SUV ថ្មីតម្លៃត្រឹម ៣ម៉ឺនដុល្លារជាង កាប៊ីនខាងក្នុងធំ ហើយប្រព័ន្ធសុវត្ថិភាព ម៉ាអេម! (វីដេអូ)

  • 2021-05-01 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុនរថយន្ត BYD Cambodia បាននាំយកម៉ូដែល Song Pro ដែលជា SUV ខ្នាតតូចថ្មី មកលក់លើទីផ្សារប្រទេសកម្ពុជា ដោយវាមានការឌីហ្សាញទាក់ទាញ ព្រមទាំងប្រើបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព ទាន់សម័យទៀតផង។

រថយន្ត BYD Song Pro មានបំពាក់ចង្កៀងមុខ LED ឆ្នូតៗ ៣ ដែលអាចភ្លឺក្នុងទីងងឹត ក៏ដូចជាសារ៉េកម្ពស់ពន្លឺវាអូតូតែម្តង។ អ្វីដែលប្លែកហើយក៏ទាក់ទាញចំណាប់អារម្មណ៍បន្ថែមទៀតលើចង្កៀងមុខនោះ គឺត្រង់ឈ្មោះតែម្ដង ដោយវាត្រូវគេហៅថា Dragon Beam LED Matric Headlight។ ចំណែកឯផ្នែកខាងក្រោយវិញ ការឌីហ្សាញស្តុបវាជាប្រភេទ LED មួយផ្ទាំងកាត់គូទក្រោយតែម្ដង បន្ថែមពីហ្នឹងត្រង់ស្តុបក៏មានឆ្នូតៗដែលស៊ីទៅនឹងចង្កៀងខាងមុខ និងមើលទៅកាន់តែស្អាតនៅទីងងឹត។

ក្រឡេកទៅមើលកាប៊ីនខាងក្នុង BYD Song Pro គឺធំទូលាយ ហើយមានបំពាក់កុងទ័រ Digital LCD ទំហំ ៨អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០អ៊ីញ ជាប្រភេទ Touchscreen ដែលអាចឲ្យយើងសារ៉េដាក់ផ្ដេក និងបញ្ឈរបាន ហើយការធ្វើបែបនេះគឺកម្រិតមានណាស់នៅនៅលើរថយន្តផ្សេងទៀត។ បន្ថែមពីនេះ វាក៏មានកម្មវិធី Facebook, TikTok, Map មកជាមួយស្រេច។ រថយន្តនេះក៏មានបំពាក់មុខងារបញ្ឆេះម៉ាស៊ីនពីចង្ងាយផងដែរ។

រថយន្ត BYD Song Pro ប្រើប្រាស់ម៉ាស៊ីនទំហំ ១,៥លីត្រ Turbo មានកម្លាំង ១៥៨សេះ និងកម្លាំងបង្វិល ១៥៨ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រើប៉ុងមួយវិលកង់មុខ។ សម្រាប់ល្បឿនអតិបរមារបស់វាគឺអាចជាន់បាន ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងស៊ីសាំងខ្ទង់ប្រហែល ៧លីត្រ/១០០គីឡូម៉ែត្រ។

បន្ថែមពីនេះ Song Pro ក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជា Electronic Stability Control (ESP), Hill Decent Control (HDC), Hill Start Assist Control (HHC), Brake Override System (BOS), Automatic Emergency Braking Control (AEB), Adaptive Cruise Control (ACC), Blind Area Monitoring System (BSD) និង Land Departure Warning System (LDWS) ផងដែរ។

គួរឲ្យដឹងថា រថយន្ត BYD Song Pro ថ្មីនេះ មានតម្លៃ ៣៤ ៨០០ដុល្លារ នៅលើទីផ្សារប្រទេសកម្ពុជា ហើយមានផ្តល់ជម្រើសពណ៌ដូចជា ស ប្រផេះ និងក្រហម៕

ចង់ដឹងកាន់តែលម្អិតបន្ថែមពីរថយន្ត BYD Song Pro សូមទស្សនាវីដេអូ Review ខាងក្រោម៖

អត្ថបទពេញនិយម