ស្រុក​ខ្មែរអ្នក​ណា​មិន​ល្បី​ស្មាត់ «ឡាន់» សេវាមហាទម្ងន់គ្រាន់តែឭក៏ញញើត​ដែរ

  • 2021-05-19 08:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​ឭឈ្មោះស្មាត់ឡាន់ភ្លាម អ្នកតាមដានបាល់ទះក្រៅផ្លូវការជំនាន់លោកគ្រូ សោម ចំណាប់ លោកគ្រូ ចាន់ វិឆាត និង​ស្មាត់បឿនកាល​ពី​ជាង​១០​ឆ្នាំ​មុន​ ច្បាស់ជានឹកឃើញដល់សេវាមហាទម្ងន់របស់លោក​ជាមិនខានឡើយ។

ស្មាត់​ឡាន់

បើតាមការឱ្យ​ដឹងពី Sponsor មួយរូបគឺថាស្មាត់​មានដើមកំណើតមកពីខេត្តតាកែវរូបនេះ មានកម្លាំងដៃធ្ងន់ល្អ​ទាំងការវាយសេវា និងម៉ាត់ផ្ដាច់។

Sponsor សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែលបានប្រាប់ថា ៖«ស្មាត់ឡាន់សមត្ថភាពគាត់ល្អណាស់ និយាយរួមសឺវីសគប់គាត់ បើនិយាយជំនាន់ស្មាត់បឿន ស្មាត់បឿននិងស្មាត់ឡាន់សុទ្ធតែកំពូលសឺវីសគប់ ហើយនិងវ៉ៃធ្ងន់ បើនិយាយពីទម្ងន់បាល់ជំនាន់គ្រូណាប់ហ្នឹង អ្នកវ៉ៃធ្ងន់ជាងគេគឺស្មាត់ឡាន់ហ្នឹងហើយ ជំនាន់ស្មាត់ឡាន់នៅលេងល្អ ទម្ងន់បាល់គាត់កម្រមានអ្នកចូលសូវេណាស់ ចង់និយាយថាជើងក្រោមផុន​ខ្មែរយើង អ្នកដែលសូវេបាល់ល្អៗ លីប័ររ៉ូ កម្រហ៊ានចូលសូវេបាល់ស្មាត់ឡាន់ហ្នឹងណាស់ គាត់វ៉ៃធ្ងន់ណាស់ធ្ងន់យកតែមែនទែន បើលេងតាមភូមិបាល់ជ័រអី គាត់អត់ដែលលេងចប់មួយ​សិតមួយ​សិតទេគឺដូរបាល់ បើមិនប៉ោក៏បែកដែរ!»។

ចំណែកលោក ចាន់ វិឆាត គ្រូជំនួយរបស់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ និងអ្នក​លេងជំនាន់​ស្មាត់ឡាន់ដែរនោះ បានឱ្យ​ដឹងថាស្មាត់ឡាន់មានជំនាញម៉ាត់បាល់ឡុងឆ្ងាយវីឡេ កាងសេវាល្អ និងការពារល្អ ជាពិសេសមានសេវាលោតគប់ធ្ងន់ល្អដូចការ​លើកឡើង​ខាង​លើ​ដែរ។

លោកបានប្រាប់ថា ៖«គាត់បានសឺវីសគប់ សឺវីសគាត់ធ្ងន់ ហើយនិងស្មាត់វ៉ៃបាល់ឆ្ងាយ មិនសូវកៀកវីឡេទេ វ៉ៃបាល់ឡុង។ ការ​ទទួលសេវាក៏គាត់គ្រាន់បើ ហើយនិងបាល់ផ្ដាច់ បើរនាំងបន្ទាប់បន្សំទេរនាំង ហើយជើងក្រោមគាត់ក៏ល្អដែរ»។

លោកគ្រូ ចាន់ វិឆាត (ឆ្វេង)

ចំណែកប្រភពសុំមិនបញ្ចេញឈ្មោះមួយរូបទៀត ដែល​ជា​អ្នក​តាម​ដាន​បាល់​ទះបានបង្ហើបដែរថា បើឱ្យ​ល្អដាច់ស្មាត់ហ៊ុប និង​ទូចអង្គរក្សគឺមិនល្អដាច់ណាស់ទេ ប៉ុន្តែសេវារបស់អតីតកីឡាករធនាគារជាតិរូបនេះល្អ និងមានល្បឿនលឿន។

លោកបានបញ្ជាប់បែបនេះថា ៖«និយាយទៅខ្ញុំអត់ទាន់ពេលគាត់ពេញលេងដែរហ្នឹង ព្រោះគាត់ពេញលេងខ្ទង់២០០៧-២០០៨…ខ្ញុំចាប់ផ្ដើមដើរមើលបាល់តាមតារាងតាទន្លេនៅខ្ទង់២០០៩-២០១០​…អត់សូវឃើញគាត់លេងកាលហ្នឹងនោះ ឃើញម្ដងពីរដង គ្រាន់តែថាតាមខ្ញុំមើលស្មាត់គាត់ហ្នឹងអត់លើគេទេ អត់លើស្មាត់ហ៊ុប អត់​លើ​ទូចអង្គរក្សទេស្មាត់នោះ ប៉ុន្តែសឺវីសគាត់ហ្នឹងល្អមហាទម្ងន់ ហើយអត់សូវខូចទេ មិនបាច់អីទេគ្រាន់តែគាត់ឈរបង្វិលបាល់បោះទៅលើកាប់ហ្នឹងក៏លឿនដែរ មិនបាច់ចាំលោតទេ សឺវីសគាត់ល្បីណាស់ស្រុកខ្មែរល្បីណាស់ ឭតែសឺវីសគាត់មួយៗញញើតគ្រប់គ្នា»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី