រកឃើញត្នោតមួយដើមគត់ លាក់ខ្លួនក្នុងព្រៃដ៏សែនជ្រៅ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង

  • 2021-05-18 10:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូមិសាស្រ្តខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ទេសភាពធម្មជាតិដ៏ស្រស់បំព្រងនារដូវវស្សា ព្រៃឈើតូចធំគ្រប់ប្រភេទលាស់ត្រួយថ្មី ចេញផ្កាលាយលំនឹងដំណក់ទឹកភ្លៀងនិងសន្សើមផ្កាព្រៃ ជះខ្លិនក្រអូបស្រទន់ គួរជាទីកម្សាន្តលំហែរអារម្មណ៍។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ដើមត្នោតមួយដើម បានលាក់ខ្លួនតែមួយដើមគត់ ក្នុងព្រៃដ៏សែនជ្រៅ តែជារឿងដ៏កម្រនឹងប្រទះឃើញ ក្នុងចំណោមព្រៃឈើផ្សេងៗក្នុងប្រទេសកម្ពុជា ដោយហេតុថា ដើមត្នោតភាគច្រើនគេតែងប្រទះឃើញតែក្នុងតំបន់ខ្ពង់រាប និងតំបន់វាលតែប៉ុណ្ណោះ។

យ៉ាងណាការប្រទះឃើញវត្តមានដើមត្នោតមួយដើមនេះ គឺជាសញ្ញាណល្អមួយសម្រាប់តំបន់ព្រៃឈើរបស់កម្ពុជាយើង ព្រោះថាដើមត្នោតគឺជាប្រភេទដើមឈើប្រើប្រាស់ច្រើនយ៉ាង ដល់ប្រយោជន៍មនុស្សសត្វ។ ពិសេសដើមត្នោតគឺត្រូវបានប្រជាជន ទុកជាអត្តសញ្ញាណមួយរបស់កម្ពុជាផងដែរ ហើយសង្ឃឹមថានឹងមានវត្តមានដើមត្នោតកាន់តែច្រើនក្នុងតំបន់ព្រៃឈើធំៗ។

តំបន់ជួរភ្នំក្រវាញនៅភាគខាងត្បូងប្រទេសកម្ពុជា គឺជាតំបន់ព្រៃទឹកភ្លៀងទ្រង់ទ្រាយដើមធំជាងគេទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានព្រៃមូសុងនិងព្រៃកោងកាងដ៏ក្រាស់ក្នុងទំហំជាង ៨ សែនហិកតា។ វាគឺជាជម្រករបស់ប្រភេទសត្វព្រៃជិតផុតពូជយ៉ាងតិច ៦០ ប្រភេទ ដោយក្នុងនោះរួមមានទាំងដំរីអាស៊ី ក្រពើពូជសៀម ខ្លាឃ្មុំព្រះអាទិត្យ ទោច និងពង្រូល និងសត្វព្រៃផ្សេងៗផងដែរ៕

អត្ថបទដោយ : Su In