល្អបំផុត គ្រួសារជួបតែសុខ ចម្រុងចម្រើន
- 2021-04-19 03:38:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមតម្រាខ្មែរ សង់ផ្ទះថ្មី ត្រូវសង់ក្នុងខែទាំង ៦នេះល្អបំផុត គ្រួសារជួបតែសុខ ចម្រុងចម្រើន
ចន្លោះមិនឃើញ
ការរស់នៅក្នុងសង្គមខ្មែរតាំងពីបរមបុរាណមកតែងផ្សារភ្ជាប់ជាមួយនឹងជំនឿ ព្រោះដូនតាខ្មែរជឿថា ការជឿលើអារុក្ខអារក្ខអ្នកតានឹងនាំមកនូវសេចក្ដីសុខ។ ជាក់ស្ដែងជំនឿលើការសង់ផ្ទះ ដូនតាខ្មែរតែងផ្ដាំកូនផ្ដាំចៅឱ្យរើសយកខែថ្ងៃដែលល្អបំផុត ទើបរស់នៅមានសេចក្ដីសុខចម្រើន រកស៊ីមានបាន ត្រជាក់ត្រជំ។ ខែដែលគេតែងជឿថា សង់ផ្ទះហើយនឹងនាំមកនូវសេចក្ដីសុខនោះរួមមាន៖
១.ខែពិសាខ (ចាប់ពីថ្ងៃទី២៦ខែមេសា រហូតដល់ថ្ងៃទី២៥ខែឧសភា) តាំងពីបុរាណកាលមកដូនតាខ្មែរ តែងជ្រើសរើសយកខែនេះដើម្បីសង់ផ្ទះ។ តាមក្បួនតម្រាពីបុរាណសង់ផ្ទះខែនេះ គឺចំថ្ងៃដែលទេវតា ប្រោសប្រទានពរសព្ទសាធុការ សង់ផ្ទះកាលណា មានមាសប្រាក់ចូលមកហូរហែ គ្រឹះផ្ទះប្រពៃមានលាភសំណាងកើតមានដល់គ្រួសារនោះ។
២.ខែភទ្របទ (ចាប់ពីថ្ងៃទី២២ខែសីហា រហូតដល់ថ្ងៃទី២០ខែកញ្ញា) មូលហេតុដែលដូនតាខ្មែរ ជ្រើសរើសខែនេះដើម្បីសង់ផ្ទះ ព្រោះលោកជឿថាខែនេះ ចំខែកាន់បិណ្ឌធ្វើបុណ្យដាក់ទាន មានចិត្តជ្រះថ្លានឹងព្រះពុទ្ធសាសនា ជាឱកាសតបស្នងសងគុណចំពោះឪពុកម្ដាយ។ ដូចនេះហើយបើធ្វើផ្ទះខែនេះនឹងទទួលបាន សិរីសួស្ដី គ្រឹះផ្ទះល្អពេកក្រៃ កម្ចាត់ឧបទ្រពចង្រៃអោយវិនាសខ្ចាត់ខ្ចាយ រស់នៅសុខដុមរមនា។
៣.ខែកត្តិក (ចាប់ពីថ្ងៃទី២០ខែតុលា រហូតដល់ថ្ងៃទី១៨ខែវិច្ឆិកា) ខែកត្តិកធ្លាក់ខ្យល់មិនត្រឹមតែធ្វើឱ្យមានភាពងាយស្រួលក្នុងការសង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែខ្មែរពីបុរាណជឿថាសង់ផ្ទះខែនេះ នឹងនាំមកនូវមហាសុខសួស្ដី មានលាភសំណាងរបររកស៊ីកាក់កប បើជាអ្នកធ្វើការនឹងឡើងប្រាក់ខែ មាសប្រាក់ចូលហូរហែ។
៤.ខែមិគសិរ (ចាប់ពីថ្ងៃទី១៩ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៧ខែធ្នូ) សង់ផ្ទះក្នុងខែនេះទឹកភ្លៀងដាច់គ្រាប់ បង្កភាពងាយស្រួលក្នុងការសង់ផ្ទះ ប៉ុន្តែទំនៀមពីបុរាណកាលមកដូនតាខ្មែរ តែងជឿថា សង់ផ្ទះខែនេះនាគរាជមានបារមីប្រតិស្ឋានក្រោមគ្រឹះផ្ទះ។ បើបានសង់ផ្ទះកាលណា សត្រូវប្រែជាមិត្ត រឿងមិនសប្បាយចិត្តនឹងរលាយសាបសូន្យ កើនយសកើនសក្ដិ។
៥.ខែបុស្ស ( ចាប់ពីថ្ងៃទី១៨ខែធ្នូ រហូតដល់ថ្ងៃទី៣០ក្នុងខែធ្នូ) ខែបុស្សនេះដូនតាខ្មែរគិតថាសង់ផ្ទះល្អបំផុត ធ្វើផ្ទះខែនេះកាលណា នឹងមានកែវកងរតនមាសប្រាក់សព្វគ្រប់ចូលក្នុងផ្ទះ។
៦.ខែផល្គុន (ចាប់ពីថ្ងៃទី២៦ខែកុម្ភៈ រហូតដល់ថ្ងៃទី២៧ខែមីនា) សង់ផ្ទះខែនេះ ទោះធ្វើអ្វីក៏ហុចផល បានផ្លែផ្កា រឿងសៅហ្មងក្នុងចិត្តក៏រលាយបាត់អស់ មានតែរឿងសប្បាយចិត្ត គ្រួសារមាសុភមង្គល៕