ករណីទី១ ម្ដាយស៊ូប្រថុយនាំកូនស្រីរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ឥលូវកំពុងត្រៀមបញ្ជូនទៅតុលាការ

  • 2021-04-20 02:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីវករផ្សារដើមគរ ពីរនាក់ម្តាយកូនត្រូវបានអាជ្ញាធរខណ្ឌជ្រោយចង្វារឃាត់ខ្លួនកាលពីថ្ងៃទី ១៩ មេសា ម្សិលមិញនេះ ព្រោះតែពួកគាត់បានរត់គេចចេញពីកន្លែងចត្តាឡីស័កនៅផ្ទះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខណ្ឌជ្រោយចង្វារ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានសុំគោលការណ៍ពីសាលារាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការបន្តទៀត។ សាលាខណ្ឌជ្រោយចង្វារបានបញ្ជាក់ថា សម្រាប់អាជីវករ២នាក់ម្តាយ និងកូនខាងលើនេះ ត្រូវបានបញ្ជូនទៅធ្វើការចត្តាឡីស័កបន្ត នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។ ពួកគេបានលួចចេញពីផ្ទះ ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ម្ដាយកូនទាំង២នាក់រួមមាន៖

ទី១៖ ឈ្មោះ កុប ម៉ារី អាយុ៦០ឆ្នាំ ជាម្តាយ

ទី២៖ ឈ្មោះ ម៉ក់ រុំរីសា ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាកូន។

ចំពោះករណីនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានស្នើសុំគោលការណ៍អនុញ្ញាតពីរដ្ឋបាលរាជធានី ភ្នំពេញ ធ្វើការឃាត់ខ្លួន និងបានបញ្ជូនបុគ្គលទាំងពីររូបខាងលើ ឱ្យទៅបន្តធ្វើចត្តាឡីស័ក នៅមណ្ឌល ចត្តាឡីស័កព្រែកព្នៅ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយរដ្ឋបាលខណ្ឌនឹងកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ៕

អត្ថបទ ៖ មេខាឡា